ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានស្ត្រីជាអ្នកភូមិម្នាក់បានឮបុរសម្នាក់ស្រែកថា «អញលោតទឹកៗ» លុះពេលគាត់ចេញមកមើលមិនឃើញជនរងគ្រោះ គាត់ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះឲ្យបានដឹង ហើយក្រុមគ្រួសារបានតាមរកជនរងគ្រោះដែរ តែរកមិនឃើញឡើយ រហូតដល់វេលាម៉ោង១០និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញសពជនរងគ្រោះអណ្តែតក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ។
ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះ ពីង អឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ
មានទីលំនៅក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
យោងតាមការបំភ្លឺពីឈ្មោះពីង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ
ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ និងឈ្មោះ អឿន ស្រីនៀត ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ
បានឲ្យដឹងថា ជនរងគ្រោះផឹកស្រាជាប្រចាំ ហើយវង្វេងស្មារតីផងដែរ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២ឈានចូលថ្ងៃទី១៨
ខែតុលា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ភុម ស៊ីម ភេទស្រី អាយុ៣៦ឆ្នាំ
មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា កំពុងតែសំរាកនៅក្នុងផ្ទះ ស្រាប់តែបានឮជនរងគ្រោះស្រែកឡូឡាថា
«អញលោតទឹកៗ» ហើយជនរងគ្រោះក៏លោតទឹកទន្លេបាសាក់តែម្តង ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកស្ត្រីឈ្មោះភុម ស៊ីម ក៏ចេញមកមើលមិនឃើញជនរងគ្រោះ
ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះឲ្យបានដឹង ហើយក្រុមគ្រួសារបានតាមរកជនរងគ្រោះដែរ
តែរកមិនឃើញឡើយ រហូតដល់វេលាម៉ោង១០និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតក្នុងទឹកទន្លេបាសាក់ត្រង់ចំណុចកើតហេតុខាងលើ
រួចបានស្រង់សពយកមកលំនៅដ្ឋាន និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យ
។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុ
ដើម្បីធ្វើការពិនិត្យសព ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
(កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ