ម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ក្រោយ​ចេញ​ទៅ​ដាក់មងចាប់ត្រីនៅវាលស្រែ​


ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ចេញ​ទៅ​ដាក់​មង​យក​ត្រី​នៅ​វាលស្រែ ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ស្រិច​ៗ ហើយ​ក៏​មាន​រន្ទះបាញ់​ត្រូវ​ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក ស្វាយ​ទាប ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ឡាយ សុភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​កសិករ បាន​ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ​ច​ន ធៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ទាំង​ពីរ​បាន​នាំ​គ្នា​ទៅ​ដាក់​មង​យក​ត្រី​នៅ​ចំណុច​វាលស្រែ ក្នុង​ចំណុច​កើតហេតុ​ខាងលើ ។ ស្រប​ពេល​នោះ​មាន​ភ្លៀងរលឹម​ស្រិច​ៗ និង​មាន​ខ្យល់ ស្រាប់តែ​មាន​ផ្គរ​រន្ទះ​ផ្លេកបន្ទោរ​ឆ្វេ​ច​ឆ្វាច​ពេញ​ផ្ទៃមេឃ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ដើរ​ដោះ​ត្រី​ជាប់​មង ស្រាប់តែ​រន្ទះបាញ់​ត្រូវ​បុរស​ម្នាក់ បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​កណ្ដាល​វាលស្រែ​តែ​ម្តង​។

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិរ​ត់ទៅ​ជួយ​សង្គ្រោះ ដោយ​បាន​វះ​ទ្រូង​សត្វ​ទាកាប៉ា​សម្រក់​ឈាម​លើ​ទ្រូង​ជន​រង​គ្រោះ​ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ