ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​! ប្រធានាធិបតី​​ប្រកាសថា ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ស៊ី​លី ៖ ប្រធានាធិបតី​ស៊ី​លី ​លោក ​SEBASTIAN PINERA ​កាលពី​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០១៩ បាន​ប្រកាសថា…

ប្រទេស​ស៊ី​លី ៖ ប្រធានាធិបតី​ស៊ី​លី ​លោក ​SEBASTIAN PINERA ​កាលពី​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០១៩ បាន​ប្រកាសថា ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​នៃ​សង្គ្រាម ក្រោយ​ផ្ទុះ​ការ​បះបោរ​ហិង្សា​យ៉ាង​អាក្រក់​បំផុត ដែល​ប្រទេស​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។ ចំណែក​រដ្ឋាភិបាល​វិញ​បាន​ពង្រីក​ការ​ប្រកា​សភាព​អាសន្ន​។

២​យប់​ជាប់​ៗ​គ្នា​វិធានការ​បំរាម​គោចរ​ត្រូវ​បាន​ដាក់​នៅ​រដ្ឋធានី​សាន់​ត្យា​ហ្គោ រវាង​ពី​ម៉ោង​១៩​ដល់​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​។ ការ​ប្រកាស​អាសន្ន​ក៏​មាន​ជា​ធរមាន​ដែរ ក្នុង​តំបន់​ជា​ច្រើន​ក្នុង​នោះ​មាននៅ​រដ្ឋធានី​ដែល​មាន​ប្រជាជន​៧​លាន​នាក់ ហើយ​នា​យប់​ថ្ងៃ​ទី​២០​តុលា​បាន​ពង្រីក ដល់ទី​ក្រុង​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​ភាគ​ខាងត្បូង​និង​ភាគ​ខាងជើង​ប្រទេស​។

បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធាន​សភា ប្រធាន​ព្រឹទ្ធសភា​និង​ប្រធាន​តុលាការ​កំពូល​លោក​SEBASTIAN PINERA​ថ្លែង​ថា លទ្ធិប្រជាធិបតេយ្យ​មាន​កាតព្វកិច្ច​ត្រូវ​ការពារ​ខ្លួន​។ ចំណែក​ឧត្ដមសេនីយ​JAVIER ITURRIYAGA ដែល​ប្រធានាធិបតី កាលពី​ថ្ងៃ​ទី​១៨​តុលា​ចាត់​ឲ្យ​ទទួល​បន្ទុក​ការពារ​សន្តិសុខ​សាធារណៈ បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ហើយ​កុំ​ចេញ​ក្រៅ​ផ្ទះ​។

ការ​បះបោរ​ដែល​ដើមចម​ថា​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​សំបុត្រ​មេត្រូ​នៅ​ក្នុង​រដ្ឋធានី ក៏​ទោះជា​ប្រធានា​ធិបតី​ប្រកាស​លុប​ចោល​វិញ ក៏​នៅ​បន្ត​ដល់​ថ្ងៃ​ទី​២០​តុលា​។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​រវាង​ពួក​បាតុករ​និង​កងកម្លាំង​ប៉ូលិស នា​រសៀល​ថ្ងៃ​ទី​២០​តុលា​នៅ​កណ្ដាល​ក្រុង​សាន់​ត្យា​ហ្គោ ចំណែក​​​ការ​លុក​ប្លន់​យក​ឥ​វ៉ា​ន់​នានា កើត​មាន​តាម​កន្លែង​ជា​ច្រើន​នៃ​រដ្ឋធានី​។

មនុស្ស​៧​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បះបោរ​នៅ​ស៊ី​លី​។ មនុស្ស​៥​នាក់​ស្លាប់​ក្នុង​ភ្លើង​ដែល​គេ​ដុត​រោង​ចក្រ​កាត់ដេរ​មួ​​យ​ពេល​មានការ​លុក​ចូល​ប្លន់​យក​សម្លៀក​បំពាក់ នៅ​ភាគ​ខាងជើង​រដ្ឋធានី​។

មនុស្ស​២​នាក់​ទៀត​បាន​ស្លាប់​រួច​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១៩​មក​២០​តុលា ក្នុង​ភ្លើង​ដែល​គេ​ដុត​ផ្សារ​ទំនើប​មួយ​ពេល​លុក​ចូល​ប្លន់​យក​របស់របរ ពី​សំណាក់​ពួក​បាតុករ​ខណៈ​មនុស្ស​ម្នាក់​ទៀត​ភ្លើង​ឆេះ​រលាក​ធ្ងន់ធ្ងរ​មិន​សង្ឃឹម​រស់​។

មនុស្ស​២​នាក់​ក៏​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ពេល​ពួក​គេ​លុក​ចូល​ប្លន់​ប្រមូល​យក​ឥ​វ៉ា​ន់​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី​។

ប៉ូលិស​និង​ទាហាន​ជិត​១០.០០០​នាក់់​ត្រូវ​បាន​ដាក់​ពង្រាយ​។ កង​យោធា​បាន​ល្បាត​តាម​ដង​វិ​ថី​នានា ដែល​នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​បញ្ចប់​របប​ផ្ដាច់​ការ របស់​ឧត្ដមសេនីយ​អូ​ហ្គូ​ស្តូ​ពី​ណូ​ជេ​(១៩៧៣-១៩៩០)​មក​។

យោង​តាម​អាជ្ញាធរ​ថា​មនុស្ស​១៤៦២​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​៦៤៤​នាក់​ក្នុង​រដ្ឋធានី​និង​៨៤៨​នាក់​នៅ​កន្លែង​ឯទៀត​ៗ​របស់​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Orietta Retamales G. & Sputnik France &Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ