បើទោះជាអ្នកមានរូបសម្បត្តិស្អាតល្អដូចទេវតាយ៉ាងណាក៏ដោយ តែបើដាច់ខ្យល់ក្លាយជាសាកសពភ្លាមនឹងក្លាយជារបស់គ្មានប្រយោជន៍អ្វីទាំងអស់ ព្រោះមិនអាចបំពេញកិច្ចការងារផ្សេងៗឱ្យជាប្រយោជន៍បាន ។
ដោយហេតុថា សាកសពមិនអាចបំពេញកិច្ចការដូចជា ធ្វើការងារអាជីវកម្ម ការងារសង្គ្រោះអ្នកដទៃ ការធ្វើទាន ការរក្សាសីល ការទូន្មានអប់រំចិត្តសន្ដាន ដោយការស្ដាប់ធម៌ជាដើមគឺរកប្រយោជន៍អ្វីសូម្បីតែបន្តិចបន្តួចក៏មិនបានឡើយ ។
ចំណែកមនុស្សដែលរស់នៅ តែមិនបានប្រើប្រាស់ជីវិតប្រព្រឹត្តធ្វើនូវប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ ដោយផ្ដើមសាងគុណធម៌ប្រចាំចិត្តសន្ដានទេ ពិតជាបានឈ្មោះថា ជាមនុស្សដែលកើតមកដើម្បីចង្អៀតលោកមិនខាន ត្បិតគ្មានបាននាំមកនូវប្រយោជន៍ដល់ពិភពលោកនេះសោះ ព្រោះហេតុដូច្នោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ក្នុងបាទនៃព្រះគាថាធម្មបទយ៉ាងនេះថា ជនគ្រប់រូបមិនគប្បីធ្វើជាមនុស្សគ្រាន់តែចង្អៀតលោកឡើយ ។
ដូចនៅក្នុងភាសិតលោកបានបញ្ជាក់ថា សាកសពអាក្រក់ៗមែនហើយ នៅឡើយគង់ចាញ់ជនទ្រុស្តសីលា ។ សាកសពគេខ្លាចតែព្រៃប៉ាឆា ឯមនុស្សឫស្យាគួរខ្លាចទាំងរាជធានី ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ