រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលមួយរូបរបស់ជប៉ុនដែលមានតូនាទីជាទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្ត្រីជប៉ុន ទទួលបន្ទុកកិច្ចការទូទៅបានបង្ហាញនូវគម្រោងច់ឲ្យការអ្នកវិនិយោគជប៉ុនសហការជាមួយអ្នកវិនិយោគកម្ពុជា មិនត្រឹមតែផលិតសម្រាប់តែការនាំចេញប៉ុណ្ណោះទេ គឺថែមទាំងផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាផងដែរ ដោយបង្កើនទំនុកចិត្ត និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ស្លាកសម្គាល់រួម «ផលិតដោយជប៉ុន-កម្ពុជា នៅក្នុងប្រទេសកម្ពុជា» ។
លោក ARAI Hiroyuki ទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្ត្រីជប៉ុន ទទួលបន្ទុកកិច្ចការទូទៅនៃប្រទេសជប៉ុនក្នុងជំនួបពិភាក្សាការងារជាមួយនឹង លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ កាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នេះបានឲ្យដឹងថារូបលោកផ្ទាល់បានកត់សម្គាល់អំពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន និងបានថ្លែងអំពីគោលបំណងនៃកិច្ចពិភាក្សាការងារនេះ មាន០៣ ដូចជា៖ទី ១. ចង់ឱ្យអ្នកវិនិយោគជប៉ុនសហការជាមួយអ្នកវិនិយោគកម្ពុជា មិនត្រឹមតែផលិតសម្រាប់តែការនាំចេញប៉ុណ្ណោះទេ គឺថែមទាំងផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាផងដែរ ដោយបង្កើនទំនុកចិត្ត និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ស្លាកសម្គាល់រួម «ផលិតដោយជប៉ុន-កម្ពុជា នៅក្នុងប្រទេសកម្ពុជា» ។
ទី ២. បង្កើនកិច្ចសហប្រតិបត្តិការល្អ និងរិះរកវិធីសាស្ត្រការបង្កើនសហគ្រាសធុនតូច-មធ្យម (SMEs) ជប៉ុន និងកម្ពុជា ដោយជួលកម្មករជំនាញកម្ពុជាដែលមានជំនាញ និងបទពិសោធន៍ធ្វើការនៅប្រទេសជប៉ុនស្រាប់ឱ្យមកធ្វើការនៅក្នុងស្រុក ដើម្បី ផលិតហើយលក់ក្នុងស្រុក សំដៅកាត់បន្ថយចំណាយលើការនាំចូល និងទី ៣. ជួយឱ្យកម្ពុជាទទួលបានចំណេះដឹងបន្ថែមពីអ្វីដែលបានសហការគ្នា និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយកម្ពុជា ពិសេសលើការបង្កើតឱ្យមានជំនួបវិនិយោគិន SMEs ជប៉ុន-កម្ពុជា ដោយសារតែទាំងនិយោជិក និងកម្មករជំនាញកម្ពុជាដែលកំពុងធ្វើការតាមបណ្តាក្រុមហ៊ុន/សហគ្រាស នៅប្រទេសជប៉ុនសព្វថ្ងៃចំនួនប្រមាណជា ១២,០០០ នាក់ នឹងក្លាយជាកត្តាមួយជួយជំរុញឱ្យអ្នកវិនិយោគជប៉ុនសម្រេចចិត្តមកបើកសហគ្រាសផលិត និងលក់រួមគ្នានៅកម្ពុជា។
ជាការឆ្លើយតបនឹងបំណងរបស់ភាគីជប៉ុននោះ លោក ប៊ុន ចន្ធី បានសម្តែងការគាំទ្រនូវគំនិតផ្តួចផ្តើមទាំងនេះ ហើយបានសន្យាថានឹងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពីកិច្ចពិភាក្សានេះដើម្បីស្នើសុំអនុសាសន៍ណែនាំពីលោករដ្ឋមន្ត្រី ។ យ៉ាងណាមិញ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា «កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ហើយជប៉ុនជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងការនាំទំនិញមកកម្ពុជា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥៨៨ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨» ។
លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន ជាពិសេសកម្ពុជារំពឹងយ៉ាងមុតមាំថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់កម្ពុជាបន្តទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ