ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ក្នុង​វប្ប​ធម៌​ម្ហូ​ម​អាហារ​របស់​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

មាន​មនុស្ស​ជា​ច្រើន​បាន​បរិភោគ មី ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ប្រាកដ​ថា ពួក​គាត់​បានដឹង​ពី​ប្រវត្តិ​របស់​មីនោះ​ទេ ។ ជា​ការ​ពិត​ណាស់ មី ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាហារ​របស់​ប្រទេស​​ចិន ដែល​បាន​បរិភោគ​ចាប់តាំងពី​ចន្លោះ​ឆ្នាំ ៣០០…

មាន​មនុស្ស​ជា​ច្រើន​បាន​បរិភោគ មី ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ប្រាកដ​ថា ពួក​គាត់​បានដឹង​ពី​ប្រវត្តិ​របស់​មីនោះ​ទេ ។ ជា​ការ​ពិត​ណាស់ មី ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាហារ​របស់​ប្រទេស​​ចិន ដែល​បាន​បរិភោគ​ចាប់តាំងពី​ចន្លោះ​ឆ្នាំ ៣០០ ដល់ ២០០ មុន​គ្រឹះ​សករាជ​មក​ម្ល៉េះ​។

ការ​បរិភោគ មី មិន​ដូច​ជា​ការ​បរិភោគ​អាហារ​ទូទៅ​នោះ​ទេ ។ វា​បាន​ក្លាយជា​និមិត្តរូប និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​វប្បធម៌​ដ៏​យូរអង្វែង​របស់​ប្រជាជន​ចិន ។

ប្រជាជន​ចិន បាន​ចាត់​ទុក មី ជា​អាហារ​ពិសេស​មួយ​ដែល​និយម​បរិ​ភាគ​ក្នុង​ពិធី ឬ​កម្មវិធី​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ពួក​គេ ដូច​ជា​ក្នុង​ពិធី​ខួបកំណើត ដើម្បី​សុំ​ឲ្យ​មាន​អាយុ​យឺនយូរ​វែង​ដូច​សរសៃ​មី និង​បង្ហាញ​ពី​ភាព​សាទរ បួងសួង​សុំ​សេចក្តីសុខ​ពី​កម្មវិធី​ជា​ច្រើន​ទៀត​ដូច​ជា ពិធី​បុណ្យចូលឆ្នាំ ពិធី​មង្គលការ និង​ការ​ឡើង​គេហដ្ឋាន​ថ្មី​ជាដើម ។

មក​ដល់​ពេល​បច្ចុប្បន្ន មី បាន​ក្លាយជា​អាហារ​ដ៏​ពេញ​និយម​មួយ​បែប​សម្រាប់​មនុស្ស​ទូទៅ​ទូ​ទាំង​ពិភពលោក មិន​ចំពោះតែ​ប្រជាជន​ចិន​នោះ​ទេ ។ សណ្ឋាន​នៃ មី ត្រូវ​បាន​ច្នៃ និង​កែ​លម្អ​រូបភាព និង​រសជាតិ​ទៅ​តាម​បរិបទ​នៃ​តំបន់​នីមួយ​ៗ ហើយ​គេ​អាច​ទទួលទាន​បាន​គ្រប់ពេលវេលា​ថែម​ទៀត​ផង ។

យោង​តាម​ប្រភព National Geography បានឱ្យ​ដឹង​ថា មី ដែល​មាន​អាយុកាល ៤០០០ ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន ជា​គំហើញ​ដំបូង​គេ​បង្អស់​ដែល​មិន​មិន​ធ្លាប់​មាន​ក្នុង​ចំណោម​អាហារ​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​ពិភពលោក ។ មី លឿង​សរសៃ​ស្តើង​ដែល​ត្រូវ​បាន​ថែរក្សា​ទុក​ឲ្យ​វែង និង​ស្រស់​ស្អាត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខាងក្នុង​ចាន​បិទ​ជិត​មួយ​កន្លែង​នៅ​ឯ​តំបន់​បុរាណវិទ្យា Lajia ភាគ​ពាយព្យ​ប្រទេស​ចិន ។ ចាន​នោះ​ត្រូវ​បាន​កប់​ក្រោម​ដី​ដែល​មាន​ជម្រៅ ៣ ម៉ែត្រ ។

អាស្រ័យ​តាម​ការ​រក​ឃើញ​នេះ លោក Houyuan Lu នៃ​វិទ្យាស្ថាន Geology និង Geophysics នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៃ​ប្រទេស​ចិន​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា​៖ «​នេះ​គឺជា​ភស្ដុ​តាង​ជាក់ស្តែង​ដំបូង​បំផុត​នៃ​ការ​រក​ឃើញ​មី​» ។

ក្នុង​ការ​ផលិត មី អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ថា មី ត្រូវ​បាន​ផលិត​ចេញពី​ស្រូវ Millet ២ ប្រភេទ ដែល​ជា​គ្រាប់​ធញ្ញជាតិ​របស់​ជនជាតិ​ចិន និង​បាន​ដាំ​ដុះ​យ៉ាង​ទូលំទូលាយ​នៅ​ទីនោះ​កាលពី ៧០០០ ឆ្នាំ​មុន ។ ដោយឡែក មី នៅ​ភាគ​ខាងជើង​អា​មេ​រិ​ក និង​អឺរ៉ុប ជា​ធម្មតា​ធ្វើ​ពី​ស្រូវ​សាលី ។

បុរាណ​វិទូ លោក Patrick McGovern នៅ​ឯ​សារមន្ទីរ​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ Pennsylvania នៃ​ទីក្រុង Philadelphia បាន​និយាយ​ថា ប្រសិនបើ​កាលបរិច្ឆេទ​សម្រាប់​មី​កញ្ចប់​ត្រឹមត្រូវ នោះ​ការ​រក​ឃើញ​ពិតជា​អស្ចារ្យ​មែន ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ការ​កែ​ច្នៃ​ម្ហូបអាហារ និង​ភាព​ទំនើប​នៃ​ការ​ធ្វើ​ម្ហូប​» ។

មី ជា​អាហារ​ចំបង​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ពិភពលោក​យ៉ាងតិច ២០០០ ឆ្នាំ ទោះបីជា Pasta ដ៏​ទំនើប​ត្រូវ​បាន​បង្កើត​ដំបូង​ដោយ​ជនជាតិ​ចិន​-​អ៊ី​តា​លី ឬ​អា​រ៉ាប់​ក៏​ដោយ ។

លោក Gary Crawford អ្នកជំនាញ​ខាង​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​តូ​រ៉ុ​ន​តូ​នៅ Mississauga ប្រទេស​កា​ណា​ដា បាន​និយាយ​ថា ការ​រក​ឃើញ មី ដែល​មាន​អាយុកាល ៤០០០ ឆ្នាំ​នៅ​ប្រទេស​ចិន មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ។ លោក​បាន​និយាយ​ថា «​វា​សម​នឹង​អ្វី​ដែល​យើង​បានដឹង​ជា​ទូទៅ​ថា មី មាន​ប្រវត្តិ​យូរ និង​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​» ។

បើ​តាម​ប្រភព The Atlantic បាន​ឲ្យ​ដឹង​ថា នាង Jen Lin-Liu ជា​អ្នកនិពន្ធ​របស់ New York Times នៅ​ទីក្រុង​ប៉េ​កាំ​ង ដែល​បាន​សរសេរ​រៀបរាប់​អំពី​រសជាតិ ដើម​កំណើត និង​ការ​ទាក់ទាញ​របស់​មី​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ស្រាវជ្រាវ​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន និង​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី បាន​បញ្ជាក់​ថា ទាំង​ជនជាតិ​ចិន និង​ជនជាតិ​អ៊ី​តា​លី បាន​អះអាង​ថា ពួក​គេ​ជា​អ្នក​បង្កើត មី ។

អាស្រ័យ​តាម​ការ​សរសេរ​របស់​អ្នកនិពន្ធ​ម្នាក់​នេះ ការ​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​បំផុត​នៃ មី អាច​រក​ឃើញ​មាននៅ​ក្នុង​វចនានុក្រម​ពី​សតវត្សរ៍​ទី ៣ នៅ​ប្រទេស​ចិន ។ មី ចិន ដំបូង​បង្អស់​ត្រូវ​បាន​គេ​ធ្វើ​ជា​បំណែក​តូច​ៗ​បង្កើត​ឡើង​ពី​នំប៉័ង Dough ដែល​គេ​ហៅ​ថា mian pian ហើយ​ត្រូវ​បាន​គេ​បរិភោគ​នៅ​ក្នុង​ប្រទេស​ចិន​មក​ដល់​ពេល​បច្ចុប្បន្ន ។

នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដែល​នាង​បាន​រក​ឃើញ ហើយ មី នៅ​ក្នុង​ប្រទេស​ចិន​ពិតជា​បាន​ចាប់ផ្តើម​ជាមួយនឹង​ប្រពៃណី​នំប៉័ង​របស់​ខ្លួន ដែល មី ប្រភេទ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​បរិភោគ​យ៉ាង​ទូលំទូលាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ