ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​គ្រួសារ​នៅ​ភូមិ​មួយ​ក្នុងស្រុក​បាទី ប្រកប​របរ​ជួល​មេរុ​បូជាសព

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ អ្នក​ភូមិ​បឹង​លាជ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ជា​ច្រើន​គ្រួសារ​ចាប់​យកមុខ​របរ​ធ្វើ​មេន ​(​មេរុ​) ដោយ​មិន​ខ្វល់​ថា​វា​អាច​ប៉ះ​ដល់​សុខភាព​នោះ​ទេ ។…

ខេត្តតាកែវ ៖ អ្នក​ភូមិ​បឹង​លាជ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ជា​ច្រើន​គ្រួសារ​ចាប់​យកមុខ​របរ​ធ្វើ​មេន ​(​មេរុ​) ដោយ​មិន​ខ្វល់​ថា​វា​អាច​ប៉ះ​ដល់​សុខភាព​នោះ​ទេ ។

បើ​ធ្វើ​ដំណើរ​ពី​ទីរួមស្រុក​បាទី​ឆ្ពោះទៅ​ដល់​ផ្សារ​ចំបក់ ស្ថិត​ក្នុង​ឃុំ​ចំបក់ ចម្ងាយ​ប្រហែលជា​១០​គីឡូម៉ែត្រ ហួស​ផ្សារ​បន្តិច​រួច​បត់​ទៅ​ខាងឆ្វេង​ដៃ​ឆ្ពោះទៅ​ភូមិ​បឹង​លាជ តាម​ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះ​ទៅ​ទិស​ជើង​ប្រហែល​២​គីឡូម៉ែត្រ នឹង​ឃើញ​នៅ​អម​សងខាង​ផ្លូវ​មាន​រថយន្ត​កូ​រ៉​មួយ​តោន​កន្លះ និង​ពីរ​តោន​កន្លះ​មួយ​គ្រឿង​ចត​ទុក​នៅ​មុខ​ផ្ទះ ហើយ​នៅ​លើ​រថយន្ត​មាន​ដាក់​ប្រដាប់ប្រដារ​រៀបចំ​ដំឡើង​មេរុ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​លោក​គង់ ហៃ អាយុ​៤៥​ឆ្នាំ ឲ្យ​ដឹង​ថា​មុខរបរ​ជួល​មេរុ​មិន​ខុស​ពី​អាចារ្យ​ភ្លុក​ទេ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​ក្នុងភូមិ​មាន​ប្រហែលជា​៥០​ទៅ​៦០​គ្រួសារ​។ ទម្លាប់​នៃ​ការ​បូជាសព​ពី​មុន​មក គឺ​កាប់​ដី​ដាក់​ដើម​ចេក ពេល​ខ្លះ​កាប់​ដើម​ត្នោត​ធ្វើ​ចង្អើរ​តម្កល់សព រួច​បូជា ។ ក្រោយមក​ទៀត ចាស់​ៗ​ច្នៃ​ចេញ​ជា​មេរុ​បាន​មួយ​ដើម្បី​ជួល​ដាក់​សព​បូជា​ក្នុងភូមិ ខណៈ​វត្ត​ខ្លះ​មិន​មាន​ឈាបនដ្ឋាន​សម្រាប់​បូជាសព​ទេ ។

លោក​គង់ ហៃ ចាប់​យកមុខ​របរ​ជួល​មេរុ​ជាង​១០​ឆ្នាំ​មក​ហើយ តម្លៃ​វា​ទៅ​តាម​ជិត​ឆ្ងាយ​។ បើ​នៅ​ក្នុង​ភូមិ​តម្លៃ​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល បើ​នៅ​ឆ្ងាយ​ដូច​ជា​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង តម្លៃ​២​ទៅ​៣​លាន​រៀល ។ ក្នុង​មួយ​ខែ​មាន​គេ​ជួល​១០​ទៅ​១៥​លើក ។ កាត់ថ្លៃ​កម្មករ និង​ចាយវាយ ផ្សេង​ៗ​មួយ​ខែ​សល់​ប្រមាណ​៥០០​ដុល្លារ ។

លោក​គង់ ហៃ ឲ្យ​ដឹង​ថា ប្រើ​ពេល​ពី​បី​ទៅ​ប្រាំ​ម៉ោង​ទើប​រំលាយសព​អស់ តែ​មាន​សព​ខ្លះ​ចំណាយ​ពេល​បូជា​តាំងពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៧​យប់​ក៏​មាន​ដែរ ។ ភារកិច្ច​របស់​ក្រុម​ជួល​មេរុ គឺ​រៀបចំ​មេរុ​តម្កល់សព និង​បូជា ។ សាច់ញាតិ​សព និង​តា​អាចារ្យ​ជា​អ្នក​រៀប​សព​ដាក់​ក្នុង​មឈូស ហើយ​ដង្ហែ​ដាក់​លើ​មេរុ ។ លោក​គង់ ហៃ និយាយ​ថា​«​មុខរបរ​បូជាសព​នេះ​ចេះ​តែ​ព្រួយបារម្ភ​ទៅ​ថ្ងៃក្រោយ​វា​អាច​ប៉ះពាល់​សុខភាព​របស់ខ្ញុំ តែ​ធ្វើ​ម្តេច​បើ​គ្មាន​មុខរបរ​អ្វី​ផ្សេង​ពី​ហ្នឹង »​។

ដោយឡែក​លោក​សុង ហាន អាយុ​៣៤​ឆ្នាំ ខណៈ​កំពុង​រៀបចំ​ដំឡើង​មេរុ​នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ និង​ជា​ម្ចាស់​មេរុ​ឲ្យ​ដឹង​ថា​៖ ពី​មុន​លោក​ជា​កម្មករ​ដំឡើង​មេរុ​ឲ្យ​គេ តែ​ក្រោយមក​បែកគំនិត​ខ្ចីប្រាក់​ធនាគារ​យក​ទិញ​សម្ភារ​មេរុ មាន​ម៉ា​ស៊ីន​ភ្លើង ព្រមទាំង​រថយន្ត​សម្រាប់​ដឹក សរុប​ចំណាយ​ទុន​ជាង​មួយ​ម៉ឺន​ដុល្លារ ។ ក្នុង​មួយ​ខែ​រៀប​លោក​មេរុ​បាន​ជាង​១០​រោង ហើយ​កាត់​ទៅ​លើ​កម្មករ និង​ចំណាយ​ផ្សេង​ៗ​សល់​បាន​ពី​៣​រយ​ទៅ​៤​រយ​ដុល្លារ ។

ការ​បូជាសព​វា​អាច​ប៉ះពាល់​ដល់​សុខភាព​នៅ​ថ្ងៃ​ណាមួយ​នោះ​លោក​សុង ហាន មិន​ខ្វល់​ទេ សំខាន់​​ខំ​រក​ប្រាក់​យក​ទៅ​សង​ធនាគារ​ប្រចាំខែ ។ ដូច្នេះ​ហើយ​ពេល​មាន​អតិថិជន​មក​ជួល​មេរុ ​គឺ​លោក​ចាប់​យក​ឲ្យ​បាន ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ ជាក់ស្តែង​គេ​ជួល​នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ នេះ តម្លៃ​តែ​៨០​ម៉ឺ​ន​រៀល​ប៉ុណ្ណោះ ទោះបី​ដេក​ផ្លូវ​មួយ​យប់ ឬ​ពីរ​យប់​ក្តី ។

ទាក់ទិន​អ្នក​ភូមិ​បឹង​លាជ​ចាប់​មុខរបរ​ជួល​មេរុ មន្ត្រី​សាលាឃុំ និង​ភូមិ និយាយ​ស្រ​ដៀង​គ្នា​ថា មិន​មែន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិន​មាន​ដីស្រែ​ធ្វើ​ទេ តែ​គឺជា​មុខរបរ​រួម​ផ្សំ​ជួយ​បន្ថែម​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ ។ «​វា​លំបាក​ណាស់ សម័យនេះ​ឲ្យ​តែ​ឃើញ​គ្រួសារ​ណា​ប្រកប​មុខរបរ​ណាមួយ​មានការ​រីក​ចម្រើន ក៏​ធ្វើ​តាម​ទៅ ជាក់ស្ដែង​មុខរបរ​ជួល​មេរុ​នេះឯង »​។

លោកតា​ឃួ​ន អាចារ្យវត្ត​ស្រី​ប្រសិទ្ធិ ស្ថិត​ក្នុង​ឃុំ​ខ្វាវ ស្រុក​ទ្រាំង មាន​ប្រសាសន៍​ថា​« មេរុ​ដុត​ខ្មោច ឬ​ប​ច្ឆា​ដុត​ខ្មោច​ដែល​ទើបតែនឹង​សាង​រួច​ស្រេច ថ្មី​ៗ​នេះ ជា​ជំនឿ​ជឿ ត​ៗ​គ្នា​ពី​បុរាណកាល គ្រា​ដែល​បាន​សាង​មេរុ​ដុត​ខ្មោច​រួច​ស្រេច​អស់ហើយ​ត្រូវ​តែ​មានការ​ចាត់ចែង​ពិធីបុណ្យ​ឆ្លង​មេរុ​ដុត​ខ្មោច​ជាបឋម​មុន​ដំបូង​បង្អស់ លោក​ឧបកិច្ច​ឲ្យ​យក​ដើម​ចេក​មក​ធ្វើ​ជា​សាកសព​ដាក់​ក្នុង​ក្តារ​មឈូស ហើយ​ដង្ហែ​តាម​ក្បួន រួច​ដុត​បូជា​ចោល​ទៅ ។ តាម​ជំនឿ ត​ៗ​គ្នា​ថា ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ​ទេ​នឹង​កើតហេតុ​ការណ៍​មិនល្អ​ដល់​អ្នកស្រុក​ជិតខាង វា​អាច​កើតហេតុ​ឧបទ្រពចង្រៃ​ធ្វើ​ឲ្យ​មាន​អ្នក​ឈឺ​ស្លាប់​ច្រើន​គ្នា តែ​នេះ​គ្រាន់​ជា​ជំនឿ​តែ​ប៉ុណ្ណោះ»។

លោកតា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្តា​វត្ត​មួយ​ចំ​នួ​មិន​មាន​ឈាបនដ្ឋាន​ទេ ជាក់ស្តែង​វត្ត​នៅ​ក្នុងស្រុក​ទ្រាំង​តែ​ម្តង ។ បើ​គ្រួសារ​សព​មាន​ជីវភាព​ធូរធារ​គេ​ជួល​មេន តែបើ​គ្រួសារ​ខ្សត់​ខ្សោយ គឺ​អ្នក​ភូមិ រួម​ទាំង​អាចារ្យ​នាំ​គ្នា​កាប់​រណ្តៅ​ដី​ដាក់​ដើម​ចេក​តម្កល់សព​បូជា​នៅ​ខាងក្រោយ​ផ្ទះ ឬ​នៅ​លើ​ដី​ទំនេរ​ណាមួយ ។ លោកតា​ឃួ​ន បញ្ជាក់​ថា ពិធី​បូជាសព​តាម​ប្រពៃណី​ខ្មែរ​មិន​មាន​ឆុង​ខែ​ឆ្នាំ​ដូច​ជនជាតិ​ចិន​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ