សម្តេច​តេ​ជោ ៖ ខិតខំ​គ្រប់​លទ្ធភាព​ក្លាយជា​សមាជិក​អាស៊ាន​ជា​ពិសេស​បាន​បើក​ស្ថានទូត


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ខិតខំ​គ្រប់​លទ្ធភាព​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន ជា​ពិសេស​បាន​បើក​ស្ថានទូត ។ ការ​អះអាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា​នេះ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២០ តុលា​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​របស់​លោក​ចូ​កូ វី​ដូ​ដូ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​លោក​ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​នោះ​លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ។

លោក​ប្រធានាធិបតី​ក៏​បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជំរុញ​កិច្ចសហការ​ទ្វេភាគី​ដ៏​រឹង​មាំ​រវាង​ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញសម្តេច និង​គណៈប្រតិភូ​ចូលរួម​ក្នុង​ពិធី ហើយ​សម្តេច​ពិតជា​រីករាយ​ក្នុង​ការ​ចូលរួម​ពិធី​ដ៏​សែន​មាន​អត្ថន័យ​មួយ​នេះ ។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​នាំ​យក​នូវ​ព្រះរាជ​បន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​ជូន​ឯកឧត្តម​ប្រធានាធិបតី​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​នេះ​ឯកឧត្តម​ប្រធានាធិបតី​នឹង​រក​ពេលវេលា​សម​ស្រប​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ខណៈ​ដែល​អតីត​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៤​រូប មក​ហើយ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។ នៅ​ក្នុង​ជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ពី​បញ្ហា​របស់​ទី​ម័​រដែ​ល​ចង់​ក្លាយជា​សមាជិក​អាស៊ាន​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ក្តី​សង្ឃឹមថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ពី​ការ​ចង់​ក្លាយជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទី​ក្រុង​បាងកក នៅ​ចុងឆ្នាំ​នេះ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ប្រទេស​ទី​ម័​រ​ខាងកើត​បាន​ខិតខំ​គ្រប់​លទ្ធភាព ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន ជា​ពិសេស​បាន​បើក​ស្ថានទូត​នៅ​ប្រទេស​ទាំង​១០​នៃ​សមាជិក​អាស៊ាន ។ សម្តេច​តេ​ជោ​សង្ឃឹមថា ឯកឧត្តម​ប្រធានាធិបតី​នឹង​គាំទ្រ​ប្រទេស​ទី​ម័​រ​ជា​សមាជិក​របស់​អាស៊ាន​។ លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​អនុញ្ញាត​ឱ្យ​ទី​ម័​រ​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន ហើយ​ឥណ្ឌូ​នេ​ស៊ី​គាំទ្រ​ប្រទេស​ទី​ម័​រ​។

លោក​ប្រធានាធិបតី​បាន​លើក​ឡើង​ថា ជា​រឿង​ដ៏​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ទី​ម័​រ​ក្លាយជា​សមាជិក​អាស៊ាន ។ សម្រាប់​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​វិញ ឯកឧត្តម​ប្រធានាធិបតី​បាន​មើលឃើញ​មានការ​វិវឌ្ឍន៍​យ៉ាង​ល្អ​ប្រសើរ ។ ដូច​ជា វិស័យ​សុខាភិបាល​ប្រទេស​ទាំង​ពីរ​មានការ​វិនិយោគ​រួម​គ្នា ហើយ​វិស័យ​ដឹក​ជញ្ជូន​វិញ​ប្រទេស​ទាំង​ពីរ​មានការ​ហោះហើរ​ត្រង់​ជាមួយ​គ្នា​ផង​ដែរ ។ ប៉ុន្តែ​ឯកឧត្តម​មើលឃើញ​ថា នៅ​មាន​វិស័យ​ជា​ច្រើន​ទៀត​ដែល​មាន​សក្តានុពល​ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ដូច​ជា ការ​ដឹក​ជញ្ជូន​ផ្លូវដែក និង​តាម​ផ្លូវទឹក​ជាដើម ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែតុលា​នេះ ឯកឧត្តម​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូ​នេ​ស៊ី សម្រាប់​អាណត្តិ​ទី​២ របស់​លោក​ពី​ឆ្នាំ​២០១៩ ដល់ ២០២៤ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ឆ្នោត​កាលពី​ខែមេសា កន្លង​ទៅ​នេះ ។ ពិធី​ចូល​កាន់​តំណែង​របស់​ឯកឧត្តម​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ទៀត ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ