ពលរដ្ឋ​សាទរ​ចំពោះ​ការ​រៀបចំ​សួនច្បារ​ថ្មី និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត


ខេត្តសៀមរាប ៖ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​បាន​ចាប់ផ្តើម​កែប្រែ​មុខមាត់​ថ្មី​បន្ទាប់​ពី​សួនច្បារ​ថ្មី​បាន និង​កំពុង​រៀបចំ​ជា​បន្តបន្ទាប់ ។ ប្រជាពលរដ្ឋ ពិសេស​អ្នក​ទទួលផល​ពី​វិស័យ​ទេសចរណ៍​បាន​អបអរសាទរ​ចំពោះ​សមិទ្ធិ​ផល​នេះ ហើយ​ថា ពួក​គេ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​បន្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក រ៉ែ​ល អ្នក​បើករថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​បាន​និយាយ​ថា មុខ​ប្រាសាទអង្គរវត្ត​មានការ​ផ្លាស់​ប្ដូរ​ច្រើន​នា​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​ក្រោយ​វត្តមាន​សួនច្បារ​បាន​កើតឡើង ។ កំពុង​អង្គុយ​ក្រោម​ម្លប់ឈើ​លើ​សួនច្បារ​ថ្មី​ដែល​មាន​ភាព​បៃតង​លោក រ៉ែ​ល បាន​នឹក​ទៅ​អតីត​កាលដែល​ទីធ្លា​នេះ​ជា​ចំណតរថយន្ត និង​មាន​បរិស្ថាន​មិនសូវ​ស្អាត​ស័ក្ដិ​សមជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ឡើយ ។

ក្រោយ​រៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​តូច​ធំ​ជា​ច្រើន​ហើយ​នោះ​អ្នក​បើករថយន្ត​រូប​នេះ​យល់​ថា គួរតែ​មានការ​រៀបចំ​បន្ត​ទៀត ដើម្បី​ឱ្យ​បរិស្ថាន​ជុំវិញ​មាន​ភាព​ស្រស់ បំព្រង និង​ជាទី​ទាក់ទាញ​ដល់​ទេសចរ​ទូទៅ ។

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក រ៉ែ​ល រំលង ប្រមាណ​២០​ម៉ែត្រ​ទីនោះ គឺ​លោក ហូ ដែល​កំពុង​រង់ចាំ​ភ្ញៀវ​នៅ​លើ​រ៉ឺ​ម៉ក​កង់​បី ។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​លោក ហូ ប្រាប់​ថា គាំទ្រ​ចំពោះ​ការ​រៀបចំ​បរិស្ថាន​មុខ​អង្គរ ដើម្បី​បង្កើន​សោភ័ណ​ភាព​ដល់​ប្រាសាទ​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​មួយ​នេះ ។ ជាមួយ​គ្នា​នោះ​លោក ហូ ក៏​ចង់ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ការ​រៀបចំ​ជា​បន្ត​ទៀត​ក្នុង​នោះ​ក្រៅពី​រៀបចំ​ដាំ​ស្មៅ​លោក​ក៏​ចង់ឱ្យ​គិតគូរ​ពី​បញ្ហា​ដី​ហ៊ុយ​តាម​ផ្លូវ​មុខ​អង្គរវត្ត​រហូត​ដល់​ស្ពាន​ហាល​ផង​ដែរ ត្បិត​ថា ស្ថានភាព​សព្វថ្ងៃ​បង្ក​ផល​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង ។

ជាង​ថតរូប​ម្នាក់​ដែល​នៅ​មុខ​ប្រាសាទអង្គរវត្ត​ក៏​មិន​ជំទាស់ ចំពោះ​ការ​រៀបចំ​ខាងលើ​នេះ​ដែរ ។ លោក​មាន​សុទិដ្ឋិនិយម​ថា ការ​អភិវឌ្ឍ​ទាំងនេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នៅ​តំបន់​មុខ​ប្រាសាទអង្គរវត្ត​នា​ថ្ងៃ​អនាគត​យ៉ាង​ពិតប្រាកដ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ