ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ព័ត៌មាន​រសើប​… រឿង​ចាប់​ឈើ​ប្រណីត​​ជាង​១០០​ដុំ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មានការ​លើក​ឡើង​ចំពោះ​ករណី​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចុះ​បង្ក្រាប​ឈើ​ប្រណីត​បាន​ជាង​១០០​ដុំ​។ តែ​ប្រភព​ពី​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​និយាយ​បង្ហើប​តាម​ហាង​កាហ្វេ គុយទាវ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ថា ឈើ​ទាំង​អស់នោះ​មាន​រហូត​ដល់​ទៅ​ជាង​៣០០​ដុំ​ឯណោះ…

ខេត្ត​ប៉ៃលិន ៖ មានការ​លើក​ឡើង​ចំពោះ​ករណី​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចុះ​បង្ក្រាប​ឈើ​ប្រណីត​បាន​ជាង​១០០​ដុំ​។ តែ​ប្រភព​ពី​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​និយាយ​បង្ហើប​តាម​ហាង​កាហ្វេ គុយទាវ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ថា ឈើ​ទាំង​អស់នោះ​មាន​រហូត​ដល់​ទៅ​ជាង​៣០០​ដុំ​ឯណោះ ហើយ​ការ​ចាប់​នេះ ស្ថិត​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ចំពោះ​ការ​បង្ក្រាប​ចាប់​ឈើ​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់លៀម មិន​ឲ្យ​បែកធ្លាយ​ចេញ​នូវ​ព័ត៌មាន​នៃ​ការ​បង្ក្រាប​ឈើ​ប្រណីត​មក​ខាងក្រៅ​នោះ​ឡើយ ដោយ​មិនដឹង​ថា មានរឿង​អ្វី​នៅ​ពីក្រោយ​ករណី​ការ​ចាប់​ឈើ​ប្រណីត​នោះ​ទេ ហើយ​កន្លង​មក​ខាង​សមត្ថកិច្ច​ក៏​មិន​ដែល​ឃាត់​បាន​ម្ចាស់ ឬ​អ្នក​ទទួលខុសត្រូវ​ទៅ​លើ​បទល្មើស​ឈើ​ប្រណីត​នោះ​ដែរ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​លួច​បញ្ចេញ​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​ដឹង​ថា កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ ក្រុម​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​រកស៊ី​ឈើ​ខុសច្បាប់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ដោយ​​មានការ​អនុញ្ញាត​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្ស៊ី ស្នងការ​ស្តីទី (​ដោយ​មានការ​ឯកភាព​ពី​លោកស្នងការ​)​។

ប្រភព​បន្ត​ថា លោក​វរសេនីយ៍ឯក ម៉ែ រិ​ទ្ធី ស្នងការ​រង ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច បាន​ដឹកនាំ​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក​ម្លាំ​នគរបាល​ប្រចាំការ​នៅ​ទីស្នាក់ការ​ព្រំដែន និង​កម្លាំង​ប៉ុស្ដិ៍​នគរ​បាល​ការពារ​ព្រំដែន​គោក​អូរ​ឈើ​ក្រំ នៃ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៨២១ ចុះ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខុសច្បាប់​ពី​ព្រំដែន​ថៃ​មក​កម្ពុជា នៅ​ចំណុច​ដីចំការ​របស់​ឈ្មោះ តឹក វណ្ណ​ឌី ហៅ​ថា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​លទ្ធផល​បង្ក្រាប​បាន​រួម​មាន ៖ ទី​១-​ឈើ​ចំនួន​១០៥​ដុំ (​មិន​ទាន់​ញែក​ប្រភេទ និង​ថ្លឹង​នៅឡើយ​) ទី​២- ទូរស័ព្ទ​ចំនួន​០២​គ្រឿង ទី​៣- សោ​ឡាន ចំនួន​០២ និង​ទី​៤- ម៉ូតូ​ចំនួន​០១​គ្រឿង​។ ចំពោះ​វត្ថុ​តាង​ខាងលើ ដោយ​មានការ​ឯកភាព​ពី​លោក តូច សុភ​ក្ដី ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

បើ​តាម​សម្តី​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដោយ​ខាង​លោក​អត់​ដឹង​រឿង​នោះ​ទេ តាម​ការ​សង្កេត​មើល នេះ​ជា​លើក​ទី​៥​ហើយ ដែល​គេ​មិន​ឱ្យ​ខាង​មន្ទីរ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹង ក៏​មិន​ទាន់​ឃើញ​គេ​បញ្ជូន​ឈើ​មក​ខាង​លោក ដើម្បី​ពិនិត្យ​ដែរ ពោល​គឺ​រំលង​រហូត​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ម៉ែ រី​ទ្ធី ស្នងការ​រង ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា ខាង​លោក​កំពុង​រៀបចំ​សំណុំរឿង ហើយ​រង់ចាំ​លោកស្នងការ​ត្រឡប់​មក​ពី​បំពេញភារកិច្ច​វិញ នឹង​បញ្ជូន​ឈើ​ខាងលើ​។ លោក​បន្ត​ទៀត​ថា ចំពោះ​ព័ត៌មាន​ថា ខាង​សមត្ថ​កិច្ច​ចាប់​ឈើប្រណិត​រហូត​ដល់​ជាង​៣០០​ដុំ​នោះ​ជា​រឿង​ភូត​កុហក​បោកប្រាស់​ទេ ពោល​គឺ​មិន​ពិត​នោះ​ឡើយ ព្រោះ​ការ​បង្ក្រាប​នេះ មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​ជា​ច្រើន​ស្ថាប័ន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ