ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ពីរនាក់បងប្អូនដើររើសខ្យងនៅមាត់ស្រះទឹកក៏រអិលជើងដោយខ្លួនឯង ធ្លាក់ចូលលង់ស្លាប់ យ៉ាងអាណោចអាធ័មបំផុត ។ ហេតុការណ៍ក្មេងពីរនាក់លង់ទឹកស្លាប់នោះ បានកើតឡើងនៅវេលាម៉ោងប្រហែល០០និង៤២នាទីថ្ងៃទី១៩ ខែតុលានេះ ថ្ងៃត្រង់ នៅចំណុចទឹកស្រះ ខាងត្បូងសាលាឃុំឯកភាព ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភា ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះទី១ -ឈ្មោះ ផេត ចិត្ត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។ ទី២- ឈ្មោះ ផេត យុត ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ជាសិស្ស មានទីលំនៅភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពបន្តតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ក្មេងៗទាំងពីរនាក់បងប្អូនបាននាំគ្នាដើររើសខ្យងតាមមាត់ស្រះ ក្នុងខណៈនោះក្មេងតូចជាប្អូនបានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះមុន ហើយក្មេងរងគ្រោះជាបងឃើញដូចនោះក៏ហក់លោតទៅជួយ រួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឯកភាពក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចបានចុះជួយរាវរកឃើញថា ក្មេងៗពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន ។ ហើយកម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានធ្វើលិខិតប្រគល់សពឱ្យក្រុមគ្រួសារអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ