រាជធានីភ្នំពេញ៖ អ្នកនាងខាត់ សុឃីម បានអំពាវនាវដល់មហាជនឲ្យចូលរួមគាំទ្រសិល្បៈឆៃយ៉ាំ ក្នុងពេលដែលសិល្បៈមួយនេះស្ទើរតែបាត់បង់ និងគ្មានទីផ្សារសម្ដែង។ ក្នុងនាមជាអ្នកសិល្បៈបុរាណម្នាក់ផងដែរនោះ អ្នកនាងខាត់ សុឃីម តែងតែព្យាយាមបំផុស លើកស្ទួយ និងបំផុសឲ្យមហាជនចាប់អារម្មណ៍លើសិល្បៈបុរាណ ក្នុងពេលដែលអ្នកអាជីពសិល្បៈបុរាណ ម្នាក់ៗស្ទើរតែបាត់បង់អាជីពដោយសារគ្មានអ្នកគាំទ្រ ។
ជាថ្មីម្តងទៀតខាត់ សុឃីម បានអំពាវនាវដល់មហាជននៅទូទាំងប្រទេសសូមឲ្យចូលរួមគាំទ្រសិល្បៈស្គរឆៃយ៉ាំផង ខណៈពេលដែលអ្នកអាជីពសិល្បៈមួយនេះបានត្អូញត្អែរពីការខ្វះទីផ្សារ និងមិនផ្ដល់តម្លៃលើសិល្បៈមួយនេះ ។
បើយោងតាមសារដែលអ្នកនាងខាត់ សុឃីម បានបង្ហោះកាលពីពេល ថ្មីៗកន្លងមកនៅលើហ្វេសប៊ុកអំពីបញ្ហានេះថា «ខ្ញុំពិតជាស្រឡាញ់ និងពេញចិត្តឆៃយ៉ាំណាស់ ចេញពីចិត្ត ។ សូមចិត្តបងប្អូនជួយឆៃយ៉ាំផង។ សព្វថ្ងៃអ្នកចេះឆៃយ៉ាំ គឺទីផ្សារមួយឆ្នាំមានតែ២៩ថ្ងៃ ។ បើនៅស្រុកស្រែ ចង់ដាច់ពូជ ។ ប្រហែលជាមិនសូវមានទីផ្សារ ទើបអ្នកលេងគិតថា ខ្លួនអត់តម្លៃ ហើយដើម្បីលេងទាល់តែអស់មួយលីត្រឡើងទៅ»។
បើតាមអ្នកនាងខាត់ សុឃីម«តាមពិតឆៃយ៉ាំគឺត្រូវតែមានតម្លៃ ។ ក្រៅពីដង្ហែគ្រឿងសក្ការៈ គឺដង្ហែបុណ្យ ម្តេចក៏ដូច្នេះ ? តើកន្ទ្រឹម និងឆៃយ៉ាំ ខុសគ្នាប៉ុនណា ? ម្តេចក៏កន្ទ្រឹមលេចមុខមាត់កើត »។
ក្នុងសម័យបច្ចុប្បន្ន គេសង្កេតឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងការគាំទ្រទៅសិល្បៈបុរាណស្ទើរគ្រប់ទម្រង់ មិនមែនតែសិល្បៈឆៃយ៉ាំមួយនេះទេ ពោលគឺបើនិយាយពីសិល្បៈបុរាណមានដូចជា យីកេ ល្ខោនបាសាក់ និងល្ខោនខោល និងប្រភេទសិល្បៈបុរាណជាច្រើនទម្រង់ទៀតក៏មិនសូវមានការគាំទ្រច្រើននោះឡើយ ។ ភាគច្រើនអ្នកសិល្បៈបច្ចុប្បន្នអាចចាប់ឈោងភាពល្បីល្បាញ និងទាញស្រូបយកកម្រៃបានច្រើនតែទៅលើសិល្បៈបែបសម័យប៉ុណ្ណោះ មានដូចជាច្រៀង និងសម្តែង ក្នុងពេលដែលយុវវ័យបច្ចុប្បន្នក៏មានការគាំទ្រយ៉ាងគគ្រឹកគគ្រេងតែលើសិល្បៈបែបសម័យ ។
របាំឆៃយ៉ាំ គឺជារបាំបុរាណ ដែលអ្នកវាយស្គរតុបតែងកាយបែបកំប្លែង ក្រមិចក្រមើម។ ការរាំ ត្រូវបានបង្ហាញពីសញ្ញានៃការហៅ និងការឆ្លើយតបមានអ្នកទះដៃ និងអ្នកវាយឃ្មោះ ខណៈអ្នករាំស្លៀកពាក់បែបកំប្លែង គូរមុខមាត់។
តន្ត្រីឆៃយ៉ាំ គឺក្បួនហែនាំមុខគេ ដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ឋពិធីដូចជាការពិធីចេញព្រះវស្សា និងបុណ្យកឋិនទាន បុណ្យផ្កា និងពិធីបុណ្យ ផ្សេងៗទៀតដើម្បី បង្កើតនូវភាពសប្បាយរីករាយទាំងអស់គ្នា ។
ប្រវត្តិរបាំឆៃយ៉ាំ គឺពុំទាន់មានឯកសារ ឬការស្រាវជ្រាវជាក់លាក់ណាមកបង្ហាញថា មានប្រវត្តិ ឬប្រភពច្បាស់លាស់នៅឡើយទេ ។ ក៏ប៉ុន្តែអ្នកខ្លះឱ្យយោបល់ថា របាំឆៃយ៉ាំ ទំនងជាមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើល ខ្លាចរអាប្រៀបបានទៅនឹងសត្វព្រៃផ្អើលនៅពេលបានឃើញមនុស្ស និងអ្នកខ្លះទៀតយល់ថា នៅពេលមនុស្សជោគជ័យក្នុងកិច្ចការរបស់ខ្លួនតែងសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បានបង្កើតរបាំនោះឡើង ដើម្បីរំឭកនូវជ័យជម្នះនោះ។
នេះបើតាមសៀវភៅអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៥ ។ ថ្វីដ្បិតតែការសិក្សាស្រាវជ្រាវពីប្រវត្តិរបាំនេះពុំទាន់បានលទ្ធផលច្បាស់លាស់នៅឡើយ ប៉ុន្តែនៅក្នុងសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រីត្រឹង ងា បោះពុម្ពឆ្នាំ១៩៧៤ បានសន្និដ្ឋានថា របាំឆៃយ៉ាំប្រាកដជាមានសំណល់មកពីអរិយធម៌របស់មនុស្សជាន់ដើម ដែលបានរស់នៅលើទឹកដីខ្មែរនេះឯង ៕ (កែសម្រួលដោយ៖ បុប្ផា)
ចែករំលែកព័តមាននេះ