ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ក្លាយជា​សមាជិក​ថ្មី​របស់​ប្រព័ន្ធ​​ទូទាត់​បាគង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ក្លាយជា​សមាជិក​ថ្មី​នៃ​ប្រព័ន្ធ​បាគង ដែល​ជា​កម្មវិធី​ទូទាត់​នៅ​លើ​ទូរស័ព្ទ​ដៃ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​នៅ​កម្ពុជា​។ ផ្ដួចផ្ដើម​ឡើង…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ក្លាយជា​សមាជិក​ថ្មី​នៃ​ប្រព័ន្ធ​បាគង ដែល​ជា​កម្មវិធី​ទូទាត់​នៅ​លើ​ទូរស័ព្ទ​ដៃ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​នៅ​កម្ពុជា​។

ផ្ដួចផ្ដើម​ឡើង និង​ចាត់ចែង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គម្រោង​ប្រព័ន្ធ​បាគង​នេះ មាន​គោល​បំណង​ជំរុញ​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ប្រា​សាក់ ពិតជា​មាន​កិត្តិយស និង​សប្បាយ​រីករាយ​ដែល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​បាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ នេះ​ជា​កម្មវិធី​ទូទាត់​នៅ​លើ​ទូរស័ព្ទ​ដៃ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែល​នឹង​ពាំនាំ​រាល់​គ្រឹះស្ថាន​ដែល​ផ្ដល់​សេវា​ទូទាត់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ស្ថិត​នៅ​ប្រព័ន្ធ​តែ​មួយ ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ព្រមទាំង​សម្រួល​ដល់​ការ​ចាត់ចែង​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​ផង​ដែរ​»​។

លោក​បន្ថែម​ថា «​បាគង ជា​សេវា​ទូទាត់​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនា​គារ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល លឿន​រហ័ស ប្រកបដោយ​សុវត្ថិភាព និង​មិន​អស់​កម្រៃ​សេវា​។ ហេតុនេះ អតិថិជន​អាច​រីករាយ​ប្រើប្រាស់​សេវា​នេះ​ក្នុង​ការ​ផ្ទេរ​ប្រាក់ ទូទាត់ ដាក់​ប្រាក់ និង​ទទួល​ប្រាក់​ដោយ​ងាយស្រួល​»​។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បាគង គឺជា​កម្មវិធី​ទូរស័ព្ទ​តែ​មួយ​គត់ ដែល​រួម​បញ្ចូល​គ្នា​នូវ​សេវា​កាបូប​លុយ​អេ​ឡិច​ត្រូ​និក ការ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត ការ​ធ្វើ​សេវា​ធនាគារ​តាម​អន​ឡាញ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ដែល​មាន​មុខងារ​ងាយស្រួល​ប្រើ​ជាងគេ ដំបូង​គេ និង​មាន​ធនាគារ​ជា​ដៃគូ​ច្រើន​ជាងគេ​បង្អស់​នៅ​កម្ពុជា​។

លោក សាយ សូ​នី ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ទូទាត់​ដ៏​អស្ចារ្យ​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​ជា​យាន​ក្នុង​ការ​អូស​ទាញ​កំណើន​យ៉ាង​រឹង​មាំ​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ​។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា គម្រោង​បាគង​នេះ គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​នានា ដែល​ប្រា​សាក់​បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់តែ​មាន​ប្រសិទ្ធភាព ដូច​ជា​សេវា​ទូទាត់​រហ័ស និង​ខេ​ម​បូ​ឌា​ន ស៊ែរ ស្វ៊ី​ច ជាដើម​។

សូម​ដោ​ន​ឡូ​ដ​យក​កម្មវិធី បាគង ឥឡូវនេះ​ពី​ក្នុង
App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ
Play Store (https://play.google.com/store/apps/details​?​id=jp.co.soramitsu.bakong)
និង​រីករាយ​ជាមួយ​មធ្យោបាយ​ថ្មី​នៃ​ការ​ទូទាត់ និង​ផ្ទេរ​ប្រាក់ នៃ​យុគសម័យ​ថ្មី​ដោយ​ភាព​ងាយស្រួល និង​សុវត្ថិភាព​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ