ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ម៉ា​ឡេ​ស៊ី​បង្ហាញ​ការ​ចាប់អារម្មណ៍​ពិព័រណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣

4 ឆ្នាំ មុន

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​កម្ពុជា​បាន​សម្តែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ( CTM-2019 )…

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​កម្ពុជា​បាន​សម្តែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ( CTM-2019 ) លើក​ទី​៣ ឆ្នាំ​២០១៩ នា​ពេល​ថ្មី​ៗ​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ខណៈ​ដែល​លោក​ចាត់​ទុក ព្រឹត្តិការណ៍​នៃ​ការ​រៀបចំ​ពិព័រណ៍​នោះ គឺជា​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​នូវ​សក្តានុពល និង​ឱ កាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។

ការ​លើក​ឡើង​បែប​នេះ របស់​ឯកអគ្គ​រដ្ឋ​ទូ​ទ​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន នា​ព្រ​ឡប់​ថ្ងៃ​ទី​១១ ខែតុលា​នេះ ខណៈ​ដែល​លោក​អញ្ជើញ​ចូលរួម​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ (CTM-2019) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

ទាក់ទង​វិស័យ​ទេសចរណ៍​នេះ​ផង​ដែរ លោក​ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ក៏​បាន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ក៏​បាន​បង្កើត​យុទ្ធសាស្ត្រ​ផ្សេង​ៗ ព្រមទាំង​ជំរុញ​ព្រឹត្តិការណ៍​ឆ្នាំ​ទស្សនា ម៉ា​ឡេ​ស៊ី ២០២០ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ ដើម្បី​ជំរុញ​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ដើម្បី​ជំរុញ​កំណើន និង​ចំណូល​ពី​ភ្ញៀវ​ទេសចរ ។ លោក​បន្ត​ថា ចន្លោះ​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​បាន​កើនឡើង​៤.៩​ភាគរយ​ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ ១៣.៣៥​លាន​នាក់ បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​១២.៧៣ លាន​នាក់​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

កំណើន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ឈាន​ដល់​៤១.៦ ពាន់​លាន​រីង​ហ្គី​ត ពោល គឺ​កើនឡើង ៦.៨ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ សម្រាប់​តំបន់​អាស៊ាន​ក្នុង​រយៈពេល​ដូច​គ្នា​មាន​កំណើន ៤.៧ ភាគរយ​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរ​៩.៣៥ លាន​នាក់ បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៨.៩៣ លាន​នាក់ ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។ ទីផ្សារ​កម្ពុជា​សម្រាប់​យើង​បាន​បង្ហាញ​ពី​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់ គឺ​១៨.១% ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ ៥១,០០៥ នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ ៤៣,២០៦ នាក់​កាលពី​ឆ្នាំ​មុន ។

ដោយឡែក​នៅ​ឆ្នាំ​២០១៨ ដោយ​មាន​ភ្ញៀវ​ទេសចរ ២៥.៨ លាន​នាក់ បាន​មក​ទស្សនា​ឆ្នេរសមុទ្រ​របស់​យើង ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ទី​១៥ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​២១ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត ក្នុង​វិស័យ​ទេសចរណ៍​ដោយ​នាំ​មក​នូវ​ចំណូល​ទេសចរណ៍​៨៤,១ ពាន់​លាន​រីង​ហ្គី​ត​ក្នុង​ឆ្នាំ​២០១៨ ។

លោក​ថា ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ដាក់​គោលដៅ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឲ្យ​បាន ៣០​លាន​នាក់ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​ប្រមាណ​ជា​២៣​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ម៉ា​ឡេ​ស៊ី​ក៏​បាន​បញ្ជាក់​ដែរ​ថា គោលដៅ​នៃ​ឆ្នាំ​ទស្សនា​ម៉េ​ឡេ​ស៊ី​២០២០ គឺ​ដើម្បី​បង្រួបបង្រួម​អ្នកចូលរួម​ពី​គ្រប់​ឧស្សាហកម្ម​សហគ្រាស ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​នេះ ស្រប​ពេល​ដែល​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​ពី​ពាសពេញ​ពិភពលោក​ឲ្យ​មក​ទទួល​នូវ​បដិសណ្ឋារកិច្ច​កក់ក្ដៅ និង​ទាក់ទាញ​ជា​ច្រើន​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន ។

ការ​បង្កើន​យុទ្ធសាស្ត្រ និង​គោលដៅ​ច្បាស់លាស់​នៃ​ការ​ទាក់ទាញ​ទេសចរណ៍ គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ២១ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​នាំ​មក​នូវ​ចំណូល​ទេសចរណ៍ ៨៨,១​ពាន់​លាន​រីង​ហ្គី​ត (៣០.៩១​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៨ ។

ដោយឡែក​នៅ​ក្នុង​យុទ្ធនាការ​រួម​វិញ​អំឡុង​ពេល​នេះ ម៉ា​ឡេ​ស៊ី​បាន និង​កំពុង​ចាប់ផ្ដើម​ផែនការ យុទ្ធនាការ​ស្រូប​ទាញ​ទេសចរណ៍​អន្តរជាតិ​ទៅ​ប្រទេស​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២០ ជាមួយ​ពាក្យ​«Visit truly Asia Malaysia 2020» ។ ចំណែក​លោក NOR SHAZLY AZMI ជំនួយការ​នាយក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ទីផ្សារ​អាស៊ី​នៃ​ក្រុម​ព្រឹក្សា​ទេសចរណ៍​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ស្តង់​ក្រុម​ព្រឹក្សា​ទេសចរណ​ម៉ា​ឡេ​ស៊ី​ដែល​តាំងនៅ​ក្នុង​ពិព័រណ៍​ខាងលើ​នេះ​ក៏​មាន ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ និង​៣​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ចូលរួម​លក់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នូវ​ទីកន្លែង​ថ្មី​ៗ​ដល់​អតិថិ​ជិន​ខ្មែរ ដើម្បី​ទស្សនា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ