រាជធានីភ្នំពេញ ៖ ដោយទើបតែកាន់ពានជើងឯកក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីខែកក្កដាសោះ ពេលនេះកីឡាករវ័យក្មេង ខេម ចាន់ ត្រូវបានគេលើកឲ្យឡើងប្រកួតក្នុងនាមជាគូអន្តរជាតិ ហើយនេះគឺជាអ្វីដែលកីឡាកររូបនេះប្រាប់ថាស្រមៃជាយូរមកហើយ ។ កីឡាករថៃ Sayam Thai គឺជាគូប្រកួតរបស់គេសម្រាប់ដំណាក់ស្ទាបស្ទង់មើលសមត្ថភាព ក្រោយពីការកាន់ពានជើងឯក ។ អ្នកទាំងពីរនឹងប៉ះគ្នានៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែតុលា នៅក្នុងព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ក្នុងពេលដែលការប្រកួតជើងឯក រដូវកាលទី៦នេះ ស្ថិតក្នុងដំណាក់កាលជម្រុះពី១៦នាក់យក៨នាក់ជំហានបន្ត ។
កីឡាករកម្ពុជារូបនេះ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឲ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ Sayam Thai ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។ វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពនោះទេ ពិតជាធ្វើឲ្យអ្នកស្នេហាកីឡាប្រដាល់មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានកីឡាករ ខេម ចាន់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះទើបតែកាន់ពានជើងឯកក្ដៅៗ។
សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេស ដើម្បីឲ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឲ្យអ្នកមានឈ្មោះក្នុងការប្រកួតជ្រើសរើសជើងឯកទាំង១៦រូប ប្រកួតជម្រុះយក៨រូប ដើម្បីបន្តយកអ្នកឈ្នះ៨រូបទៅប្រកួតយក៤រូបនៅជុំទី៣បន្តទៀត ។
លោក សេង កដិកា អ្នករៀបចំការប្រកួតថ្លែងថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ខេម ចាន់ ដោយសារតែរូបគេគឺជាជើងខ្លាំង ហើយ
បើទោះជាមិនសូវមានបទពិសោធន៍ច្រើននៅក្នុងការប្រកួតអន្តរជាតិកន្លងមក ប៉ុន្តែសមត្ថភាពរបស់គេល្អលោកពេញចិត្ត ។ ម្យ៉ាង មកពីលោកចង់លើកមុខម្ចាស់ពានផង ទើបសម្រេចដាក់ឲ្យប្រកួតជាលក្ខៈអន្តរជាតិ ដើម្បីឲ្យកាន់តែទទួលបានការចាប់អារម្មណ៍នៅក្នុងកីឡាប្រដាល់។
លោកប្រកាសថា វត្តមានរបស់កីឡាករថៃ Sayam Thai លោកចង់ផ្ដល់ឱកាសឲ្យ ខេម ចាន់ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជារូបនេះ អាចនឹងពិបាកទប់កីឡាករថៃក៏ដោយ ។ លោកក៏បានកំណត់ឲ្យកីឡាករកម្ពុជា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់ថាកីឡាករកម្ពុជារូបនេះ គ្រប់គ្រាន់សម្រាប់ឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះ ។
លោក សេង កដិកា ថ្លែងថា កីឡាករកម្ពុជានិងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងៗខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ គូនេះមានការចាប់អារម្មណ៍ច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាកីឡាប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ