របស់​ចាស់​ខូចខាត​ត្រូវ​ចេះ​ជួសជុល​ប្រើ


ព្រះសម្មាសម្ពុទ្ធ​បាន​ណែនាំ​អំពី​ការ​ប្រើប្រាស់​របស់ទ្រព្យ​យ៉ាងនេះ​ថា វត្ថុ​សម្រាប់​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ត្រូវ​ប្រែប្រួល​និង​ចាស់​គ្រាំគ្រា​ទៅ​ជា​ធម្មតា ហើយ​ត្រូវ​ខូចខាត​ទៅ​ដោយ​ឥត​មាន​សេសសល់​អ្វី​ឡើយ ។

ប៉ុន្តែ​ថ្វីបើ​យ៉ាងនេះ​ក៏​ដោយ​ចុះ តែបើ​ចេះ​ថ្នម ចេះ​ជួសជុល​វា​ក៏​អាច​ប្រើប្រាស់​បាន​យូរ មិនសូវ​ខាតបង់​ប្រាក់​ក្នុង​ការ​ទិញ​របស់​ថ្មី​មក​ប្រើប្រាស់​ជំនួស ហើយ​យើង​អាច​សន្សំ​ប្រាក់​សម្រាប់​ទុក​ធ្វើ​ជាដើម​ទុន​ក្នុង​មុខរបរ ឬ​ក៏​អាច​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ផ្សេង​ទៀត​បាន ។

អ្នកខ្លះ​មិន​ហ៊ាន​ប្រើ​របស់​តម្លៃ​ទាប​ទេ​ខ្លាច​គេ​ថា​អន់ ឬ​ខ្លាច​មិន​ឡូយឆាយ ក៏​ចំណាយ​លុយ​អស់​ច្រើន​សន្ធឹក​ទៅ​ទិញ​របស់ទំនើប​ៗ​មក​ប្រើប្រាស់​ដើម្បី​ដេញ​ម៉ូត​ដេញ​សម័យ តែ​គេ​ភ្លេច​គិត​ថា ទ​ង្វើ​បែប​នេះ មិនមែន​ត្រឹមតែ​ខាតបង់​ប្រាក់​ដើម្បី​ប្រយោជន៍​រស់​នោះ​ទេ គឺថា​ប្រាក់​ដែល​អស់​ទៅ​នោះ​គឺជា​ការ​បូជា​ជូន​តណ្ហា​ដោយ​ពិត​ៗ ។

ចំណែក​ភិក្ខុ​សាមណេរ អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​តែ​គិត​អំពី​បញ្ហា​នេះ​ឱ្យ​ណាស់ កុំ​ភ្លើតភ្លើន​ភ្លេចខ្លួន​ឲ្យ​សោះ​នាំ​ឱ្យ​អាប់យស​ដល់​ឧត្តមភេទ ។

ត្រូវ​ចាំ​ថា មនុស្ស​សង្ហា មិនមែន​ដោយសារ​របស់ទ្រព្យ​ឡូយឆាយ​នោះ​ទេ បុរាណ​បាន​ពោល​ថា ស្រី​ស្រស់​ល្អឆើត​ព្រោះ​ចរិយា ប្រុស​សង្ហា​ព្រោះ​វិជ្ជា ចំណែក​បព្វជិត ក៏​មិន​ខុស​ពី​ស្ត្រី​ប៉ុន្មាន​ដែរ បើ​មាន​តែ​វិជ្ជា​ខ្វះ​ចរិយា​គឺ​ការ​សង្រួម ដូច​ផ្លែ​ល្វា​ល្អ​តែ​ក្រៅ​ប៉ុណ្ណោះ​ឯង ។

ពិត​ណាស់​របស់​ខ្លះ​មាន​ល្ខ​ណៈ​ចាស់​ទៅ​មែន តែ​នៅ​មាន​ប្រយោជន៍ គប្បី​ថែរក្សា​ទុក​ឲ្យ​បាន​ល្អ ថ្វីបើ​ពេល​នេះ​យើង​មិន​ត្រូវការ​មែន តែ​ថ្ងៃ​ណាមួយ​យើង​នឹង​អាច​ត្រូវការ​វា​ជាក់​ជា​មិន​ខាន ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ