ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រៀបពិធី​​ឧទ្ទិស​កុសល​ដល់​សព​សត្វ​ប្រើស​១​ក្បាល ​ទម្ងន់​ប្រមាណ​២០០គីឡូក្រាម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ ក្រោម​ស្នាដៃ​ព្រានព្រៃ និងតាម​ជំនឿ​ទំនៀមទម្លាប់ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ធ្វើពិធី​សាសនា​ឧទ្ទិស​កុសល​ដល់​សព​សត្វ​ប្រើស​មួយក្បាល​ទម្ងន់​ប្រមាណ​២០០​គីឡូក្រាម ដែល​បានរត់​មក​ងាប់​ក្នុងភូមិ​ក្រោយ​ពី​ការ​បាញ់ប្រហារ​ពីព្រានព្រៃ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ តុលា…

ខេត្តព្រះវិហារ ៖ ក្រោម​ស្នាដៃ​ព្រានព្រៃ និងតាម​ជំនឿ​ទំនៀមទម្លាប់ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ធ្វើពិធី​សាសនា​ឧទ្ទិស​កុសល​ដល់​សព​សត្វ​ប្រើស​មួយក្បាល​ទម្ងន់​ប្រមាណ​២០០​គីឡូក្រាម ដែល​បានរត់​មក​ងាប់​ក្នុងភូមិ​ក្រោយ​ពី​ការ​បាញ់ប្រហារ​ពីព្រានព្រៃ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ តុលា ។

នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក នេត្រភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១៧ តុលា ដោយ​លោក​បានឱ្យដឹង​ថា យោង​តាម​ការ​ពិនិត្យ​កោសល្យវិច័យ​របស់មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត សត្វ​ប្រើស​ដែល​ងាប់​នេះ ត្រូវ​បាន​ព្រានព្រៃ​បាញ់​ត្រូវ​ត្រង់​គល់​ក ដោយគ្រាប់កាំភ្លើង​ប្រភេទ​កែ​ច្នៃ ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ ហើយ​បាន​រត់​មក​ងាប់​នៅ​ក្នុងភូមិ​បុស្ស​ធំ ដែល​ស្ថិត​នៅ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រការ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ។

តាម​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា ក្នុងរយៈពេល​២​ខែ​ចុង​ក្រោយ​នេះ សត្វ​ប្រើស​ចំនួន ៣​ក្បាល​ហើយ ដែល​ក្នុង​មួយ​ក្បាល​ៗ​មាន​ទម្ងន់​ប្រមាណ​២០០​គីឡូក្រាម ត្រូវ​បាន​ងាប់​ក្នុង​ទឹកដីខេត្តព្រះវិហារ ដែល​ក្នុង​នោះ​១​ក្បាល​ត្រូវ​បាន​រថយន្ត​បុក​ងាប់ និង​២​ក្បាល​ត្រូវ​បាន​ព្រានព្រៃ​បាញ់​សម្លាប់ ហើយ​១​ក្បាល​ចុង​ក្រោយ​នេះ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១៦ តុលា ។

រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន លោក​នេត្រ ភក្ត្រា បាន​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់ជីវិត​សត្វ​ប្រើស​ដែល​ជា​សត្វកម្រ​ទាំងនេះ ហើយ​លោក​បាន​ជំរុញ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង នឹង​ជនល្មើស អ្នក​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ខុសច្បាប់ដើរ​បរបាញ់​សត្វ ដោយ​មាន​ប្រសាសន៍​ថា «​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារធម្មជាតិ​នៅ​តែ​បន្ត​លួចលាក់ កាន់កាប់​អាវុធ​កែ​ច្នៃ​ខុសច្បាប់ និង​បាន​លួច​ចូល​ព្រៃ​បរបាញ់​សត្វ និង ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ជា​ទ​ង្វើ​ខុសច្បាប់ និង​ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់ ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាប​បាន​» ។

លោក​នេត្រ ភក្ត្រា បានឱ្យ​ដឹង​ថា សត្វ​ប្រើសដែល​ត្រូវ​បាន​ព្រានព្រៃ​បាញ់​សម្លាប់​នេះ ត្រូវ​បានដឹក​ជញ្ជូន​មក​កាន់​ខេត្តសៀមរាប​ដើម្បី​ឱ្យ​អ្នកជំនាញ​រៀបចំ​ធ្វើ​ជា​រូបសំណាក ដើម្បី​ទុក​បម្រើផលប្រយោជន៍​សម្រាប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​អំពី​ជីវចម្រុះ និង​ប្រភេទ​សត្វ​ប្រើស​ដែលជា​សត្វព្រៃ​ដ៏​កម្រ និង​សម្រាប់​ដាក់​តាំង​ពិ​ព័រ​ណ៌​សម្រាប់​សាធារណជន​ទស្សនា​ពេល​មាន​ពិ​ព័រ​ណ៌​នានា​ដែល​ក្រសួងបរិស្ថាន​ចូលរួម ។

រដ្ឋ​លេខាធិ​ការ​ក្រសួងបរិស្ថាន​រូប​នេះ​ថ្លែង​ថា ការ​បំផ្លិចបំផ្លាញ​សត្វព្រៃ​ត្រូវ​ប្រឈម​មុខ​ច្បាប់ និង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​និយាយ​ថា «​ទេ​» ចំពោះ​សាច់សត្វ​ព្រៃ ។ ប្រ​សិនបើ​ស្រឡាញ់​ធនធានធម្មជាតិ​សត្វព្រៃ ជីវចម្រុះ​គ្រប់​ប្រភេទ សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ ម្យ៉ាង​បរិភោគ​សាច់សត្វ​ព្រៃ​អាច​បង្ក​ផល​ប៉ះពាល់​ដល់សុខភាព ដោយសារ​តែ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​សត្វព្រៃ​ខ្លះ​បង្កប់​ដោយ​មេរោគ​កាច​សាហាវ​ដែល​អាច​សម្លាប់​អ្នក​ហូប​ភ្លាម​ៗ ។

ចំពោះ​បញ្ហា​នេះ លោក​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​បទល្មើស​ទាំងនេះ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ជនល្មើស​បរបាញ់​សត្វព្រៃ ឬ​លក់​សាច់សត្វ​ព្រៃ សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ត្រី​បរិស្ថាន ឬមន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវច្បាប់ ។

ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា​បទល្មើសសត្វព្រៃ​នៅ​តែ​កើត​មាន ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់​ថា ចំនួន​នៃ​បទល្មើស​មានការ​ថយ​ចុះ​ដោយសារ​តែ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ក្រុម​ជនល្មើស ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស និង​ការ​ដក​អន្ទាក់​ពី​ក្នុង​ព្រៃ ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ការ​ចុះ​បិទ​ខិត្តប័ណ្ណ រាយការណ៍​ពី​បទល្មើស​សត្វព្រៃ​ផ្សេង​ៗ ។ រដ្ឋ​លេខា​ធិការ​ក្រសួងបរិស្ថាន​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​កាំភ្លើង​កែ​ច្នៃ​ត្រូវ​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន និង​បញ្ឈប់​ការ​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​សត្វ​ដែល​ជា​ទ​ង្វើ​ខុសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា កន្លង​ទៅ​នេះ​ដោយ​អនុវត្ត​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារ​ធម្មជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ដល់​សមត្ថកិច្ច ។ លោក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ដោយសារ​តែ​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ធនធានធម្មជាតិ សត្វព្រៃ​ជា​ច្រើន​ត្រូវ​បាន​មើលឃើញ​ថា មាន​ចំនួន​កើនឡើង​ក្នុង​តំបន់ការពារធម្មជាតិ​ដូច​ជាប្រភេទ​សត្វ​ជ្រូកព្រៃ ប្រើស ខ្លាឃ្មុំ ស្វា​ក្រ​វ៉ា​ត់មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស​និង​សត្វ​ជា​ច្រើន​ប្រភេទទៀត​ក្នុង​នោះ​មាន​ទាំង​សត្វ​កម្រ​ផង​ត្រូវ​បាន​រក​ឃើញ​មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក​នេត្រ ភក្ត្រា បច្ចុប្បន្ន​នេះ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​មាន​ទំហំ​ប្រមាណ​៧,៥លាន​ហិ​កតា និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២២០បាន​និង​កំពុង​ដើរ​ល្បាត ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ សម្បត្តិ​ធម្មជាតិ និង​វប្បធម៌​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ៕

អត្ថបទសរសេរ ដោយ