ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្រាប់​ទៅ​ប្រធានាធិបតី​តួ​ក​គី​ថា ​កុំ​ធ្វើ​​រឿង​ឆ្កួត​ៗ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​សម​ភាគី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​សរសេរ​ពាក្យ​មិនសូវ​ការទូត​ប្រាប់​ថា ចូរ​លោក​កុំ​ធ្វើ​រឿង​ឆ្កួត​ៗ​។ លិខិត​នោះ​ដែល​ទើប​លាតត្រដាង​នា​ថ្ងៃ​ទី​១៦​តុលា តាម​ពិត​ចុះ​ថ្ងៃ​ទី​៩​តុលា ​ជា​ថ្ងៃ​ចាប់ផ្ដើម​ការ​វាយលុក​របស់​តួ​ក​គី ចូល​ភាគ​ខាងជើង​ស៊ី​រី​កម្ចាត់​ពួក​យុទ្ធ​ជន​ឃើ​ត​ចេញពី​បណ្ដា​តំបន់​ជាប់​ព្រំ​ដែន​ខ្លួន​។…

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​សម​ភាគី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​សរសេរ​ពាក្យ​មិនសូវ​ការទូត​ប្រាប់​ថា ចូរ​លោក​កុំ​ធ្វើ​រឿង​ឆ្កួត​ៗ​។

លិខិត​នោះ​ដែល​ទើប​លាតត្រដាង​នា​ថ្ងៃ​ទី​១៦​តុលា តាម​ពិត​ចុះ​ថ្ងៃ​ទី​៩​តុលា ​ជា​ថ្ងៃ​ចាប់ផ្ដើម​ការ​វាយលុក​របស់​តួ​ក​គី ចូល​ភាគ​ខាងជើង​ស៊ី​រី​កម្ចាត់​ពួក​យុទ្ធ​ជន​ឃើ​ត​ចេញពី​បណ្ដា​តំបន់​ជាប់​ព្រំ​ដែន​ខ្លួន​។ លិខិត​បន្ត​ថា​លោក​ពិតជា​មិន​ចង់ ធ្វើ​ជា​អ្នក​ទ​ទួ​ក​ខុស​ត្រូវ​លើ​ការ​សម្លាប់​រង្គាល​មនុស្ស​ច្រើន​ពាន់​នាក់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ក្លាយជា​អ្នក​ទទួលខុសត្រូវ លើ​ការ​បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី​ដែរ ហើយ​អ្វិ​ដែល​ខ្ញុំ​ធ្វើ​ទាល់តែ​ចាំបាច់​បំផុត​។

ប្រវត្តិសាស្ត្រ​នឹង​វិនិច្ឆ័យ​លើ​រូប​លោក ប្រសិនបើ​លោក​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​និង​ដោយ​មនុស្សធម៌​។ ប្រវត្តិសាស្ត្រ​នឹង​ចាត់​ទុក​លោក​ថា​ជា​បិសាច ប្រសិនបើ​លោក​ធ្វើ​អ្វី​ដែល​អាក្រក់​។ ចូរ​លោក​កុំ​ប្រកាន់​រឹង​និង​កុំ​ធ្វើ​អ្វី​ដែល​ឆ្កួត​ៗ​។

ប្រធានាធិបតី​តួ​ក​គី​អះអាង​នា​ថ្ងៃ​ទី​១៥​តុលា​ថា ការ​វាយលុក​របស់​តួ​ក​គី​នា​ភាគ​ខាងជើង​ស៊ី​រី នឹង​បន្ត​រហូត​ដល់​សម្រេច​ទិស​ដៅ ទោះបី​មានការ​អំពាវនាវ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ឲ្យ​បញ្ឈប់​ក្ដី​។ លោក​ត្រាំ​បាន​បញ្ជូន​អនុ​ប្រធានាធិបតី​លោក​MIKE PENCE​មក​តួ​ក​គី​ដើម្បី​ចរចា​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ជាមួយ​ប្រធានាធិបតី​តួ​ក​គី ដែល​នា​ថ្ងៃ​ទី​១៦​តុលា​បាន​ស្នើ​ដល់​កងកម្លាំង​ឃើ​ត​ស៊ី​រិ​ដាក់់អាវុធ​ចុះ​ហើយ​ដកខ្លួន​ថយ​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​ទៅ​ភាគ​ខាងជើង​ស៊ី​រី​។

មួ​យស​ប្ដា​ហ៍​ហើយ​ក្រោយ​ចាប់ផ្ដើម​ការ​វាយលុក​របស់​កងទ័ព​តួ​ក​គី ពួក​ឃើ​ត​ដែល​ក្រោយ​អា​មេ​រិ​ក​លែងដៃ​ចោល បាន​ងាក​ទៅ​ពឹង​កងទ័ព​ស៊ី​រី​ឲ្យ​ជួយ​ទប់​។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កងកម្លាំង​ឃើ​ត របប​ក្រុង​ដា​ម៉ាស់​បាន​វិល​មក​កាន់​បណ្ដា​តំបន់​ដែល​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន​នៅ​ភាគ​ខាងជើង​ប្រទេស​។​ចំណែក​កងទ័ព​រុ​ស្ស៊ី​ចាប់ផ្ដើម​មក​បំពេញ​ច្រ​ឡោះ​ប្រហោង ក្រោយ​ការ​ចាកចេញ​របស់​កង​ទាហាន​អា​មេ​រិ​ក​។ នៅ​ភាគ​ឦសាន​ស៊ី​រី​កងទ័ព​រុ​ស្ស៊ី​ខិតខំ​បញ្ជៀ​ស កុំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ស៊ីរី​និង​កងទ័ព​តួ​ក​គី​។

១​ស​ប្ដា​ហ៍​ក្រោយ​ការ​វាយលុក ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​យ៉ាង​សាហាវ​ពិសេស​នៅ​ទីក្រុង​RAS AL AIN ដែល​នៅ​ទីនោះ​ពួក​យុទ្ធ​ជន​ឃើ​ត​ប៉ុនប៉ង​វាយ​រុញច្រាន ការ​វាយលុក​របស់​កងទ័ព​តួ​ក​គី​។ នៅ​ទីក្រុង​នោះ​ពួក​ឃើ​ត​បាន​ដុត​សំបក​កង់​រថយន្ត​បន្លំ​ភ្នែក​កង​យន្តហោះ​តួ​ក​គី​។ រយៈ​៧​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា ជន​ស៊ី​វិល​៧១​នាក់ យុទ្ធ​ជន​ឃើ​ត​១៥៨​នាក់​ព្រមទាំង​យុទ្ធ​ជន​ស្និទ្ធ​តួ​ក​គី​១២៨​នាក់​បាន​ត្រូវ​ស្លាប់​។ ក្រុង​អង់កា​រ៉ា​រៀបរាប់​ពី​ទាហាន​ខ្លួន​៦​នាក់​ស្លាប់​នៅ​ស៊ី​រី ព្រមទាំង​ជន​ស៊ី​វិល​តួ​ក​គី​២០​នាក់​ដោយសារ​គ្រាប់​រ៉ុក្កែត​ធ្លាក់​លើ​ទីក្រុង​តួ​ក​គី​ទាំងឡាយ​នៅ​ព្រំដែន​នា​ភាគ​ខាងជើង​ស៊ីរី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ