ថ្ងៃ​អកអំបុក​ជិត​មក​ដល់​…​អ្នក​ផលិត​កំពុង​ប្រឹង​អស់ដៃ


ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​អ្នក​ផលិត​អំបុក នៅ​ភូមិ​រកា ឃុំ​ល្វា ស្រុក​ពួក បាន​រំពឹង​ថា អំបុក​ខ្មែរ​ពិត​ៗ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន ពិសេស​ការ​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ប្រកាស​យក​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ជា​ទិវា​អកអំបុក​ទូ​ទាំង​ប្រទេស ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ។

លោក រិច គ្រី​ន អ្នក​ផលិត​អំបុក រស់នៅ​ភូមិ​រកា ឃុំ​ល្វា ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា ក្រោយ ពេល​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​យក​ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ថ្ងៃ​ទិវា​ហូប​អំបុក​ទូ​ទាំង​ប្រទេស​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ លោក​រំពឹង​ថា ទីផ្សារ​អំបុក​នឹង​មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​ថ្ងៃ​ធម្មតា មាន​តម្លៃ​៤៥០០​រៀល​ក្នុង​១​គីឡូក្រាម ។

លោក​ថា ខណៈ​ពេល​បច្ចុប្បន្ន​នេះ ការ​ផលិត​អំបុក​នៅ​ភូមិ​របស់​លោក​ប្រមាណ​ជាង​២០០​គ្រួសារ កំពុង​មាន​ទីផ្សារ​ជា​បណ្ដើរ​ៗ​ហើយ និង​មាន​អ្នក​កុំម៉ង់​ទិញ​ជា​បន្ដបន្ទាប់ ។លោក រិច គ្រី​ន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​លោក​បាន​ផលិត​អំបុក​លក់ បោះ​ឲ្យ​ក្រុម​ឈ្មួញកណ្ដាល​បាន​ប្រមាណ​១០០​គីឡូក្រាម ហើយ​នៅ​មុន​ថ្ងៃ​និង​ក្រោយ​ថ្ងៃ​អបអរ អកអំបុក​នេះ​នឹង​ឡើង​ថ្ងៃ​ជាង​នេះ ដែល​អាច​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​កើន​ជាង​មុន ខណៈ​ដែល​ស្រូវ​ធ្វើ​អំបុក​ត្រូវ​បាន​នាំ​មក​ពី​ខេត្ដកំពង់ធំ ខេត្ដបាត់ដំបង​និង​កន្លែង​ផ្សេង​ៗ​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក ឆ​ន ណូ ដែល ជា​អ្នក​ផលិត​អំបុក រស់នៅ​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ផលិត​អំបុក​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ទាំង​ការ​ប្រើប្រាស់​បច្ចេកទេស​ផលិត​អំបុក និង​ចំណាយ​ទិញ​ស្រូវ​ធ្វើ​អំបុក ។ លោក​ថា ស្រូវ​ដែល​យក​មក​ធ្វើ​អំបុក​នេះ ត្រូវ​យក​មក​ពី​តំបន់​ផ្សេង ដោយសារ​ស្រូវ​ដែល​ពួក​គាត់​ធ្វើស្រែ​ដោយ​ផ្ទាល់​ដៃ​ទើប​ចេញ​ផ្កា មិន​ទាន់​ទុំ​ល្មម​សម្រាប់​ការ​ផលិត​អំបុក​នៅឡើយ ។

លោក ឆ​ន ណូ បាន​ឲ្យ​ដឹង​ទៀត​ថា អំបុក​ដែល​អ្នក​ភូមិ​ផលិត​ជា​អំបុក​ស្រូវ​ថ្មី​ពិត​ៗ ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​អ្វី​ផ្សេង​ដាក់​ចូល​ក្នុង​អំបុក​នោះ​ឡើយ បើ​ទោះបី​ទិញ​ស្រូវ​ពី​តំបន់​ផ្សេង​ក៏​ដោយ ដូច្នេះ​ក្នុង​នាម​ជា​អ្នកលក់​អំបុក ក៏​ដូច​ជា​អ្នក​ផលិត​អំបុក​ក្នុងភូមិ ពួក​គាត់​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ទិវា​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស ដែល​ពួក​គាត់​រំពឹង​ថា អំបុក​ស្រូវ​ថ្មី​ស្នាដៃ​កូន​ខ្មែរ នឹង​មាន​ទីផ្សារ​ខ្ពស់ ។

បាន​កត់សម្គាល់​ឃើញ​ថា អ្នក​ផលិត​អំបុក​ខ្លះ​បាន​យក​ស្លឹក​តយ​ទៅ​លាយ​ជាមួយ​ស្រូវ​ហើយ​លីង​ដើម្បី​ឱ្យ​មាន​ក្លិន​ឈ្ងុយ ។ លុះ​ពេល​រែង​សម្អាត​អត់​មាន​ស្លឹក​តយ​ជាប់​ជាមួយ​ទេ មាន​តែ​ក្លិន​ឈ្ងុយ​តយ​តែ​ប៉ុណ្ណោះ ។
គួរ​រំលឹក​ថា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​យក​ថ្ងៃ​សៅរ៍​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ហើយ​បន្ត​ដោយ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ គឺជា​ថ្ងៃ​កម្ពុជា​ត្រូវ​ទទួលទាន​អំបុក​នៅ​ទូ​ទាំង​ប្រទេស «​ហូប​អំបុក​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​» ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ទូ​ទាំង​ប្រទេស ត្រូវ​រៀបចំ​ទិវា​ហូប​អំបុក​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា ជា​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃអាទិត្យ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សមាជិក សមាជិកា​មក​ពី​គ្រប់​គណបក្ស​នយោបាយ និង​កូន ក្មួយ​យុវជន កម្មករ កម្មការិនី​ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តី​ស្រឡាញ់ និង​ឯកភាព​ជាតិ​ដែល​នៅ​ពេល​នោះ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា នំ​បញ្ចុក​មិនមែន​ជា​កម្មសិទ្ធិ​របស់​បក្សនយោបាយ​ណាមួយ​ឡើយ ប៉ុន្តែ​ជា​របស់​ជាតិខ្មែរ​ទាំងមូល ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ