ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​យ៉ាង​សកម្ម​បំផុត ទើប​ចាប់​បាន​​ទាំង​៣​ដែល​រំលោ.ភ​បូក​នាង​ក្នុង​ឡាន

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ​៖ ករណី​ស្រី្ត​ជនជាតិ​បារាំង​ជា​អ្នកទេសចរ​ប្តឹង​ចោទ​បុរស​ខ្មែរ​៣​នាក់ ពី​បទ​ចាប់រំលោភ​សេព​សន្ថវៈ កាលពី​វេលា​ទៀប​ភ្លឺថ្ងៃ​ទី​១១ តុលា នៅ​លើ​រថយន្តត្រូវ​បាន​នគរបាល​តាម​ស្រាវជ្រាវ​យ៉ាង​សកម្ម​បំផុត​ហើយ​បាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ជុំវិញ​ការ​ចាប់ខ្លួន​បាន​នា​ពេល​នេះ ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា…

ខេត្តកំពត ​៖ ករណី​ស្រី្ត​ជនជាតិ​បារាំង​ជា​អ្នកទេសចរ​ប្តឹង​ចោទ​បុរស​ខ្មែរ​៣​នាក់ ពី​បទ​ចាប់រំលោភ​សេព​សន្ថវៈ កាលពី​វេលា​ទៀប​ភ្លឺថ្ងៃ​ទី​១១ តុលា នៅ​លើ​រថយន្តត្រូវ​បាន​នគរបាល​តាម​ស្រាវជ្រាវ​យ៉ាង​សកម្ម​បំផុត​ហើយ​បាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ជុំវិញ​ការ​ចាប់ខ្លួន​បាន​នា​ពេល​នេះ ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ដំបូង​ដោយសារ​នារី​រង​គ្រោះ​បាន​ចង្អុល​កន្លែង​ចេញដំណើរ និង​កន្លែង​ត្រឡប់​វិញ មិន​ចំ​ទីតាំង ធ្វើ​ឱ្យ​ការ​ស្រាវជ្រាវ របស់​សមត្ថកិច្ច ពុំ​អាច​ចាប់ផ្តើម​ស៊ើបអង្កេត​បាន ព្រោះ​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​ដែល​បាន​បង្ហាញ​នោះ​មិនឃើញ​នារី​រង​គ្រោះ​ឡើង​រថយន្ត ឬ​ចុះ​ក៏​ពុំ​ឃើញ​ដែរ ។

លុះ​ថ្ងៃ​ទី​១៥ តុលា សមត្ថកិច្ច​បាន​ស្រាវជ្រាវ ពី​ដើមដំបូង​មក​វិញ គឺ​តាំងពី​កន្លែង​ដែល​នារី​បរទេស​រង​គ្រោះ​ផឹកស៊ី​នៅ​ហាង​GOLDEN TIME ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ឃើញ​​ថា នារី​រង​គ្រោះ​ត្រូវ​បាន​បុរស​ទាំងនោះ​រុញ​ឡើង​រថយន្ត​នៅ​ខាងត្បូង​មន្ទីរពេទ្យ​កំពត ក្នុងភូមិ​កំពង់​បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ហើយ​ចុះ​មក​វិញ​នៅ​ជិត​មន្ទីរ​សាធារណការ​ខេត្តកំពត ។
តាម​រយៈ​នេះ សមត្ថកិច្ច​អាច​កំណត់​បាន​មុខសញ្ញា និង​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ (​ស្រុក​ព្រៃ​នប់​) ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេង ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកស៊ីឈ្នួល​រត់​តាក់ស៊ី ត្រូវ​បាន​ឃាត់ខ្លួន​ថ្ងៃ​ទី​១៥ តុលា វេលា​ម៉ោង​៥​និង​៣០​នាទី ។

ជនសង្ស័យ​ឈ្មោះ សេង ស្រ៊ុ​ន បាន​សារភាព​ថា ពិតជា​បាន​រំលោភ​នារី​រង​គ្រោះជា​ស្ត្រី​បរទេស​ជនជាតិ​បារាំង អាយុ​៤៣​ឆ្នាំ ពិតមែន គឺ​រំលោភ​នៅ​លើ​រថយន្ត​តាម​ផ្លូវ​នៅ​ក្រុង​កំពត កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ តុលា ពិតប្រាកដ​មែន ។ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា ជន​២​នាក់​បន្ថែម​ទៀត ដែល​ជា​បក្សពួក​ក្នុង​ករណី​រំលោភ​បូក​លើ​ស្ដ្រី​ជនបរទេស​នេះ ត្រូវ​កម្លាំង​នគរបាល​ខេត្ត តាម​ចាប់ខ្លួន​បាន​ហើយ ខណៈ​ពួក​គេ​បាន​គេច​ទៅ​លាក់ខ្លួន​នៅ​លើ​ភ្នំ​បូកគោ ព្រោះ​ពួក​គេ​ទាំង​២​ជា​កម្មករ​ត​ទឹក​នៅ​ទីនោះ ។

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ដែល​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ទៅ​ដល់​លើ​ភ្នំ​បូកគោ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់ខ្លួន​បក្សពួក​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ដោយ​មាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ ជន​ដៃដល់​ក៏​បាន​សារភាព និង​ប្រាប់​ពី​តម្រុយ​បន្ថែម​ចំពោះ​បក្សពួក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន ទើប​កម្លាំង​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ឈាន​ដល់​ចាប់ខ្លួន​បាន​ទាំងអស់​តែ​ម្ដង ។ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បានឱ្យ​ដឹង​ថា ជន​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ម្នាក់​ឈ្មោះ ពុំ លី​វី ហៅ​ហ្វ៊ី អាយុ​១៩​ឆ្នាំ នៅ​សាង​គង់ ឃុំ​និពន្ធ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ជា​កម្មករ​ត​ទឹក​នៅ​លើ​ភ្នំ​បូកគោ និង​ម្នាក់​ទៀត​ឈ្មោះ ង៉ែត នភា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ជា​កម្មករ​ត​ទឹក​នៅ​លើ​ភ្នំ​បូកគោ​ដូច​គ្នា ។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​ថា រហូត​មក​ដល់​ពេល​នេះ​ជន​ដៃដល់​ទាំង​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​នេះ​ត្រូវ​កម្លាំង​នគរបាល​របស់​លោក តាម​ចាប់ខ្លួន​បាន​អស់ហើយ ហើយ​ពួក​គេ​ក៏​បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បូក​ទៅ​លើ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត កាលពី​ពេល​កន្លង​ទៅ​ប្រាកដ​មែន ។ ពេល​នេះ​ជន​ទាំង​៣​កំពុង​ត្រូវ​បាន​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​ទៅ​តាម​នីតិវិធី ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ តុលា ស្ដ្រី​ជនជាតិ​បារាំង អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​មនុស្ស​៣​នាក់ ចាប់បង្ខំ​រុញ​ចូល​រថយន្ត​យក​ទៅ​ចាប់រំលោភ​បូក ក្នុង​រថយន្ត​ម្តងម្នាក់​ៗ​នៅ​ចំណុច​តាម​ផ្លូវ​ចាក់​បេតុង​ក្នុង​ព្រៃ​ស្ងាត់​មួយ​កន្លែង នៅ​ម្តុំ​ឆ្នេរ​មាត់​ព្រែក​កំពត ក្រុង​កំពត ។ ក្រោយមក​ក្រុម​ជន​ដៃដល់​ទាំងនេះ​ក៏​បាន​ដឹក​មក​ទម្លាក់​ជន​រង​គ្រោះ​ចុះ​ពី​រថយន្ត រួច​គេចខ្លួន​បាត់ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ