បាតុភាព​ពួក«​កឺ​កឺ​»វាយ​ផ្អើល​ដី​ក្រុង និង​បង្ហាញ​មុខ​ជន​សង្គម​ង​ងិ​ត​៤​នាក់​ទៀត


ខេត្ត​ព្រះ​សីហ​នុ ៖ ជុំវិញ​ករណី​កឺ​កឺ​វាយ​គ្នា​ ផ្អើល​ពេញ​ក្រុងព្រះសីហនុ ​​នៅ​ថ្ងៃ​ទី​១៦ តុលា មជ្ឈដ្ឋាន​នានា​បាន​ភ្ញាក់ផ្អើល​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ ​ដែល​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ជនជាតិ​ចិន​ដែល​ខ្មែរ​ហៅ​ពួក​គេ​ថា «​កឺ​កឺ​»វាយ​គ្នា​យ៉ាង​វក់វី​នៅ​ក្រុងព្រះសីហនុ​ ។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ សាំ ប្រាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​គូសបញ្ជាក់​ប្រាប់​​កោះសន្តិភាព​ពី​បាតុភាព​នោះ នា​រសៀល​ថ្ងៃ​ទី​១៦ តុលា ថា ចំពោះ​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា គឺជា​ករណី​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៣ តុលា​មក​ម្ល៉េះ ប៉ុន្តែ​វី​ដេ​អូ​នេះ​ត្រូវ​បាន​ក្រុម​ម៉ូតូឌុប​ដែល​ថត​បាន​នោះ ពុំ​បាន​បង្ហោះ​ភ្លាម​ៗ​នោះ​ទេ ទើបតែ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ ​អ្នក​ដែល​ថត​បាន​សកម្មភាព​នេះ​បាន​បង្ហោះ​ ទើប​ឲ្យ​មានការ​ភាន់ច្រឡំ​ថា​ករណី​នេះ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​សំណុំរឿង​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​គូភាគី​មក​ធ្វើការ​សម្រប​សម្រួល​រួចរាល់​តាំងពី​ថ្ងៃ​ទី​១៤ តុលា មក​ម្ល៉េះ ។ លោក​វរសេនីយ៍ទោ បាន​បន្ថែម​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​វាយតប់​គ្នា​នេះ ដោយសារ​តែ​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ តុលា ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ ptt ស្ថិត​ក្នុង​ក្រុម​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ភាគី​ទាំង​ពីរ​បាន​បើករថយន្ត ប៉ះ​គ្នា​បន្តិច​រវាង​ជនជាតិ​ចិនដូច​គ្នា​ ក៏​បង្ក​ឲ្យ​មានការ​ជជែក​គ្នា​តឹងសរសៃក​រក​ត្រូវ​រៀង​ៗ​ខ្លួន រហូត​ក្លាយទៅជា​ហិង្សា​វាយតប់​គ្នា​តែ​ម្ដង ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​ភាគី​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។

សូមបញ្ជាក់ថា ជនសង្ស័យ​ជាតិចិន​ចំនួន​៤​នាក់​ដែល​កន្លង​មក​បាន​អង្រួន​ក្រុងព្រះសីហនុ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម ដែលប្រដាប់​ទៅ​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ​ទំនើប លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​ច្រើន​ករណី​កន្លង​ទៅ​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ហាញ​មុខជា​សាធារណៈ មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ជុំវិញ​ករណី​បង្ក្រាប​អំពើ​ចោរកម្ម​ដ៏​កក្រើក​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា កម្លាំង​ល្បាត​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​.​ក​ម៉ូតូ ។ ឃើញ​ដូចនេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​មួយ​ចំនួន ។ បន្ទាប់​មក​បាន​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។ ក្រោយ​ពី​ការ​សួរនាំ​ជនសង្ស័យ​រួច សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ចាប់​បាន​បក្សពួក​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត ។

ជនសង្ស័យ​ចំនួន​៤​នាក់ ឈ្មោះ Zhou Wen អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន​), ឈ្មោះ Tan Bei អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២​សង្កាត់​២ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន​) ឈ្មោះ Lin Wei អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន​) និង​ឈ្មោះ Li HongLiang អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែន​ក៏​គ្មាន​ដែរ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ឧបករណ៍​សម្រាប់​ចម្លង​សោ ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ សក់​ក្លែងក្លាយ​ចំនួន​២ សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​) ស្រោម​មុខ​ខ្មៅ​ឃើញ​តែ​រង្វង់​ភ្នែក​ចំនួន​៤ (​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​) ដំបង​ដែក​រលាស់​ចំនួន​២​ដើម មួក​ចំនួន​៣ ពិល​ឆក់​១ វិទ្យុទាក់ទង​១ ម៉ាស៊ីន​ឆូត​លុយ​១ លិខិត​ឆ្លងដែន​២​ច្បាប់ ផ្លែ​កាច់​សោ​.​ក​ម៉ូតូ​ចំនួន​១៤​ផ្លែ ដង​សម្រាប់​កាច់​បំបែក​សោ​.​ក​ម៉ូតូ​លេខ​៨​ចំនួន​២​ដើម ដែក​កាច់​បំបែក​សោ Solex ពីរ​ដើម ឧបករណ៍​សម្រាប់​បើក​Lock សន្ទះ​សោ​ម៉ូតូ​១ ម៉ាស់​ចំនួន​១០ សោ​ម៉ូតូ​ចំនួន​៣ សោ​អក្សរ​«T»​ចំនួន​២ ឧបករណ៍​សម្រាប់​បំបែក​កញ្ចក់​រថយន្ត​១ ឧបករណ៍​សម្រាប់​ផ្តាច់​ប្រព័ន្ធ Lock​រថយន្ត​១ ឧបករណ៍​សម្រាប់​កាច់​បំបែក​សោ​ទូដែក​១ ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​ទា្វរ​រថយន្ត ទ្វារផ្ទះ សោ​ម៉ូតូ សោ​ផ្ទះ មួយ​ចំនួន​ធំ និង​ម៉ូតូ​ម៉ាក Air Blade ចំនួន​៦​គ្រឿង ។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៤​នាក់​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ មាន​ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់​គឺ​ឈ្មោះ Zhou Wen និង​ឈ្មោះ Tan Bei ដែល​បាន​ប្រព្រឹត្ត​បទល្មើស វាយ​ប្លន់​ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា កាលពី​ថ្ងៃ​ទី​៩ តុលា វេលា​ម៉ោង​១១​យប់​នៅ​តាម​ផ្លូវ​ជិត​អង្គការ​ម្លប់​តា​ប៉ា​ង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ជន​រង​គ្រោះ​ឈ្មោះ Liu Chuan ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​សំណង់ សម្ភារ​បាត់បង់​ប្រាក់​១.៧០០​ដុល្លារ ទូរស័ព្ទ​១​គ្រឿង​ម៉ាក i-Phone ។ ករណី​ទាំង​២​ខាងលើ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ