ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែតុលាថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានចេញដីកាមួយទៀតបង្គាប់ឲ្យចាប់ខ្លួនលោក ជិន សុខង៉េងអតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាបពីបទរួមគំនិតក្បត់ ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្តថា ជនត្រូវចោទ ជិន សុខង៉ែង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២២៣ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទរួមគំនិតក្បត់ ដោយយោងតាមបញ្ញត្តិមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ«ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់់អាវុធខុសច្បាប់ដើម្បីចូលរួមអនុវត្តផែនការនេះ ។
បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់ថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីស្វែងរកជននេះយកមកអនុវត្តស្របតាមច្បាប់ ។ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀម រាបបញ្ជាក់ទៀតថា អ្នកដែលពាក់ព័ន្ធនឹងគម្រោងរបស់លោក សម រង្ស៊ី នេះនឹងត្រូវប្រឈមការចោទប្រកាន់និងការកាត់ទោសឱ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ។
ទោះជាយ៉ាងណា អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប លោក ជិន សុខង៉េង ត្រូវបានវិទ្យុអាស៊ីសេរីផ្សាយថា លោកបានទៅដល់កន្លែងមានសុវត្ថិភាពហើយ ដើម្បីគេចចេញពីការចាប់ខ្លួន ។ លោក ជិន សុខង៉េង គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទី២ហើយ នៅក្នុងខេត្តសៀមរាប ដែលត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ។ កាលពីសប្ដាហ៍មុន តុលាការបានចោទប្រកាន់និងតាមរកចាប់ខ្លួនអនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិស្រុកពួក លោក ឈុន វាន ដោយចោទប្រកាន់ពីបទល្មើសដូចគ្នានេះ ។
គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តុលាការបានចាប់ដីកាឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះ
ជាតិចំនួន៤៦នាក់ហើយ និងមានម្នាក់ត្រូវបានដោះលែងវិញ ក្រោយពីបានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ