ក្រោយពីបានបាត់ភ្លៀវទេសចរអន្តរជាតិមួយរយៈ​ បច្ចុប្បន្ននេះ​ភ្ញៀវកើនឡើងវិញហើយ


រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន​នៅ
ខេត្តសៀមរាប​ត្អូញត្អែរ​រឿង​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក៏​ដូច​ជា​ចំណូល​ពី​ការ​លក់
សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​៩ ខែ​ដើមឆ្នាំ​២០១៩ ធ្លាក់​ចុះ​ប្រមាណ​ជាង ១៣​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​នោះ កាលពី​ម្សិលមិញ​នេះ​ក្រសួង​ទេស
ចរណ៍​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​អះអាង​ថា កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​ជាង​៤​លាន​នាក់
កើនឡើង​១០.៤% ក្នុង​រយៈពេល​៨​ខែ​នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៨​ខែដើមឆ្នាំ​២០១៩​នេះ ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន​៤,៣៦០,៣៩៧​នាក់កើនឡើង​១០.៤% បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចូល​តាម​ផ្លូវអាកាស​មាន​ចំនួន ៣,១០៤,៤៨៩​នាក់ ស្មើនឹង​៧១.២% នៃ​ចំនួន​ភ្ញៀវ​សរុប​កើន​១៦.៦% ។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។

តាម​របាយ​ការ​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ចំនួន ១,៤២៧,៤៨៧​នាក់ កើន​១៤.៧%, តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ១,១៨៨,២៥៤​នាក់ ថយ​ចុះ​៩.១% និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ​ចំនួន ៤៨៨,៧៤៨​នាក់ កើនឡើង​៣៤៣.៥%)​។ ដោយឡែក ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​តាម​ផ្លូវគោក​មាន​ចំនួន​១,១៦០,៧៤៦​នាក់ ស្មើនឹង ២៦.៦% នៃ​ចំនួន​សរុប ថយ​ចុះ​២.៩% និង​ភ្ញៀវទេសចរ​ចូល​តាម​ផ្លូវទឹក​មាន​ចំនួន ៩៥,១៦២​នាក់ ស្មើនឹង​២.២% នៃ​ចំនួន​សរុប កើនឡើង​២.៩%​។

ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព នៅ​ក្នុង​រយៈ​៨​ខែ ដើមឆ្នាំ​នេះ​រួម​មាន ៖ តំបន់​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ២,៨០៨,៥៦១​នាក់ ស្មើនឹង​៥៣.៨% នៃ​ចំនួន​ភ្ញៀវ​សរុប កើនឡើង​២៧.៤%​។ សៀមរាប​អង្គរ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១,៥៥១,៨៣៦​នាក់ ស្មើនឹង​២៩.២% នៃ​ចំនួន​ភ្ញៀវ​សរុប ថយ​ចុះ​១១.១%​។ តំបន់ឆ្នេរ​សមុទ្រ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៨០៤,៥៣៧​នាក់ ស្មើនឹង​១៥.២% កើនឡើង​៣៦.៥%​។ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន្ត ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៥៦,៧២៣​នាក់ ស្មើនឹង​១.១% កើនឡើង​៩.១%​។ តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​៣៦,៩៥៧​នាក់ ថយ​ចុះ ៣.៣%​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា​រយៈពេល ៨​ខែ ដើមឆ្នាំ​២០១៩​នេះ​ដែរ គឺ​មាន មាន​ទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន ១,៣៤៧,០៦០​នាក់ កើនឡើង​៤.៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​។ គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦​លាន នាក់​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ