ចម្លែក​! បុរស​ម្នាក់​គ្រូ​សន្ធឹក​ដោះ​ខោអាវ​អស់​ស្រែក​… ផ្អើល​អ្នក​ភូមិ​ចោមរោម​មើល


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ហើយ​ជិះ​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់​រង​របួសធ្ងន់​ប្រកាច់​ពេញ​ផ្លូវ និង​ដោះ​សម្លៀក​បំពាក់​ចោល​អស់​នៅ​សល់​តែ​ខោ​លី​អូ រួច​អង្គុយ​ស្រែក​ឡូឡា​ដូច​ជា​មាន​គ្រូ​មក​ចូល​សន្ធិ​ត​ក្នុង​ខ្លួន​និយាយ​ជាង​២​ម៉ោង ទើប​ឪពុក​ម្តាយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​16 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង​បឹង​កក់ នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ យ​ន ម៉ា​នី អាយុ​25​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​2019 ពាក់​ស្លាក​លេខ​ភ្នំពេញ 1HN6142 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ពី​លិចទៅ​កើត ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​មិនដឹង​ថា គាត់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ បានជា​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង រួច​ជិះ​ម៉ូតូ​អូស​ជើង​ម្ខាង​មក​ដួល​ម៉ូតូ​នៅ​ក្នុង​បឹង​កក់ បណ្តាល​ឱ្យ​បែក​មុខ​បែក​មាត់​ប្រកាច់​ពេញ​ផ្លូវ និង​ស្រែក​ឡូឡា​និយាយ​ផ្តេសផ្តាស ថែម​ទាំង​ដោះ​សម្លៀក​បំពាក់​ចេញ​អស់​នៅ​សល់​តែ​ខោ​លី​អូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ចោមរោម​ជា​ច្រើន​នាក់​អស់​រយៈពេល​ជិត​២​ម៉ោង នៅ​តែ​មិន​ទាន់​ឈប់​ទៀត​និយាយ​ស្រែក​ឡូឡា​ទៀត ដោយ​សង្ស័យ​ថា មាន​រូប​ចូល​មក​សន្ធិ​ត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ដោយ​ឃើញ​ស្ថានភាព​បែប​នេះ ទើប​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​បុរស​រូប​នោះ​បាន​យក​ធូប និង​ផ្លែ​ឈើ មក​អុច​ធូប​សែន​ដើម្បី​កុំឱ្យ​គ្រូ​ចូលខ្លួន​បុរស​រូប​នោះ​ទៀត ហើយ​បាន​អ្នក​ភូមិ​ជួយ​និយាយ​ម្នាក់​មួយ​ម៉ាត់ ទើប​ព្រម​ឡើង​ម៉ូតូ​តាម​ឪពុក​និង​ម្តាយ​ទៅ​បាត់​ទៅ​។ ហើយ​​សមត្ថកិច្ច​គាត់​ក៏​បាន​ប្រាប់​ថា បុរស​ខាងលើ ពេល​ស្រវឹង​តែងតែ​អុកឡុក​ជា​ច្រើន​លើក​មក​ហើយ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ។

តាម​សម្តី​បុរស​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​នេះ ជា​កម្មករ​សំណង់ និង​មាន​គ្រូ​កាន់​ដោយ​​នៅផ្ទះ​របស់​គាត់​បាន​រៀប​អាសនៈ​ផង​ដែរ ។ គាត់​បាន​បញ្ជាក់​ថា បុរស​ខាងលើ​នេះ​មិន​ចេះ​ផឹកស្រា​ទេ គឺ​និយាយ​ខុសមាត់​ខុស​.​ក ធ្វើ​ឲ្យ​គ្រូ​របស់​គាត់​ខឹង ទើប​ចូល​មក​សន្ធិ​ត​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ បុរស​រូប​នោះ​ក៏​ត្រូវ​បាន​ម្តាយ​ឪពុក​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ព្យាបាល​របួស​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ