រាជធានីភ្នំពេញ ៖ លោក ផៃ ស៊ីផា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចថែរក្សាអធិបតេយ្យ និងសន្ដិសុខជាតិ ដូច្នេះបំណងនៃការទិញយន្ដហោះមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធសម្រាប់កងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយដែលអាចកើតឡើងបាន ។
លោក ផៃ ស៊ីផាន បានសរសេរលើបណ្តាញសង្គមនៅរសៀល ថ្ងៃទី១៦ ខែតុលានេះ បានសរសេរថា «រាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចផ្ដាច់មុខ ក្នុងកិច្ចការពារថែរក្សាអធិបតេយ្យ និងសន្ដិសុខជាតិ ដែលផ្ដល់ដោយច្បាប់ ។ បំណងនៃការទិញយន្ដហោះ គឺមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធសម្រាប់កងយោធពលខេមរភូមិន្ទ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយដែលកើតឡើងតែប៉ុណ្ណោះទេ ក៏ប៉ុន្តែឆ្លើយតបទៅនឹងសភាពការមិនច្បាស់លាស់នៃសណ្ដាប់ធ្នាប់ពិភពលោកផងដែរ» ។
លោកបន្ដថា ការទិញយន្ដហោះក៏ជាសេចក្ដីសម្រេចចិត្ត និងប្ដេជ្ញាពង្រឹងកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសឆែក ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ ។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក នៅទីក្រុងប្រាក ប្រទេសឆែក នៅថ្ងៃទី១៤ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកថា កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍ប្រភេទ L39 ចំនួន៣-៤គ្រឿង និងសពា្វវុធមួយចំនួនបន្ថែមទៀត ពីប្រទេសឆែក ខណៈកាលពីមុនកម្ពុជា បានទិញយន្តហោះប្រភេទនេះចំនួន៦គ្រឿងរួចហើយ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ ក្រោយពីអ្នកវិភាគសង្គមរឿងនយោបាយមួយចំនួនបានលើកឡើងអំពីបំណងរបស់រាជរដ្ឋាភិបាលទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក ។ ទោះយ៉ាងណាលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ការគ្រោងទិញអាវុធ និងយន្តហោះពីឆែក គឺជាពេលវេលាសមស្របមួយដែលកម្ពុជាត្រូវពង្រឹងវិស័យការពារជាតិរបស់ខ្លួន ខណៈអាវុធឆែកធូរថ្លៃជាងប្រទេសអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ