ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សង្ឃឹម​ពលរដ្ឋ​ផលិត​អំបុក​នៅ​ស្រុក​ពួក នា​ថ្ងៃ​​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ផលិត​អំបុក​នៅ​ភូមិ​រកា ឃុំ​ល្វា ក្នុងស្រុក​ពួក រំពឹង​ថា អំបុក​ខ្មែរ​ពិត​ៗ នឹង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន ជា​ពិសេស​ថ្ងៃ​ទិវា​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស​នេះ…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ផលិត​អំបុក​នៅ​ភូមិ​រកា ឃុំ​ល្វា ក្នុងស្រុក​ពួក រំពឹង​ថា អំបុក​ខ្មែរ​ពិត​ៗ នឹង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន ជា​ពិសេស​ថ្ងៃ​ទិវា​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស​នេះ ។

បើ​តាម​លោក រិច គ្រី​ន អ្នក​ផលិត​អំបុក​រស់នៅ​ភូមិ​រកា ឃុំ​ល្វា ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ជា​ថ្ងៃ​ទិវា​ហូប​អំបុក​ទូ​ទាំង​ប្រទេស ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​នោះ លោក​រំពឹង​ថា ទីផ្សារ​អំបុក​នឹង​មាន​តម្លៃ​ខ្ពស់ ខណៈ​ថ្ងៃ​ធម្មតា​មាន​តម្លៃ​៤៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ផលិត​អំបុក​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​របស់​លោក​ប្រមាណ​ជាង​២០០​គ្រួសារ កំពុង​មាន​ទីផ្សារ​ជា​បណ្ដើរ​ហើយ និង​មាន​អ្នក​កុំម៉ង់​ទិញ​ជា​បន្ដបន្ទាប់​ផង​ដែរ​។

លោក រិច គ្រី​ន ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​លោក​ធ្វើ​អំបុក​បោះ​ឲ្យ​ក្រុម​ឈ្មួញកណ្ដាល​បាន​ប្រមាណ​១០០​គីឡូក្រាម ហើយ​នៅ​មុន​ថ្ងៃ និង​ក្រោយ​ថ្ងៃ​អបអរ​ទទួល​អំបុក​នេះ នឹង​ឡើងថ្លៃ​ជាង​នេះ ដែល​អាច​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ដែល​ស្រូវ​ធ្វើ​អំបុក​ត្រូវ​បាន​មក​ពី​ខេត្ដ​កំពង់ធំ ខេត្ដបាត់ដំបង និង​កន្លែង​ផ្សេង​ៗ​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ លោក ឆ​ន ណូ ដែល​ជា​អ្នក​ផលិត​អំបុក រស់នៅ​ស្រុក​ពួក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​អំបុក​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ទាំង​ការ​ប្រើប្រាស់​បច្ចេកទេស​ផលិត​អំបុក និង​ចំណាយ​ទិញ​ស្រូវ​ធ្វើ​អំបុក ប៉ុន្តែ​ស្រូវ​ដែល​យក​មក​ធ្វើ​អំបុក​នេះ ត្រូវ​យក​មក​ពី​តំបន់​ផ្សេង ដោយសារ​ស្រូវ​ដែល​ពួក​គាត់​ធ្វើស្រែ​ដោយ​ផ្ទាល់​ដៃ ទើប​ចេញ​ផ្កា មិន​ទាន់​ទុំ​ល្មម​បុក​អំបុក​នៅឡើយ ។

លោក ឆ​ន ណូ ឲ្យ​ដឹង​ទៀត​ថា អំបុក​ដែល​អ្នក​ភូមិ​ផលិត​ជា​អំបុក​ស្រូវ​ថ្មី​ពិត​ៗ ដោយ​គ្មាន​ប្រើ​ប្រាស់​សារធាតុ​អ្វី​ផ្សេង​ដាក់​ចូល​ក្នុង​អំបុក​នោះ​ឡើយ បើ​ទោះបី​ទិញ​ស្រូវ​ពី​តំបន់​ផ្សេង​ក៏​ដោយ ដូច្នេះ​ក្នុង​នាម​ជា​អ្នកលក់​អំបុក ក៏​ដូច​ជា​អ្នក​ផលិត​អំបុក​ក្នុងភូមិ ពួក​គាត់​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ទិវា​ទទួល​អំបុក​ទូ​ទាំង​ប្រទេស ដែល​ពួក​គាត់​រំពឹង​ថា អំបុក​ស្រូវ​ថ្មី​ស្នាដៃ​កូន​ខ្មែរ និង​មាន​ទីផ្សារ​ខ្ពស់ ។

គួរ​រំលឹក​ថា នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​យក​ថ្ងៃ​សៅរ៍ ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​បុណ្យ​​ឯករាជ្យ​ជាតិ ហើយ​បន្ត​ដោយ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ គឺជា​ថ្ងៃ​កម្ពុជា ត្រូវ​ទទួលទាន​អំបុក​នៅ​ទូ​ទាំង​ប្រទេស «​ហូប​អំបុក​ការពារ​ជាតិ , សាសនា , ព្រះមហាក្សត្រ​»​។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ត្រូវ​រៀបចំ​អំបុក​ឲ្យ​បាន​ហូប​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ