បើទោះជាយើងកំពុងឈឺដោយជំងឺតាមផ្លូវកាយក៏ដោយ ក៏យើងប្រឹងអត់ ប្រឹងស៊ូទ្រាំគឺឈឺតែម្នាក់ឯង មិនបៀតបៀនដល់អ្នកណាៗឡើយ ។ ការតាំងចិត្តមិនបៀតបៀននេះហើយជាសេចក្ដីល្អនាំឱ្យកើតសុខចម្រើន ក្នុងលោកនេះផង និងលោកខាងមុខផង ។
បើយើងជួបទុក្ខលំបាកយ៉ាងណាក៏ដោយ សម្រាប់យើងតែម្នាក់ឯងមិនជាអ្វីទេ កុំឲ្យតែមនុស្សដទៃមានសេចក្ដីទុក្ខ ជួបគ្រោះអាសន្នភ័យខ្លាចដោយសារយើង នោះវាជារឿងមិនគួរ ដែលជាហេតុនាំឱ្យប្រាសចាកសេចក្តីសុខព្រោះតែបៀតបៀនអ្នកដទៃ ។
កើតមកជាមនុស្សរស់ក្នុងលោកនេះ បានត្រឹមតែមិនបៀតបៀនដល់មនុស្សសត្វដទៃទៅ វាប្រពៃណាស់ហើយ បើបានបន្ថែមទឹកចិត្តមេត្តា ប្រាថ្នាឲ្យសព្វសត្វបានសេចក្ដីសុខទៀតនោះ គឺរឹតតែប្រពៃក្រៃលែង ជីវិតរមែងរស់នៅជាសុខ មានចិត្តស្ងប់ចាកគ្រឿងសៅហ្មងទាំងពួង ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា កិរិយាសង្រួម គឺការមិនបៀតបៀនដល់សត្វទាំងឡាយ នឹងនាំមកនូវសេចក្ដីសុខក្នុងលោក ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ