ទាល់តែ​ឆែក​ប្រព័ន្ធ GPS មើល​ទើប​ដឹង​…​ឃើញ​ប្លុង​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យ​បង្ខំចិត្ត​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង តាម​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​បាន​យក​ពី​ខណ្ឌ​កំ​បូល ហើយ​ម្ចាស់​ដេញ​តាម និង​មើល​តាម​ប្រព័ន្ធ​GPS ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​១៦ ខែតុលា​នេះ ។

ម៉ូតូ​ដែល​ចោរលួច​ហើយ​យក​ទៅ​ប្លុង​ចោល​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៨​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-3696 មាន​ម្ចាស់​ឈ្មោះ វ៉ា ឆើត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ដាក់​លូ ស្នាក់​នៅ​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

តាម​ម្ចាស់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ខ្លួន​បាន​ចត​ម៉ូតូ​នៅ​ការដ្ឋាន​ក្នុងភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល ហើយ​ទៅ​ធ្វើការ​ស្រាប់តែ​មាន​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់ ។ ដោយ​ម៉ូតូ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ខ្លួន​ឆែក​មើល​តាម​ទូរស័ព្ទ​ពី​ទិស​ដៅ​ម៉ូតូ​ជិះ​ចេញ​មក​តាម​ភូមិសាស្ត្រ សង្កាត់​ភ្លើង​ឆេះ​រទេះ ដេញ​តាម​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ ។

លុះ​ក្រោយមក​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ផ្លូវ​វេ​ង​ស្រេង​ឆ្លងកាត់​ខណ្ឌមានជ័យ ខណ្ឌចំការមន​និង​ឆ្ពោះ​មក​ខណ្ឌ​ឬ​ស្សី​កែវ ។ តាម​រយៈ​ប្រព័ន្ធ GPS ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​នៅ​ក្បែរផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ដែល​ជនសង្ស័យ​ប្លុង​ចោល រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ដឹង​ថា ម្ចាស់​តាម​នោះ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​នគរបាល​ក៏​បាន​នាំ​យក​ម៉ូតូ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ រួច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ