ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកចូលទីតាំងលក់ហ្គាស…ផ្ទុះឆេះកក្រើកកណ្តាល​យប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ជា​ច្រើន​ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្លាយ​ជា​ផេះ​ផង់ កាលពី​ជិត​ពាក់កណ្តាល​យប់ ថ្ងៃ​ទី​១៤ តុលា នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤សង្កាត់​ផ្សារ​កណ្តាល ក្រុង​​ប៉ោយ​ប៉ែ​ត…

​ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ជា​ច្រើន​ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្លាយ​ជា​ផេះ​ផង់ កាលពី​ជិត​ពាក់កណ្តាល​យប់ ថ្ងៃ​ទី​១៤ តុលា នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤សង្កាត់​ផ្សារ​កណ្តាល ក្រុង​​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្លើង ចំណែក​បុរស​ជា​ប្តី​របួសធ្ងន់ ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ ។ ការ​ឆាបឆេះ​នេះ​ដោយសារ​តែ​រថយន្ត​កាម​រី ១​គ្រឿង បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា និង​បន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​សេ​៊​រី​ឆ្នាំ​២០១៩ ជិះ​ស្រប​ទិស​គ្នា​ហើយ​រេ​ចង្កូត​បុក​ចូល​ទីតាំង​លក់​ហ្គា​ស បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​កក្រើក​ប្រៀប​ដូច​ជា​ការ​ផ្ទុះ​គ្រាប់បែក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​រថយន្ត​កាម​រី​១​គ្រឿង ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E.7477 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដោយសារ​គេចខ្លួន​បាត់​បាន​បោះពួយ​មក​ពី​ទិស​ខាងលិច ក៏​ជ្រុល​ចង្កូត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា បណ្តាល​ឱ្យ​កំពប់​រាយ​ប៉ាយ​ចម្ងាយ​ពី​ទីតាំង​កើតហេតុ​ប្រហែល​៧០​ម៉ែត្រ ហើយ​រថយន្ត​ដែល​បុក​បាន​ព្យាយាម​បើក​រត់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ សេ​៊​រី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​ទិស​គ្នា​រុញ​បន្ត​ទៅ​បុក​ទីតាំង​លក់​ហ្គា​ស ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៏​សាហាវ​នេះ​លំនៅ​ឋាន​អ្នកស្រុក​ត្រូវ​ឆាបឆេះ​រាលដាល​រហូត​អស់​១១​ខ្នង ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត នគរបាល​ស្រុក​អូរ​ជ្រៅ និង​ក្រុមហ៊ុន​កាស៊ីណូ ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​លោក សាន ស៊ា​ន​ហូ ប្រធាន​ក្រុមប្រឹក្សា​ក្រុង លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់​និង​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​សិប​រថយន្ត ។ ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​នីមួយ​ៗ​ដែល​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​គឺ ផ្ទះ​ខ្លះ​សូ​ម្បី​តែ​យានយន្ត​ក៏​ត្រូវ​ឆេះ​អស់​ដែរ គឺ​សល់​តែ​មួយ​ចង្កេះ ព្រោះ​ការ​ផ្ទុះ​ហ្គា​ស​ឆេះ​លឿន​ណាស់ ។

រថយន្ត​ម៉ាក​ធុន​ត្រា​១​គ្រឿង​របស់​គ្រួសារ​មួយ​ទើប​ទិញ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ ក្លាយជា​ផេះ​ផង់ និង​ម៉ូតូ​សម្ភារ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក៏​ឆេះ​ខ្ទេចខ្ទី​ដូច​គ្នា ។ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា​១​គ្រឿង ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​ក៏​បាន​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង រីឯ​ម៉ូតូ​ម៉ាក​សង់​សេ​៊​រី​ឆ្នាំ​២០១៩ មួយ​គ្រឿង ខូចខាត​ធ្ងន់ធ្ងរ​ដែរ ។

គ្រួសារ​មួយ​មាន​ប្តី​ឈ្មោះ ចាន់ សេង អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ាក ស៊ី​ថា អាយុ​៥២​ឆ្នាំ មុខរបរ​លក់​គ្រឿងទេស​អះអាង​ថា ផ្ទះ​គាត់​រង​ការ​ខូចខាត​តិចតួច តែ​ទ្រព្យសម្បត្តិ​បាត់​អស់​ច្រើន រួម​មាន​ប្រាក់​ខ្មែរ​៣​លាន​៦០​ម៉ឺន​រៀល លុយ​ថៃ​១៦០០០​បាត លុយ​អា​មេ​រិ​ក​១២០០​ដុល្លារ ទឹកបរិសុទ្ធ​គេ​យក​ទៅ​គប់​ដើម្បី​ទប់ស្កាត់​អណ្តាតភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​អស់​៣០០​យួរ និង​បាត់បង់​ទំនិញ​ជា​ច្រើន​ទៀត ។

អគ្គិភ័យ​ដែល​បង្ក​គ្រោះ​មហន្តរាយ​នេះ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ។ ចំពោះ​សាកសព​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ខ្មៅ​នោះ ដំបូង​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ ទើប​រក​ឃើញ គឺជា​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​ចំណាស់​ឈ្មោះ យាន ណៃ​អឿ​ន អាយុ​៥៥​ឆ្នាំ ស្នាក់​នៅ​ផ្សារ​រុង​ក្លឿ និង​ជា​ម្តាយ​ជន​រង​គ្រោះ​ខាងលើ​ប្រាប់​ថា កូនប្រុស​គាត់​ដែល​រង​របួសធ្ងន់​ឈ្មោះ ភឿន សុខ​នៅ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ នៅ​មុន​កើតហេតុ​កូនប្រុស​គាត់​បាន​ដឹក​ប្រពន្ធ​មក​ពី​ធ្វើការ​ឲ្យ​គេ​នៅ​ផ្សារ​រុង​ក្លឿ​ប្រុង​ទៅ​បន្ទប់​ស្នាក់​នៅ​ក៏​ជួប​រឿង​អកុសល ដោយសារ​អ្នក​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ជា​កូនប្រសា​របស់​គាត់ គឺ​ឈ្មោះ នី សុខ​នៀ អាយុ​២៩​ឆ្នាំ ជា​កម្មករ​ធ្វើ​រនាប​ជើង​នៅ​ផ្សារ​រុង​ក្លឿ មានកូន​ប្រុស​ស្រី​២​នាក់ នៅ​រៀន​ឯ​ខេត្តបាត់ដំបង ។

ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះ​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្ទះ​ដែល​រង​ការ​ខូចខាត​សរុប​១២​ខ្នង និង​ខូចខាត​ទាំងស្រុង​១១​ខ្នង ឯ​១​ខ្នង​ប្រហែល​៥០​ភាគរយ​។ លោក​អភិបាល​បន្ត​ថា ករណី​អគ្គិភ័យ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី ១​គ្រឿង បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា រួច​រេ​ចង្កូត​ទៅ​បុក​ទីតាំង​បញ្ចូល​ហ្គា​ស ទើប​បង្ក​ជា​អគ្គិភ័យ​កើតឡើង ។ លោក​បន្ត​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ទាំងស្រុង​នៅឡើយ​ទេ ព្រោះ​មន្ត្រី​និង​សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​និង​សាកសួរ​លម្អិត​។ ម្យ៉ាង​លោក​ថា ផ្ទះ​ទាំង​១២​ខ្នង​នេះ ទើប​មក​ជួល​ស្នាក់​នៅ​រកស៊ី​បាន​តែ​២​គ្រួសារ​ប៉ុណ្ណោះ ។

ដោយឡែក​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់ ប្រាប់​ថា ករណី​ខាងលើ​រថយន្ត​បង្កហេតុ​បុក​រះ​ម៉ូតូ​ស្រប​ទិស​៣​ត្រួត ដោយ​ទី​១​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា បន្ទាប់​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​២​នាក់​ប្តី​-​ប្រពន្ធ​ទៅ​ផ្ទប់​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​ស៊ុប​កំពុង​ឈប់​ចត​មុខ​ទីតាំង​បញ្ចូល​ហ្គា​ស និង​បុក​ចូល​ទីតាំង​បញ្ចូល​ហ្គា​ស​ផង ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទុះ​ធុង​ហ្គា​ស​ជា​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ។

សូម​បញ្ជាក់​ថា ទីតាំង​លក់​ហ្គា​ស​នៅ​ចំណុច​នោះ​មាន​ច្រើន​ជាប់​គ្នា​រដឹក​ដែល​គេ​អាច​បញ្ចូល​រថយន្ត​ក៏​មាន លក់​ជា​ធុ​ុ​ង​ក៏​មាន ។ ចំពោះ​ការ​បញ្ចូល​ហ្គា​ស​ដាក់​រថយន្ត​ប្រឈម​នឹង​ហានិភ័យ​គួរ​ឱ្យ​ខ្លាច ដោយសារ​មិន​មាន​ស៊ីទែន​ផ្ទុក​ឧស្ម័ន​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ទេ ហើយ​គ្រោះថ្នាក់​បំផុត​ដែល​ការ​លក់ដូរ​និង​ការ​បញ្ចូល​ហ្គា​ស​នៅ​ប្រប​នឹង​មាត់​ផ្លូវ​បែប​នេះ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ