រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានប្រាប់ទៅកាន់មន្ត្រីក៏ដូចជា គ្រូបង្រៀនយ៉ាងដូច្នេះថា ត្រូវបន្តពង្រឹងបរិយាកាសការងារ និងសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អថែមទៀតត្រូវមានវិធីសាស្ត្រគ្រប់គ្រងដឹកនាំប្រកបដោយតម្លាភាព គណនេយ្យភាព តាមទ្រឹស្ដី «ទឹកត្រជាក់ត្រីកុំ» ព្រមទាំងបន្តអនុវត្តតាមអភិក្រម «មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាលវះកាត់»។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាថ្ងៃទី១៥ ខែតុលានេះ ។ លោករដ្ឋមន្ត្រីក្រសួងការងារបានផ្ដល់អនុសាសន៍មួយចំនួនដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រូវពង្រីកសមត្ថភាពបង្រៀនរបស់គ្រូ និងសាស្ត្រាចារ្យពីកម្រិតបរិញ្ញាបត្រទៅដល់កម្រិតអនុបណ្ឌិត និងបណ្ឌិត តាមរយៈការសិក្សាបន្តនៅក្នុងប្រទេស ពិសេសនៅក្រៅប្រទេស ។
ក្រៅពីនេះត្រូវបន្តពង្រឹងបរិយាកាសការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អថែមទៀតត្រូវមានវិធីសាស្ត្រគ្រប់គ្រងដឹកនាំប្រកបដោយតម្លាភាពគណនេយ្យភាព តាមទ្រឹស្ដី «ទឹកត្រជាក់ត្រីកុំ» ។ ជាងនេះត្រូវបន្តអនុវត្តតាមអភិក្រម «មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាលវះកាត់» និងពង្រីកដៃគូនៅក្រៅប្រទេសទស្សនាកិច្ចសិក្សាផ្លាស់ប្ដូរគ្រូ និងរៀបចំឱ្យមានកម្មសិក្សាដល់សិស្សទាំងក្នុង និងក្រៅប្រទេសថែមទៀត ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ គ្រូ បុគ្គលិកសិក្សា សិស្សនិស្សិតក្នុងវិទ្យាស្ថាន ដែលបានចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសសូមកុំចូលរួមជាមួយក្រុមមួយក្តាប់តូចដែលព្យាយាមបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បាន និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របន្ថែមការបណ្ដុះបណ្ដាលភាសាកូរ៉េ និងជប៉ុន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេស គឺឆ្លើយតបទៅនឹងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ក្រោយមានការស្នើសុំផ្ទាល់ពីនាយកវិទ្យាស្ថានជាតិមួយនេះ ។
សូមជម្រាបថា ការចុះពិនិត្យផ្ទាល់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺជាលើកទី៣ ហើយ បន្ទាប់ពីស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ។ ការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺធ្វើឡើងស្របពេ លក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន និងកំពុងអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ដែលស្ថិតក្រោមឱវាទរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ