រាជធានីភ្នំពេញ ៖ ខុសពីកីឡាករភាគច្រើន និងគ្រូបង្វឹកដែលណែនាំថា ត្រូវលួចមើលវីដេអូ គូប្រកួតមុនពេលប៉ះគ្នាដើម្បីឲ្យដឹងពីបច្ចេកទេសនោះ ផ្ទុយទៅវិញកីឡាករជើងខ្លាំងផ្នែកគុនចម្រុះ ចាន់ សំអាត បែរជាផ្ដល់បទពិសោធន៍ផ្សេងទៅវិញ ។ ចាន់ សំអាត ស្នើកុំឲ្យកីឡាករមើលវីដេអូគូប្រកួត ដោយចាត់ទុកថា នោះគឺជាមធ្យោបាយធ្វើឲ្យបែកអារម្មណ៍ ។
ជើងខ្លាំងគុនចម្រុះ ចាន់ សំអាត បានអះអាងថា រូបគេមិនមានចំណូលចិត្តស្វែងរកបទពិសោធន៍និងសមត្ថភាពគូប្រកួតមុនពេលឡើងសង្វៀនទេ ព្រោះយល់ថាការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់គូប្រកួតកាន់តែលំអិត គឺមិនខុសពីធ្វើឲ្យខ្លួនឯងមើលឃើញពីចំណុចខ្លាំងផ្នែកណាមួយរបស់គូប្រកួត ហើយប្រែជាបំបាក់ស្មារតីរបស់ខ្លួននោះទេ ។ អ្នកផ្សេងគេកាន់តែមើល គេកាន់តែមានវិធានការទប់ស្នៀត ប៉ុន្តែសម្រាប់រូបគេ កាន់តែមើលកាន់តែបែកអារម្មណ៍ ហើយមានប្រែប្រួលការតាំងចិត្ត ។ យ៉ាងណាមិញ រូបគេមានទម្លាប់ប្រឹងប្រែងហ្វឹកហាត់ ហើយបើដល់ម៉ោងវាយគឺសម្រុកប្រកបដោយជំនឿចិត្តខ្ពស់តែម្ដង ។
កីឡាករដែលឡើងប្រកួតគុនចម្រុះបាន ៦ដងរូបនេះនិយាយថា រូបគេហ្វឹកហាត់ជាប្រចាំក្នុងក្លិប Cambodian Top Team ជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ហើយអត់ចង់មើលដៃគូប្រកួតរាល់ពេលមុនប្រកួតទេ ។ «ពេលខ្ញុំមើលទៅនាំបែកអារម្មណ៍ និងគិតនេះគិតនោះតប់ប្រមល់ច្រើន ។ ខ្ញុំអត់ចង់មើល ព្រោះពេលមើលទៅធ្វើឲ្យខ្ញុំគិតច្រើន។ ពេលឡើងទៅស្ទាបស្ទង់និងវាយយកតែម្ដង ខ្ញុំមានទំនុកចិត្តជាង»។
កីឡាកររូបនេះដែលមានឈ្មោះដើមថា ធាន អាត រៀបរាប់ទៀតថា នៅសង្វៀន ONE Championship រូបគេឡើងប្រកួត៣ដង ដោយឈ្នះម្តងនិងចាញ់២ដង ។ ក្នុងចំណោមការប្រកួត៣លើកនៅសង្វៀន ONE Championship ចាន់ សំអាត ឈ្នះកីឡាករថៃ Detchadin Srosi risuphathin កាលពីខែមីនា ឆ្នាំ២០១៨ មុនចាញ់កីឡាករហ្វ៊ីលីពីន Michael Fangki នៅខែកក្កដា ឆ្នាំដដែល និងចាញ់ពិន្ទុជើងខ្លាំងម៉ុងហ្គោ លី ZOLT-SETSEG កាលខែមេសា ឆ្នាំ២០១៩ កន្លងទៅនៅប្រទេសសិង្ហបុរី ។ ប៉ុន្តែបើនិយាយអំពីកំណត់ត្រាប្រកួតគុនខ្មែរវិញ ចាន់ សំអាត ឡើងសង្វៀនបានជាង១០០ដង ដោយរូបគេបញ្ជាក់ថា បើប្រកួតមិនមើលច្រើនពីគូប្រកួតច្រើនតែឈ្នះ តែបើមានគេជំរុញឲ្យមើល ដឹងតែចាញ់ព្រោះបែកអារម្មណ៍ ។
ចាន់ សំអាត សង្កត់ធ្ងន់ថា ពេលចំណាយពេលមើលគូប្រកួតរមែងតែងធ្វើឲ្យរូបគេភ័យ និង គិតច្រើន ទើបចាំតែឡើងវាយតែម្តង ដោយឃើញឱកាសចន្លោះប្រហោងកន្លែងណា សម្រុកវាយ កន្លែងហ្នឹងតែម្ដង ។ រូបគេដឹងតែម្យ៉ាង គឺត្រៀមខ្លួនឲ្យខ្លាំង ត្រៀមខ្លួនឲ្យល្អ រាល់ពេលត្រូវប្រកួត។
ការលើកឡើងរបស់ ចាន់ សំអាត ត្រូវគេចាត់ទុកថាគឺចំណុចខ្លាំងផ្នែកសតិអារម្មណ៍ល្អមួយ បញ្ចៀសការប៉ះពាល់ដល់សតិអារម្មណ៍ ជាពិសេសសម្រាប់កីឡាករដែលមិនសូវទុកចិត្តលើសមត្ថភាពខ្លួនឯងនៅមុនម៉ោងប្រកួត ។ ប៉ុន្តែអ្វីដែលកីឡាកររូបនេះលើកឡើង ក៏ផ្ទុយពីយុទ្ធវិធីរបស់កីឡាករភាគច្រើនដែរ ជាពិសេសចំពោះទ្រឹស្ដីដែលលើកឡើងថា ត្រូវសិក្សាស្វែងយល់ពីគូប្រកួតឲ្យបានច្រើននោះ ។
គួរបញ្ជាក់ថា ចាន់ សំអាត មានឈ្មោះ ដើម ធាន អាត ប៉ុន្តែបានប្ដូរត្រកូលតាម ខុន ស៊ីចាន់ ដោយយកឈ្មោះខាងចុងរបស់ ស៊ីចាន់ ធ្វើជាត្រកូលរបស់ខ្លួន ក្រោយពីកីឡាករជើងចាស់រូបនេះណែនាំឲ្យរូបគេទៅហាត់ប្រដាល់នៅឆ្នាំ ២០០៨ ជាមួយគ្រូបង្វឹក ឡោ វុទ្ធី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ។ រហូតដល់ឆ្នាំ២០១៣ ចាន់ សំអាត ចូលហ្វឹកហាត់ក្បាច់គុនចម្រុះត្រៀមប្រកួតជើង ឯក Khmer Warrior Challenge ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ស៊ីធីអិន និង MyTV ។
ចាន់ សំអាត ឈ្នះខ្សែក្រវាត់វាយដាក់ទ្រុង ឬគុនចម្រុះ Khmer Warrior Challenge វគ្គ ៣ នៅឆ្នាំ២០១៤ បន្ទាប់មកក៏បន្តទៅហ្វឹកហាត់ក្បាច់គុននៅក្លិប Cambodian Top Team មកទល់នឹងបច្ចុប្បន្ន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ