រាជធានីភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ចំពោះប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា ។ ការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈជួបពិភាក្សាការងារជាមួយប្រធានាធិបតីប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលានេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹកដែលធ្វើឡើងនៅប្រទេសហុងគ្រី ។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោបានលើកឡើងថា ក្នុងជំនួបជាមួយ ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីដែលធ្វើឡើងនៅវិមានប្រធានាធិបតី Sándor Palace សម្ដេចបញ្ជាក់ថា អំពីចំណុចពាក់ព័ន្ធទៅនឹងរឿង EBA ផងដែរ ដោយសម្ដេចបានស្នើឱ្យលោកប្រធានាធិបតីបន្តគាំទ្រដល់កម្ពុជាជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ ។ ជាមួយគ្នានោះដែរសម្ដេចតេជោក៏បានមាន ប្រសាសន៍លើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រី ដែលបច្ចុប្បន្ននេះ គឺមានចំនួន៣៨នាក់ ដែលពួកគេបាន និងកំពុងបន្ត និងខ្លះបញ្ចប់ការសិក្សា ។ ក្នុងជំនួបនោះដែរ ប្រធានាធិបតីហុងគ្រី បានលើកឡើងថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជា ។
លោកបានបន្តទៀតថា រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ហើយជាពិសេសទាក់ទងទៅនឹងបញ្ហា EBA នេះហុងគ្រី និងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។ ទាក់ទងទៅនឹងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានោះប្រធានាធិបតី ហុងគ្រី និងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាជាបន្តទៀត ដើម្បីមកសិក្សានៅប្រទេសហុងគ្រីជាបន្តបន្ទាប់ទៀត ។
ក្នុងជំនួបនោះដែរ ចំពោះបញ្ហាទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកលោកប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ដូចជា ស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយលោកសង្ឃឹមថា នៅពេលដែលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាលោក នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ។
សូមជម្រាបថា តបការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកប្រធានាធិបតីហុងគ្រី និងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅចុងខែ តុលានេះ ។
គួររំឮកថា ចំពោះបញ្ហា EBA វិញសហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីជាផ្លូវការផ្អាកជាបណ្តោះអាសន្ន EBA កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរកការព្យួរនៅខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងរយៈពេល១២ខែនេះ មានការបែងចែកដំណាក់កាលត្រួតពិនិត្យយ៉ាងហ្មត់ចត់ រយៈពេល៦ខែ (គិតចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅរហូតដល់ ខែកក្កដា ២០១៩) ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ