រឿង​កាក់​ឡាន​សង្គ្រោះ​ទុក ផ្លូវ​ឱ្យ​គណៈ​ប្រតិភូ ប្រតិកម្ម​កក្រើក​ក្នុង​បណ្តាញ​សង្គម


រាជធានី​ភ្នំពេញ ៖ រលក​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជុំវិញ​សមត្ថកិច្ច​កាក់​រថយន្ត​ពេទ្យ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទុក​ផ្លូវ​ឱ្យ​ក្បួន​គណៈប្រតិភូ ដែល​កាយវិការ​នេះ​ បាន​ទទួល​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ​រហូតដល់​ផេ​ក​ខ្លះ​គេ​បាន​យក​រូបភាព​នៅ​ប្រទេស​ជប៉ុន ដែល​ក្បួន​ដំណើរ​របស់​ព្រះ​ចៅ​អធិរាជ​បើកផ្លូវ​ឱ្យ​រថយន្ត​ពេទ្យ និង​នៅ​ឥណ្ឌា​មាន​ទាំង​វី​ដេ​អូ​ដែល​គេ​ផ្តល់​តម្លៃ​ឱ្យ​ប៉ូលិស​ដែល​ហ៊ាន​ឃាត់​ក្បួន​អ្នកធំ​ដើម្បី​ទុក​ផ្លូវ​ឱ្យ​រថយន្ត​ពេទ្យ ។ បើ​និយាយ​ឱ្យ​ចំ​រថយន្ត​ពេទ្យ​គឺ​មាន​សិទ្ធិ​អាទិភាព ដោយ​គ្មាន​ការ​រារាំង ។

ទោះជា​បែប​ណា​ក្តី ប្រតិកម្ម​ដែល​បាន​បញ្ចេញ​តាំងពី​ថ្ងៃ​ដំបូង​មក​នោះ បាន​ធ្វើ​ឱ្យ​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៩​នេះ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ជជែក​គ្នា​ពី​សំណាក់​មហាជន ពាក់ព័ន្ធ​នឹង​ករណី ឃាត់​រថយន្ត​សង្គ្រោះ ពេល​មាន​ក្បួន​ប្រតិភូ ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម Facebook យ៉ាង​ព្រោងព្រាត ។

តាម Facebook ផ្លូវការ​របស់​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​គំនិត​ដល់​មហាជន ត្រូវ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​រិះគន់ ឬ​ជជែក​វែកញែក​ពី​ហេតុការណ៍​អ្វីមួយ​ជា​មុន​សិន ចៀសវាង​ការ​វាយតម្លៃ​នោះ មិន​ត្រឹមត្រូវ​តាម​ស្ថានភាព​ពិតប្រាកដ ។ លោក​ថ្លែង​ថា «​ចំណេះដឹង​ផ្លូវ​កាត់​» បែប​នេះ​មិន​អាច​ជួយ​អ្វី​បាន​សម្រាប់​សង្គម​កម្ពុជា​ដ៏​កម្សត់​នេះ​ឡើយ ។

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​សរសេរ​ថា​៖«​ឃើញ​គេ​យក​រូបថត​ពីរ​-​បីសន្លឹក ដោយ​មិន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ណា​ផង ហើយ​ជជែក​គ្នា​បែក​ព្យុះ​ពី​អាទិភាព​រថយន្ត «​អ្នកធំ​» (​អត់​ដឹង​ធំ​កម្រិត​ណា​ទេ​) និង​«​រថយន្ត​ដឹក​អ្នកជំងឺ​» (​មិនដឹង​មាន​អ្នកជំងឺ​ឬ​អត់ ឡាន​ឈប់​ប៉ុន្មាន​ម៉ោង ?​) នេះ​ហើយ​ដែល​ជា​ការ​បារម្ភ​របស់ខ្ញុំ​លើ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «​ចំណេះដឹង​ផ្លូវ​កាត់​» [Shortcut knowledge] ពោល​គឺ​ចេះ​ច្បោល​ៗ​តែ​ច្រឡំ​ទុកចិត្ត​ថា ខ្លួន​ចេះ​ច្បាស់​ដូច​ថ្ងៃ !» ។

លោក​បញ្ជាក់​ថា «​លោក​មិន​រិះគន់​អ្នក​ណា​ទាំងអស់ តែ​លោក​ចង់​ឲ្យ​កូន​ខ្មែរ​ចេះ​របៀប​រៀន (Learn to learn) ដើម្បី​មាន​របៀប (​អភិក្រម​) វិភាគ​ជួយ​សង្គម​ដ៏​កម្សត់​របស់​យើង​បាន​» ។ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ក្នុង​បណ្តាញ​សង្គម​គេ​ឃើញ​មាន​ប្រតិកម្ម​ជា​ច្រើន​លើ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បាន​ថត​សកម្មភាព​ឃាត់​រថយន្ត​សង្គ្រោះ ពេល​មាន​ក្បួន​ប្រតិភូ ដែល​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ ទោះបីជា​យ៉ាងនេះ​ក្តី គេ​ក៏​មិនដឹង​ថា វី​ដេ​អូ​នោះ​ត្រូវ​បាន​ថត​នៅ​ពេល​ណា​ឡើយ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ