រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់វៀតណាមបានអះអាងថា វៀតណាមនឹងផ្តល់គ្រូជំនាញផ្នែកអធិការកិច្ចមកបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ចរយៈពេលខ្លី និងរយៈពេលមធ្យមនៅកម្ពុជា ។ ការផ្តល់គ្រូជំនាញនេះ បន្ទាប់ពីលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ។
ខណៈដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចចូលជួបសម្តែងការគួរសមជាមួយលោក ឡេ មិញខាយ អគ្គអធិការនៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាមនៅប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា នៅប្រទេសវៀតណាមលើកឡើងថា តាមរយៈជំនួបនាថ្ងៃនេះ គឺជាការអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចដែលបានចុះហត្ថលេខារួមគ្នា កាលពីឆ្នាំ២០០៥ ។
លោកស្រីបានស្នើឲ្យលោក ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ ដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ចរយៈពេលខ្លី និងរយៈពេលមធ្យម ។
ជាការឆ្លើយតបលោក ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើរនេះព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាមទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពបញ្ជូនមន្ត្រីរាជការមកទទួលការបណ្តុះបណ្តាលបានច្រើននាក់ ។ ជាមួយគ្នានោះដែរលោកស្រីក៏បានអញ្ជើញ លោកឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារអធិការកិច្ចរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ