ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​រាប់​ពាន់​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​អុំទូក​ជូន​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ​រីករាយ ។ លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ​រីករាយ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ពី​ការ​រឹត​បណ្តឹង​សន្តិសុខ​សណ្តាប់​យ៉ាង​តឹង​រឹង​ជាទី​បំផុត ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នា​ថ្ងៃ​ទី​១០ ទី​១១ និង​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​មានការ​ពង្រាយ​កម្លាំង​ដើរ​ល្បាត និង​ដាក់​បុ​ស្តិ៍​ឈរជើង​ការពារ​២៤​ម៉ោង លើ​២៤​ម៉ោង ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​ក្រៅ​បរិវេណ​កន្លែង​ប្រារព្ធ​ពិធី ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ផែនការ​ការពារ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា នៅ​សាលា​រាជធានី​ភ្នំពេញ ។ អភិបាល​បាន​បញ្ជាក់​ថា ការ​រៀបចំ​ផែនការ​ការពារ និង​កម្លាំង​ការពារ​សន្តិសុខ​នេះ គឺ​ដើម្បី​រៀបចំ​ជា​មុន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​បទល្មើស ការ​បង្កចលាចល និង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​ក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​នេះ មាន​មនុស្ស​ចូលរួម​ច្រើន ងាយ​ប្រឈម ងាយ​រងគ្រោះថ្នាក់​កើតឡើង​ច្រើន​ជាយថាហេតុ ។

លោក​បញ្ជាក់​ថា ដើម្បី​ធានា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ផែនការ​របស់​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​ជា​គណៈកម្មការ​ជា​ច្រើន​ទៀត​ដូច​ជា ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​គ្រប់គ្រង​កន្លែង​ចំណតទូក និង​ក្រុម​កីឡាករ ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តំបន់​សប្បាយភាព និង​គណៈកម្មការ​ផ្សេង​ៗ​ទៀត ។

សូម​បញ្ជាក់​ថា តាម​ការ​រំពឹង​ទុក​ឆ្នាំ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នឹង​មាន​ទូក ង ទូក​មួ​ង ចូលរួម​ប្រណាំង​ជា​ច្រើន​នៅ​ដង​ទន្លេសាប​រាជធានី​ភ្នំពេញ ស្ថិត​ក្រោម​ម្លប់​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ