ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​នានា​និង​អាជ្ញាធរ​គ្រប់​ខេត្តទាំង​អស់គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរ​មន​កោដ្ឋ

4 ឆ្នាំ មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​គម្រប់​ខួប​៧​ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្តេចព្រះនរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នា​ព្រឹកថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ មន្ត្រី​តាម​ស្ថាប័ន​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​គម្រប់​ខួប​៧​ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្តេចព្រះនរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នា​ព្រឹកថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ មន្ត្រី​តាម​ស្ថាប័ន​ជាតិ និង​អាជ្ញាធរ​តាម​រាជធានី​-​ខេត្ត បាន​ប្រារព្ធពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​តន​កោដ្ឋ ។ លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សមាជិក​សមាជិកា​រដ្ឋសភា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូប​ខាងកើត​វិមាន​ឯករាជ្យ ។

សូម​រំឭក​ថា ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។ ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែតុលារៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ ថ្នាក់​ដឹកនាំ​ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់ បាន​នាំ​គ្នា​យក​កម្រងផ្កា​ថ្វាយ​គោរព​សក្ការៈ​ចំពោះ​ព្រះ​បរម​រូប ។

ខេត្តកំពង់ចាម៖ នៅ​សាល​ប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ បាន​រៀបចំពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ បិតា​ឯករាជ្យបូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ​នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ ។ នា​ឱកាស​នោះ គេ​ឃើញ​មាន​វត្តមាន​លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ចូលរួមយ៉ាងច្រើន​កុះករ ដោយ​ម្នាក់​ៗ​នៅ​តែ​មាន​ក្តី​អាឡោះ​អាល័យ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ដែល​ហាក់ដូចជា​នៅ​ថ្មី​ៗ ។

លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ថ្លែង​ថា ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ពោល​គឺ​មាន​រយៈកាល​៧​ឆ្នាំ​មក​ហើយ ។ ថ្ងៃនេះ​កាលពី​៧​ឆ្នាំ​មុន ព្រះ​មហា​វីរក្សត្រ​ជាទី​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង បាន​ឃ្លា​តទៅ​កាន់​ទី​ដ៏​សែន​ឆ្ងាយ គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ ដោយ​បាន​បន្សល់​ទុក​នៅ​រាប់​ពាន់​រាប់​ម៉ឺន សែន​ស្រណោះ​អាឡោះអាល័យ សម្រាប់​ប្រជា​នុ
រាស្ត្រ​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ ។

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ថ្វាយ​ព្រះរាជ​កុសល​ដ៏​ថ្លៃថ្លា​ដល់​ព្រះករុណា​សម្ដេចព្រះ នរោត្តម សីហ​នុ ព្រះមហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត។
ពិធី​នេះ​ប្រព្រឹត្ត​ទៅ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ម៉ែ​ន វិបុល អភិបាលខេត្តសមាជិក​សមាជិកា​ក្រុម​ប្រឹ​ក្ស​ខេត្ត គណៈ​អភិបាល ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជុំវិញខេត្ត សិស្ស និស្សិត សរុប​ចំនួន​៥០០​នាក់ ។ ពិធី​នេះ​ក៏មានការ​និមន្ត​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ និង​សូត្រ ពុទ្ធ​ជ័យ​មង្គល​ហើយ​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំងសមាជិក​អង្គពិធី​ទាំងមូល បាន​ថ្វាយ​កម្រងផ្កា អុជទៀន​ធូប មានការ​ស្មឹង​ស្មាធិ៍​គោរព​ព្រះ​វិញ្ញាណ ក្ខ​ន្ធ និង​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ។

ជាមួយ​នេះ ក៏​មានការ​បង្ហាញ​ពី​សមិទ្ធផលនានា ដែល​កើតឡើង​ក្រោម​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ តែ​ត្រូវ​បាន​បំផ្លាញ​ដោយ​រដ្ឋប្រហារ​របស់​លោក​សេនាប្រមុខ លន់ ន​ល់ ។ លោក​អភិបាលខេត្ត ព្រមទាំង​អ្នក​ចូលរួម​ក៏​បាន​ប្រគេន​សាដក និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​៩​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិ​ញ្ញា
ណ​ក្ខ​ន្ធ​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ។

ខេត្តសៀមរាប៖ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​៧​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ កូន ចៅ ចៅទួត ចៅលួត​របស់​ព្រះ​អង្គ នៅ​តែ​មាន​ក្តី​សោកស្តាយ​អាឡោះអាល័យ​រក​ទីបំផុត​គ្មាន ។ ក្នុង​មួយព្រះ​ជន្ម​របស់​ព្រះ​អង្គ បាន​លះបង់​ទាំង​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ជាតិ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង​សេស និង​ខេត្ត​មួយ​ចំនួន​ពី​ប្រទេស​សៀម ព្រមទាំង​ប្រាសាទព្រះវិហារ ក្នុង​បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាពសមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។ ជាង​នេះ​ទៀត ព្រះ​វី​រៈស​កម្មភាព​របស់​ព្រះ​អង្គ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុ
ជា​ទទួល​បាន​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ អ​ព្យា​ក្រឹត្យ​ភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ នៅ​លើ​សកលលោក​ទៀត​ផង ។

នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ​ដែរនៅ​មុខ​ព្រះរាជ​ដំណាក់​ក្នុង​ក្រុង​សៀមរាប មាន​រៀបចំ​ពី​ធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការ​រំឭក​នូវ​គុណូបការៈ​របស់​ព្រះ​អង្គ ដែល​ប្រជានុរាស្ត្រ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី​រា​ការ កងកម្លាំងប្រដាប់អាវុធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សិស្សានុ សិស្ស និស្សិត ប្រជាពលរដ្ឋ និង​បងប្អូន​ខ្មែរ​អ៊ិ​សា្ល​ម​នៅ​ខេត្តសៀមរាប មិន​អាច​បំភ្លេច​បាន​នូវ​ព្រះរាជ​ សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​អង្គ ដែល​មួយ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ទ្រង់​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ប្រកបដោយ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​គ្រប់​កាលៈទេសៈ ។

ក្នុង​ពិធី​នោះ មាន​វត្តមាន​លោក អឹ​ុ​ង ហឿ​នប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទៀ សីហា អភិបាលខេត្ត អស់​លោក លោកស្រី ជា​គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​នគរបាល មេបញ្ជាការ​-​មេ​បញ្ជាការ​រង កងកម្លាំង​ប្រដាប់ អាវុធ និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរមន្ត្រីរាជការ និង​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ពាណិជ្ជករ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ ។

ខេត្តកំពង់ឆ្នាំង ៖ នៅ​សាលាខេត្ត នា​ព្រឹក​ថៃ្ងទី​១៤ ខែតុលា ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ សរុប​ចំនួន​១៩២​នាក់ បាន​អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់ខួប​៧​ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតនកោដ្ឋ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ និង​បាន​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​៩​អង្គ
ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខ​ន្ធ​របស់​ព្រះ​អង្គ ។

បន្ទាប់​ពី​ព្រះសង្ឃ​ជយ​ន្តោ ហើយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ក​រុណា​ព្រះ​បរម​រតន​កោដ្ឋ​រួច​មក លោក ឈួ​រ ច័ន្ទឌឿ​ន អភិបាលខេត្ត បាន​អាន​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​នុ និង​ការ​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​បាន​ទាំងស្រុង​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។

ព្រះ​អង្គ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋប្រហារមិន​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋប្រហារយោធា ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ ន​ល់ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។ ព្រះ​អង្គ​បាន​ធ្វើ​ព្រះរាជ​មាតុភូមិ​និវត្តន៍​ ​មក​កាន់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ និង​បាន​គង់​ជា​ម្លប់​ដល់​ប្រជារាស្ត្រ​រហូត​ដល់​ព្រះ​អង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ម៉ោង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា ។

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្តបាត់ដំបង ក៏​បាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ​នៃការ​យាង​ចូល​ទិវង្គត​នេះ​ដែរ ។
នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​បរិវេណវត្ត​ពោធិ៍​វាល ក្រុង​បាត់ដំបង លោក អ៊ុយ រី ប្រធាន
ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួ​ន រតនៈ អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​អង្គភាព លោកគ្រូ​អ្នកគ្រូ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាសមាគម​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក និងកង​ម្លាំ​ង​ប្រដាប់​អាវុធ អាជ្ញាធរ​ដោះ​មីន ចូលរួមគោរព​ព្រះ​វិញ្ញាណក្ខន្ធ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះរាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ។

ក្នុង​ពិធី​នោះ ​ក៏​មាន​រំឭក​ពី​ជីវប្រវត្តិ និង​ការ​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​បាន​ទាំងស្រុង​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រមទាំង​ស្នា​ព្រ​ហស្ត​ដ៏​ធំធេង ឧត្តុង្គឧត្តម ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នា​សម័យ​សង្គមរាស្ត្រនិយម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ