ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត កាលពីរសៀលថ្ងៃទី14 តុលា បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះឱ្យបុរសម្នាក់ឈ្មោះ ទិត្យខ្លី អាយុ43ឆ្នាំ មានប្រពន្ធមានកូនស្រី3នាក់រស់នៅភូមិ-ឃុំខាងលើ ។
បុរសឈ្មោះ ទិត្យ ខ្លី ដែលត្រូវបាននគរបាលស្រុកដងទង់ចាប់ខ្លួនកាលពីថ្ងៃទី8 ខែតុលា ឆ្នាំ2019 បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតដែលនគរបាលបានដាក់ការសង្ស័យថា បានសម្លាប់ស្ត្រីមេម៉ាយម្នាក់ឈ្មោះ សៅ ខេន អាយុ50ឆ្នាំ នៅភូមិត្រពាំងក្ដារកាលពីយប់ថ្ងៃទី1 ខែតុលា ឆ្នាំ2019 ។
កាលនោះស្ត្រីរងគ្រោះត្រូវបានគេវាយសម្លាប់យកខ្សែ.កមាសចំនួន3ជីកន្លះ និងលុយខ្មែរចំនួន50ម៉ឺនរៀល ។ ទោះជាបែបណានគរបាលស្នងការដ្ឋានបានសួរនាំបុរសឈ្មោះ ទិត្យ ខ្លី មិនជាប់ពាក់ព័ន្ធរឿងស្ត្រីមេម៉ាយម្នាក់ដែលត្រូវបានគេសម្លាប់យកទ្រព្យសម្បត្តិកាលពីដើមខែតុលានោះត្រូវបានដោះលែងឱ្យមកវិញ ។
បុរសឈ្មោះ ទិត្យ ខ្លី បាននិយាយថា ខ្លួនកំពុងតែដាក់ជីអំពៅក៏ស្រាប់តែត្រូវបាននគរបាលប៉ុស្តិ៍ស្រែជាខាងត្បូងមកហៅឱ្យទៅឃុំហើយត្រូវបានគេចាប់វាយខ្នោះតែម្ដង ។ ពេលដែលនគរបាលចាប់ទៅគេមិនបានធ្វើបាបអីទេគ្រាន់តែសួរនាំពាក់ព័ន្ធរឿងសម្លាប់មនុស្សតែខ្លួនមិនបានសម្លាប់ទេ ។ ដោយសាតែគ្មានតម្រុយគួរឱ្យសង្ស័យទើបដោះលែងមកវិញ ។
បុរសខាងលើប្រាប់បន្តថា ខ្លួនបានត្រឡប់មកដល់ផ្ទះវិញហើយតែក្នុងចិត្តនៅតែភ័យខ្លាចរហូតកោសក់ និងនិមន្តតព្រះសង្ឃសូត្រមន្តរំដោះគ្រោះចង្រៃឱ្យរួចផុតទៀតផង ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សោម សាយ ភេទប្រុស អាយុ55ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា ករណីវាយសម្លាប់ស្ត្រីម្នាក់យកទ្រព្យសម្បតិ្តនេះនគរបាលបានហៅប្រជាពលរដ្ឋជិត10នាក់ហើយទៅសួរនាំប៉ុន្តែមិនបានវាយខ្នោះដូចបុរសឈ្មោះ ទិត្យ ខ្លី ទេ បើនគរបាលចាប់មនុស្សច្រឡំច្រើនបែបនេះធ្វើឱ្យពលរដ្ឋនៅភូមិត្រពាំងក្ដារត់បាត់អស់ហើយ ។
លោក កង សំអឿន នាយនគរបាលប៉ុស្តិ៍ស្រែជាខាងត្បូងបាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី15 ខែតុលា ថាករណីស្ត្រីដែលត្រូវគេសម្លាប់នោះរកមិនទាន់ឃើញទេ ។ លោកនាយប៉ុស្តិ៍រូបនោះនិយាយថា ឈ្មោះ ទិត្យ ខ្លី នោះនគរបាលមិនបានចាប់ទេគ្រាន់តែហៅសួរនាំតែឈ្មោះ ទិត្យ ខ្លី និយាយថានគរបាលបានវាយខ្នោះដៃមួយយប់មួយថ្ងៃផងដែរ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ