ក្រុងហុងកុង ៖ មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី១៤តុលា លើកគ្នាធ្វើបាតុកម្មធំថ្មីនាកណ្ដាលក្រុងហុងកុង ដើម្បីទាមទារការគាំទ្ររបស់សហគមន៍អន្តរជាតិ ពិសេសការគាំទ្ររបស់សហរដ្ឋអាមេរិក។
ពួកបាតុករបានស្នើដល់បណ្ដាសមាជិកសភាអាមេរិក ឲ្យអនុម័តច្បាប់មួយដែលអាចដាក់ទណ្ឌកម្មបណ្ដាមេដឹកនាំចិន ដែលពួកគេចោទថាក្ដោបក្ដាប់នយោបាយនៃដែនដីពាក់កណ្ដាលស្វយ័តនោះ ដែលកំពុងជួបប្រទះនឹងវិបត្តិពុំធ្លាប់មានពីមុនមក។ ចលនាតវ៉ាចាប់ផ្ដើមពីខែមិថុនាមកក្រោយការបដិសធ កម្រោងច្បាប់មួយស្ដីពីការធ្វើបត្យាប័នទៅចិនដីគោក ដែលពេលនេះបោះបង់ចោលវិញ បន្ទាប់មកពួកស្និទ្ធលទ្ធិប្រជាធិបតេយ្យបានពង្រីកការទាមទារ។ ពួកគេស្នើជាពិសេសឲ្យមានសេរីភាពប្រជាធិបតេយ្យកាន់តែទូលាយឬការសើុបអង្កេតលើឥរិយាបថរបស់ប៉ូលិសតាំងពីចាប់ផ្ដើមការតវ៉ាមក។
ចំណែកចិនវិញបានចោទប្រកាន់ចលនាតវ៉ាដែលនៅបន្តនាទីក្រុងហុងកុងថា តាមពិតបង្កាត់ដោយកងកម្លាំងពីខាងក្រៅ ដោយលើពីបណ្ដាភស្ដុតាងបែបនេះឬបែបនោះព្រមទាំងបណ្ដាពាក្យពេចន៍ របស់អ្នកទទួលខុសត្រូវបរទេសមួយចំនួនដែលគាំទ្រពួកបាតុករ។ ប្រធានាធិបតីចិនលោកស៊ីជីនពីង ទើបព្រមានប្រឆាំងពួកសកម្មជនបំបែកខ្លួននិយមនៅចិនដោយថា ពួកគេនឹងត្រូវកម្ទេច។
លោកស៊ីជីនពីងថ្លែងបែបនេះ ក្នុងពេលបំពេញទស្សកិច្ចមួយ កាលពីចុងសប្ដាហ៍នៅនេប៉ាល់ជិតខាង។ លោកថ្លែងថានរណាក៏ដោយឲ្យតែប្រកាន់យកលទ្ធិបំបែកខ្លួននិយម ក្នុងផ្នែកណាក៏ដោយរបស់ចិន នឹងត្រូវកម្ទេចឲ្យក្លាយទៅជាផេះផង់។ រាល់កម្លាំងពីខាងក្រៅដែលគាំទ្រដល់ការបំបែកចិនកុំយល់សប្តិ។
ព្រឹទ្ធសមាជិកអាមេរិកមានវ័យក្មេងជាងគេអាយុ៣៩ឆ្នាំ លោកJOSH HAWLEY ដែលជាអ្នករិះគន់ខ្លាំងដែរចំពោះនយោបាយរបស់ចិន បានចាត់ទុកពាក្យពេចន៍ទាំងនោះ របស់លោកស៊ីថាជាវោហារសាស្ត្រហិង្សាបង្ហាញពីភាពចាំបាច់ សម្រាប់សហរដ្ឋអាមេរិកក៏ដួចជាបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុប ឲ្យប្រកាន់ភាពកាន់តែម៉ឺងម៉ាត់ប្រឆាំងក្រុងប៉េកាំង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ