ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត សោភា ទេពី ចេញ​មុខ​សុំ​ទោស​រឿង Cover បទ «​ស្ពាន​អូ​តា​គី​» (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង កញ្ញា សោភា ទេពី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ​ហើយ បន្ទាប់​ពី​នាង​បាន​លើកយក​បទ «​ស្ពាន​អូ​តា​គី​» មក​ច្រៀង…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង កញ្ញា សោភា ទេពី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ​ហើយ បន្ទាប់​ពី​នាង​បាន​លើកយក​បទ «​ស្ពាន​អូ​តា​គី​» មក​ច្រៀង Cover ថ្មី ខុស​ពី​បទ​មរតក​ដើម​ដែល​ច្រៀង​ដោយ​លោក ស៊ិ​ន ស៊ី​សា​មុត និង​ជា​ស្នាដៃ​និពន្ធ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿន ។

ការ​ចេញ​មុខ​សុំ​ទោស​ពី​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បទ​ចម្រៀង​ដែល​នាង​ច្រៀង​នេះ ទទួល​រង​នូវ​ការ​រិះគន់ និង​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​នាង​មិន​បាន​សុំ​ការ​អនុញ្ញាត្ត​។

សោភា ទេវី បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​នាង​ខ្ញុំ សុំ​ការ​យោគ​ពី​រៀមច្បង​បង​ៗ ជា​គ្រួសារ​កវីនិពន្ធ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ចំពោះ​ការ Cover បទ «​ស្ពាន​អូ​តា​គី​» ដោយ​បាន​កែ​ប៉ា​រ៉ូ​ល ពី​កម្មករ​រថភ្លើង​កម្សត់ មក​ជា​កម្មករ​រោងចក្រ​កម្សត់​។ ប៉ុន្តែ​គោលបំណង​តែ​មួយ​របស់​នាង​ខ្ញុំ គឺ​គ្រាន់តែ​ចង់អោយ​បទ​នេះ មាន​ខ្លឹមសារ​ស្រី​អាច​ច្រៀង​បាន​ប៉ុណ្ណោះ ។

នាង​ខ្ញុំ មិន​មាន​បំណង​បណ្ដុះបង្អាប់​ស្នាដៃ​របស់​រៀមច្បង «​ស្ពាន​អូ​តា​គី​» នេះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ដោយសារ​តែ​ស្រលាញ់ ទើប​យក​មក​ច្រៀង​ឡើង​វិញ និង​សុំ​ការ​យោគយល់​ចំពោះ​ការ​ផ្លាស់​ពាក្យ​មក​ជា​កម្មករ​រោងចក្រ ដើម្បី​អោយ​ត្រូវជា Version បទ​ស្រី​នោះ​។ សូម​មេត្តា​ខន្តី​អភ័យទោស​ចំពោះ​នាង​ខ្ញុំ សោភា ទេពី ប្រសិនបើ​មាន​កំហុសឆ្គង​» ។

លោក មុត ថា​រី ដែល​ជា​កូនប្រសា​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អះអាង​ប្រាប់ «​កោះសន្តិភាព​» តាម​សារ​អេ​ឡិច​ត្រូ​និក​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ថា បើសិនជា​ខ្ញុំ​មាន​ចង្កឹះ​វេទមន្ត ខ្ញុំ​នឹង​ចង្អុល​ឱ្យ​ចំ​បំពង់ក ជន​ប្រុស​ស្រី​ដែល​លួច​យក​បទ​ចម្រៀង​មរតក​ដើម​មក​កាឡៃ ឱ្យ​មាន​សំឡេង​ដូច​មាន់​អួល​អាច​ម៌ ហើយ​បើសិន​គេ​សួរ​ខ្ញុំ​ថា ហេតុ​អី​មិន​ប្តឹង? ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​គេ​ថា «​ខ្ញុំ​រង់ចាំ​មានច្បាប់​ដាក់គុក​ពពួក​ចោរ​ទាំងនោះ​សិន​» ។ ហើយ​បើ​គេ​សួរ​ខ្ញុំ​ទៀត​ថា «​បើ​គេ​បង្កើត​ច្បាប់​ដាក់គុក​នោះ​បាន​ហើយ តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាងណា?​» ពេល​នោះ​ខ្ញុំ​នឹង​ប្រាប់​គេ​ថា «​ចង្កឹះ​ខ្ញុំ​លែង​មាន​វេទមន្ត​ហើយ»។

លោក​បន្ថែម​ថា មាន​គេ​សួរ​ខ្ញុំ​ម្ដង​ហើយ​ម្ដងទៀត​ថា ហេតុ​អី​គ្មាន​ប្រតិកម្ម​អ្វី​សោះ រឿង​នាង​ម្នាក់​យក​បទ​លោក​កវី​ម្ចាស់​ស្ទឹង​សង្កែ​ទៅ​កែ​ច្រៀង​…! ខ្ញុំ​ឱ្យ​ម្ចាស់​សំណួរ​ជួយ​ទៅ​សួរ​អ្នក​លួច​វិញ​ថា មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ ពេល​ដែល​មហាជន​ជេរ​ដៀល ទាំង​ក្នុង និង​ក្រៅប្រទេស​នោះ? បើ​នាង​យល់​ថា ជា​កិត្តិយស​សំរាប់​នាង និង​ក្រុម​គ្រួសារ កុំ​ឈប់​អី​បន្ត​ទៀត​ទៅ ។

គួ​រំឭក​ថា ក្រុម​គ្រួសារ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​ចំពោះ​តារា​ចម្រៀង​នាង សោភា ទេពី ដែល​បាន​យក​បទ «​ស្ពាន​អូ​តា​គី​» មក Cover ច្រៀង​ថ្មី​ដោយ​មិន​មានការ​សុំ​អនុញ្ញាត្ត ។ ក្នុង​នោះ​ដែរ បទ​នេះ​ក៏​ត្រូវ​បាន​កែ​ទំនុក និង​ភ្លេង រួម​ទាំង​ការ​ច្រៀង​ក៏​មិន​ដូច​ដើម ខណៈ​បទ​ចម្រៀង​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន ត្រូវ​បាន​ចុះបញ្ជី​ជា​កម្មសិទ្ធិបញ្ញា​ឱ្យទៅ​ក្រុម​គ្រួសារ​របស់​លោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Sorphea Tepy Official & សុក ខន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ