ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​បន្ត​ពង្រឹង​វិស័យ​អធិការកិច្ច​ទ្វេភាគី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​បន្ត​ពង្រឹង​ទ្វេភាគី​លើ​វិស័យ​អធិការកិច្ច ។ ការ​បន្ត​ពង្រឹង​វិស័យ​នេះ ខណៈ​ដែល​លោក ឡេ មិ​ញ​ខា​យ (H.E…

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​បន្ត​ពង្រឹង​ទ្វេភាគី​លើ​វិស័យ​អធិការកិច្ច ។ ការ​បន្ត​ពង្រឹង​វិស័យ​នេះ ខណៈ​ដែល​លោក ឡេ មិ​ញ​ខា​យ (H.E Mr Le Minh Khai) អគ្គ​អធិការ (​រដ្ឋមន្ត្រី​) នៃ​អគ្គ​លេខា​ដ្ឋា​ន​អធិការកិច្ច​រដ្ឋាភិបាល​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​អ​ញ្ជើ​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ។

លោកស្រី ម៉ែ​ន សំ​អន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

លោក ចាប សុ​ថា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មាន​គោលបំណង​អនុវត្ត​អនុស្សា​រណៈ​យោគយល់​ដែល​ស្ថាប័ន​គ្រប់គ្រង​វិស័យ​អធិការកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០០៥ កន្លង​មក និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ អធិការកិច្ច ការ​ដោះស្រាយ​បណ្តឹងតវ៉ា បណ្តឹង​បរិហារ និង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ ។

លោក​បាន​បន្ថែម​ថា ម្យ៉ាងទៀត​ក៏​ជា​ការ​បង្កើន​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និត​បន្ថែម​ទៀត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​អធិការកិច្ច ការ​ដោះស្រាយ​បណ្តឹងតវ៉ា បណ្តឹង​បរិហារ និង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ផង​ដែរ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​គ្រោង​នឹង​អញ្ជើញ​គ្រូ​ឧទ្ទេសនាម​ផ្នែក​អធិការកិច្ច​របស់​វៀតណាម​មក​ធ្វើការ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើន​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ផ្នែក​អធិការកិច្ច ។ លោក​បន្ត​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​នឹង​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ឡេ មិ​ញ​ខា​យ អគ្គ​អធិការ ( រដ្ឋមន្ត្រី​) នៃ​អគ្គ​លេខា​ដ្ឋា​ន​អធិការកិច្ច​រដ្ឋាភិបាល​វៀតណាម ។ ជាមួយ​គ្នា​នោះ​ដែរ គណៈប្រតិភូ​ក្រសួង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​ទីក្រុង​ដា​ណាំង (Da Nang) និង​ក្រុង​ហូ​ជី​មិ​ញ (Ho Chi Minh) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ