ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​អាកា​រៈ​ព្រះ​បរម​រតន​កោដ្ឋ​ មុន​ពេល​​យាង​ចូល​ព្រះ​ទិវង្គត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​យាង​ចូល​ទិវង្គត​នៃព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូ​រណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​យាង​ចូល​ទិវង្គត​នៃព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូ​រណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​កម្ពុជា បាន​ឈាន​ដល់​ខួប​៧​ឆ្នាំ​ហើយ​(១៥​តុលា​២០១២-១៥​តុលា​២០១៩) ។

ពេល​នេះ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជ​សារ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ជម្រាប​ជូន​កូនចៅ​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ បានដឹង​អំពី​អាការ​ហ្លួង​ឪ មុន​ស្តេច​សោយ​ព្រះ​ទិវង្គត ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​កRoyal du Cambodge បាន​លើក​ឡើង​ថា បន្ទាប់ពី​ស្ថានភាព​ប្រឈួន​នៃ​សម្តេចឪ​មាន​ភាព​មិនល្អ​ប្រសើរ ក្នុង​លក្ខណៈ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ សម្តេចម៉ែ​ស្តេច​សព្វព្រះរាជហឫទ័យ​យាង​អម​ដង្ហែ​ព្រះ រាជដំណើរ​សម្តេចឪ ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ទៅ កាន់​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ដើម្បី​គង់​ប្រថាប់​ត្រួតពិនិត្យ​និង​ព្យាបាល​ព្រះរាជ​សុខភាព​ថ្វាយ​ព្រះ​អង្គ ។

នៅ​ទីនោះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ចិន​ដ៏​ចំណាន​ៗ ដែល​បាន​ខិតខំ​គាល់​បម្រើ​ព្យាបាល​ព្រះរាជ​សុខភាព​ថ្វាយ​អង្គ​សម្តេចឪ ប្រមាណ​ជាង​៤០​ឆ្នាំ​កន្លង​មកនេះ បាន​ទូល​ថ្វាយ​សម្តេចម៉ែ ប្រមាណ​ជាង​២​ឆ្នាំ មុន​ពេល​សម្តេចឪ​ទ្រង់​សោយ​ព្រះ​ទិវង្គត អំពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ប្រឈួន គឺ​បេះដូង​(​ព្រះ​ហ​ទយៈ​)​នៃ​សម្តេចឪ ក៏​ប៉ុន្តែ​ក្រុម​លោក​វេជ្ជបណ្ឌិត​ចេះ​តែ​ខិតខំ​ថែរក្សា​ព្យាបាល​ព្រះរោគ​ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត ធ្វើ​យ៉ាងណា​ឲ្យ​ទ្រង់មាន​ព្រះ​ជន្មាយុ​យឺនយូរ​បន្ត​ទៅ​ទៀត​។

រយៈពេល​ប៉ុន្មាន​ខែ​មុន​ទ្រង់​សោយ​ព្រះ​ទិវង្គត សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង ស្តេច​សោយ​ព្រះ​ក្រយា​ពុំ​សូវ​បាន​ច្រើន ហើយ​ទ្រង់​ផ្ទំ​ក៏ ពុំ​សូវ​បាន ។ ជា​រៀងរាល់ថ្ងៃ ព្រះ​អង្គ​តែងតែ​ថ្វាយបង្គំ​ព្រះ ហើយ​ស្តេច​គង់នៅ​ស្ងប់ស្ងៀម​មិនសូវ​មានព្រះរាជ​ឱង្ការ​អ្វី​ទាំងអស់ ។៣​ស​ប្តា​ហ៍​មុន​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត ព្រះ
អង្គ​ចាប់ផ្តើម​មាន​អាការ​មិនសូវ​ស្រួល ។ នៅ​ទីនោះ លោក​វេជ្ជបណ្ឌិត​ចិន​ដ៏​ចំណាន​ៗ​បាន​តាមដាន​ជាប់​រហូត និង​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​រិះរក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​ថែទាំ​និង​ព្យាបាល​ព្រះរាជ​សុខភាព​ទ្រង់​យ៉ាង​ល្អិតល្អន់​ជាទី​បំផុត ។

នៅ​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១២ ព្រះ​ក​រុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតនកោដ្ឋ ព្រះ​អង្គ​ចាប់ផ្តើម​ចាប់​ចុក​ព្រះ​ឱរា​ព្រះ​ហ​ទយៈ(​បេះដូង​)​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​ជា​បន្ទាន់​នោះ សម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​កូនចៅ​ចាំ​គាល់​បម្រើ​ហ្លួង​នៅ​ប៉េ​កាំ​ង បាន​​យាង​សម្តេចឪ​ចាកចេញពី​ព្រះរាជ​ដំណាក់​ទីក្រុង​ប៉េ​កាំ​ង ទៅ​កាន់​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ ។

នា​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ព្រះ​កុរ​ណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ចូល​ព្រះ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា នា​មន្ទីរពេទ្យ​ទីក្រុង​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជា​មានិ​ត​ចិន ដោយ​ចុកចាប់​ព្រះ​ហ​ទយៈ​(​បេះដូង​) ៕

អត្ថបទសរសេរ ដោយ