អ្នក​ភូមិ​តវ៉ា​រឿង​មេ​រង​ប៉េ​អឹ​ម​ស្រុក​…ជួយ​បើកភ្នែក​មើល​រាស្ត្រ​3​នាក់​ផង​


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយ​ទាប នាំ​គ្នា​លើកដៃ​សំពះ​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ឱ្យមានការ​ដោះ​លែង​ពលរដ្ឋ​៣​នាក់​រួម​មាន១-​ឈ្មោះ កុយ ណូ​រ៉ា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ២-​ឈ្មោះ សឹង ម​ន្ថា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ និង​៣-​ឈ្មោះ ចាន់ ង៉ោ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ដោយ​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ដែល​ជា​រឿង​មហា​អយុត្តិធម៌​បំផុត ។

ក្រោយ​ពី​មានការ​ចាប់ខ្លួន​និង​ទទួល​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ក្រុម​អ្នក​ភូមិ​បាន​ប្រាប់​ថា ពេល​នេះ​ក្រៅពី​ការ​រក​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រុម​អ្នក​ភូមិ​ក៏​ត្រៀម​ធ្វើ​បណ្តឹងសុំ​ឱ្យ​អាជ្ញាធរ​ស្រុក ខេត្ត​មក​ពិនិត្យ​ចំណុច​ទំនាស់​ឱ្យ​ឃើញជាក់ស្តែង តើ​អ្នក​ត្រូវ​ជាប់​ឃុំ​៣​នាក់​ទទួល​ភាព​អយុត្តិធម៌​បែប​ណាខ្លះ ?

ការ​តវ៉ា​របស់​ពលរដ្ឋ​មុន​ពេល​មានការ​ចាប់ខ្លួន​នេះ​បាន​ចោទ​ថា លោក​អនុសេនីយ៍ឯក ជិន ឌឿ​ន មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​បាន​ធ្វើ​របង​រំលោភ​យក​ដី​សាធារណៈ និង​បិទផ្លូវ​របស់​ប្រជា​ពលរដ្ឋ​ហើយ​ប្តឹង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទៀត ។ ករណី​តវ៉ា​ការ​ធ្វើ​របង​បិទផ្លូវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១១ តុលា​កន្លង​មក​នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ទួត នៅ ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ការ​ពិត​ប្រជាពលរដ្ឋ​គឺជា​អ្នក​រង​គ្រោះ​ដោយ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប បាន​ដាំ​បង្គោល​ថ្ម​ធ្វើ​របង​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ទំហំ​៩,៤០​ម៉ែត្រ ហើយ​បិទផ្លូវ​ប៉ះពាល់​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​៧​គ្រួសារ ដែល​មាន​សមាជិក​ជាង​៤០​នាក់ ។

បើ​តាម​លោកយាយ​ឈ្មោះ គង់ ចេ​ង អាយុ​៨១​ឆ្នាំ ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម មក​ម្ល៉េះ រហូត​បច្ចុប្បន្ន​ដែល​មាន​ទំហំ​៣,៥០​ម៉ែត្រ ប្រើប្រាស់​មិន​ដែល​មាន​ទំនាស់​ទេ ។ លោកយាយ​ថា​ទើបតែ​នៅ​ក្នុង​ខែសីហា ២០១៨​កន្លង​មក​លោក ជិន ឌឿ​ន មក​បោះ​បង្គោល​ធ្វើ​របង​បិទ​ចំ​កណ្តាលផ្លូវ​ប្រជាពលរដ្ឋ​ធ្លាប់​ប្រើប្រាស់​៧០​ឆ្នាំ​មក​ហើយ ដោយ​អយុត្តិធម៌ មិនតែ​ប៉ុណ្ណោះ​ប្តឹង​តុលាការ​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ទៀត ពិតជា​មហា​អយុត្តិធម៌​ណាស់ ។

លោកយាយ ខឹ​ម សាមី អាយុ​៧៨​ឆ្នាំ ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ខែសីហា ២០១៨ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ប្តឹង​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​-​ស្រុក​ចុះ​ដោះស្រាយ​បញ្ហា​មេ​ប៉េ​អឹ​ម​បិទផ្លូវ​ប្រជាពលរដ្ឋ​ដោះស្រាយ​៣​លើក​មក​ហើយ​គ្មាន​លទ្ធផល ចុង​ក្រោយ​ប្រជាពលរដ្ឋ​ដែល​ជាដើម​បណ្តឹង ស្រាប់តែ​នៅ​ថ្ងៃ​ទី​១០ តុលា ២០១៩ វេលា​ម៉ោង​២​រសៀល ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប ចាប់ខ្លួន​ឈ្មោះ កុយ ណូ​រ៉ា ដាក់គុក ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា ២០១៩​មក​ចាប់ខ្លួន​ពលរដ្ឋ​២​នាក់​ទៀត ។

ករណី​នេះ​ដែរ​លោក ម៉ែ​ន សា​រ៉ា​ន់ អភិបាលស្រុក​ស្វាយ​ទាប​បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១២ តុលា​ថា បើ​ចង់​ដឹង​រឿង​ពិត​ចាំ​ស្អែក​ទៅ​ជួប​លោក​នៅ​សាលាស្រុក​ទើប​លោក​ឆ្លើយ​បាន​ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ ។ បើ​តាម​មន្ត្រី​សាលាស្រុក​ស្វាយ​ទាប​ម្នាក់​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្តឹង​មក​សាលាស្រុក​ស្វាយ​ទាប សុំ​ឲ្យ​លោក​អភិបាលស្រុក​ចុះ​ដោះស្រាយ​ករណី​លោក ជិន ឌឿ​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​បិទផ្លូវ​របស់​ប្រជាពលរដ្ឋ​នេះ ។

លោក​អភិបាលស្រុក​បាន​ឲ្យ​លោក ទួត នៅ ប្រធាន​ភូមិបាល​ស្រុក​ចុះ​ទៅ​ពិនិត្យ​វាស់វែង​ហើយ​ឃើញ​ថា លោក ជិន ឌឿ​ន បាន​ធ្វើ​របង​រំលោភ​ចំណី​ផ្លូវ​សាធា​រណៈ​របស់​រដ្ឋ​ទំហំ​៩,៤០​ម៉ែត្រ មែន​និង​ដាំ​បង្គោល​ថ្មី​ចេញពី​របង​ចាស់​ប្រវែង​៤​ម៉ែត្រ គឺ​បង្គោលរបង​ថ្មី​ចាក់​បេតុង​រឹង​មាំ​ធ្វើ​នៅ​ចំ​កណ្តាលផ្លូវ​តែ​ម្តង ដែល​ជា​ផ្លូវលំ​ចាស់​តាំងពី​សង្គម​មុន​ម្ល៉េះ ។

អាជ្ញាធរ​បាន​កោះហៅ​ភាគី​ប្រជាពលរដ្ឋ​ដែល​ជាដើម​បណ្តឹង​និង​លោក ជិន ឌឿ​ន ចុង​បណ្តឹង​ដោះស្រាយ​ចំនួន​៣​លើក ក៏​ប៉ុន្តែ​គ្មាន​លទ្ធផល ។ លើក​ទី​១ នៅ​ថ្ងៃ​ទី​២២ សីហា ២០១៨ លើក​ទី​២ នៅ​ថ្ងៃ​ទី​៣ កញ្ញា ២០១៨ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៣ កញ្ញា ២០១៨ នៅ​តែ​គ្មាន​ដំណោះស្រាយ​ទើប​បញ្ជូន​សំណុំរឿង​ទៅ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​ទទួល​បន្ទុក​ដោះស្រាយ​ ។

ក៏​ប៉ុន្តែ​ភាគី​លោក ជិន ឌឿ​ន បាន​បន្ត​ដាំ​បង្គោលរបង​បន្ថែម​១​ដើម​ទៀត ទើប​ប្រជាពលរដ្ឋ​មក​រារាំង​រហូត​ប្រទាញប្រទង់​បាក់​រលំ​បង្គោល​១​ដើម ដែល​ទើបនឹង​ចាក់​មិន​ទាន់​រឹង​រលំ​ដួល ហើយ​ខាង​ភាគី​លោក ជិន ឌឿ​ន បាន​ដាក់​ពាក្យ​បណ្តឹង​មក​តុលាការ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ដោយ​ចេតនា ហើយ​ក៏​មានការ​នាំ​ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៅ​សាកសួរ​និង​ទទួល​ការ​ចោទប្រកាន់​ពី​តុលាការ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ដែល​អ្នក​ភូមិ​ចោទ​ថា មហា​អយុត្តិធម៌​ណាស់ ។

ទាក់ទិន​ករណី​នេះ​ដែរ ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក ជិន ឌឿ​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​បាន​ទេ មក​ដល់​ល្ងាច​ថ្ងៃ​ទី​១២ តុលា ។ ទាក់ទិន​ការ​ធ្វើ​របង​បិទផ្លូវ​ប្រជាពលរដ្ឋ​ដោយ​មន្ត្រី​អាវុធហត្ថ​នេះ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​បាន​ប្រសាសន៍​ខណៈ​សុំ​ការ​បំភ្លឺ​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​លោក​អភិបាលស្រុក​ស្វាយ​ទាប​នៅឡើយ​ទេ ចាំ​លោក​សួរ​ទៅ​អភិបាលស្រុក​សិន ។
ឱ ! ក្រុមការងារ​ជួយ​ខេត្តស្វាយរៀង​អើយ ជួយ​មើល​សុខទុក្ខ​រាស្ត្រ​ផង ។ ពេល​នេះ​អ្នកមាន​អំណាច​មូល​ដ្ឋាន​មិន​អាច​ជួយ​រាស្ត្រ​បាន​ទេ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ