ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លែងដៃ​ចោល ​ពួក​ឃើ​ត​ពឹង​កង​ទ័ព​​​ស៊ី​រី

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ពួក​ឃើ​ត​ស៊ី​រី​ដែល​អា​មេ​រិ​ក​លែងដៃ​ចោល ប្រកាស​នា​ថ្ងៃ​ទី​១៣​តុលា​ថា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​ដា​ម៉ាស់ សម្រាប់​ការ​ដាក់​ពង្រាយ​កងទ័ព​ស៊ីរី​នៅ​ភាគ​ខាងជើង​ប្រទេស ដើម្បី​ប្រឆាំង​ទប់ទល់​ការ​វាយ​រុលទៅមុខ​យ៉ាង​រហ័ស របស់​កងទ័ព​តួ​ក​គី​និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​។ ការ​វាយលុក​របស់​តួ​ក​គី​ដែល​បើក​ធ្វើ​ចាប់តាំងពី​៥​ថ្ងៃ​មក​ហើយ ក្រោយ​ការ​ដកថយ​នៃ​កងទ័ព​អា​មេ​រិ​ក…

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ពួក​ឃើ​ត​ស៊ី​រី​ដែល​អា​មេ​រិ​ក​លែងដៃ​ចោល ប្រកាស​នា​ថ្ងៃ​ទី​១៣​តុលា​ថា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​ដា​ម៉ាស់ សម្រាប់​ការ​ដាក់​ពង្រាយ​កងទ័ព​ស៊ីរី​នៅ​ភាគ​ខាងជើង​ប្រទេស ដើម្បី​ប្រឆាំង​ទប់ទល់​ការ​វាយ​រុលទៅមុខ​យ៉ាង​រហ័ស របស់​កងទ័ព​តួ​ក​គី​និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​។

ការ​វាយលុក​របស់​តួ​ក​គី​ដែល​បើក​ធ្វើ​ចាប់តាំងពី​៥​ថ្ងៃ​មក​ហើយ ក្រោយ​ការ​ដកថយ​នៃ​កងទ័ព​អា​មេ​រិ​ក ក៏​ទោះ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​របស់​អន្តរជាតិ​ក្ដី គឺ​សំដៅ​បង្កើត​តំបន់​សន្តិសុខ​មួយ មាន​ជម្រៅ​៣២​គីឡូម៉ែត្រ​ក្នុង​ទឹកដី​ស៊ី​រី ដើម្បី​ពុះ​ញែក​ព្រំដែន​ខ្លួន ពី​បណ្ដា​ដែនដី​កាន់កាប់​ត្រួតត្រា​ដោយ​កងឯកភាព​ការពារ​ប្រជាជន​YPG ជា​កងជីវពល​ឃើ​ត​ដែល​ក្រុង​អង់កា​រ៉ា​ចាត់ទុកជា​ក្រុម​ភេរវកម្ម​។ តាម​តួ​ក​គី​ថា​តំបន់​នោះ​អាច​ទទួល​មួយ​ផ្នែក នៃ​ជនភៀសខ្លួន​ស៊ីរី​ប្រមាណ​ជា​៣,៦​លាន​នាក់ ដែល​បច្ចុប្បន្ន​រត់​ភៀសខ្លួន​ទៅ​តួ​ក​គី ដែល​នោះ​ជា​ផលវិបាក​នៃ​ជម្លោះ​នៅ​ស៊ី​រី​ចាប់ពី​ឆ្នាំ​២០១១​មក​។

កាលពី​ថ្ងៃ​ទី​១៣​តុលា​របប​លោក​បា​ចា​អាល់​អាសា​ដ ដែល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​ពួក​ជនជាតិភាគតិច​ឃើ​ត តែ​បរិហារ​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​ចូល​ដែនដី​ខ្លួន ប្រកាស​ពី​ការ​បញ្ជូន​កងទ័ព​ទៅ​កាន់​ភាគ​ខាងជើង​ប្រទេស ដើម្បី​ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​របស់​តួ​ក​គី​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី​ANADOLU​និង​អង្គការ​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ក្នុង​ការ​វាយលុក​យ៉ាង​លឿន​កងទ័ព​តួ​ក​គី​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​TAL ABYAD ខណៈ​ទីក្រុង​RAS AL AIN​នៅ​មិន​ទាន់​ដណ្ដើម​យក​បាន​នៅឡើយ តែ​កងទ័ព​តួ​ក​គី​ដណ្ដើម​យក​បាន​ភូមិ​៤០ ចាប់តាំងពី​វាយលុក​ពី​ថ្ងៃ​ទី​៩​តុលា​មក ព្រមទាំង​ដណ្ដើម​យក​បាន​តំបន់​ព្រំដែន​ទាំងមូល ពី​ក្រុង​TAL ABYAD​រហូត​ដល់​ខាងលិច​ក្រុង​RAS AL AIN​។

ការ​ប្រយុទ្ធ​និង​ការ​បាញ់​ផ្លោង​ព្រមទាំង​ទម្លាក់​គ្រាប់បែក​របស់​តួ​ក​គី​និង​សម្ព័ន្ធមិត្ត ពិតជា​សាហាវ​បំផុត​នា​ថ្ងៃ​ទី​១៣​តុលា ដោយ​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​២៦​នាក់​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​យ៉ាងតិច​១០​នាក់​ស្លាប់ ដោយ​ការ​ទម្លាក់​គ្រាប់បែក លើ​ក្បួន​រថយន្ត​មួ​យ​ដែល​មាន​បណ្ដា​អ្នក​កាសែត​ជិះ​ផង​ដែរ​។ តាម​សេចក្ដីរាយការណ៍​នានា​ថា អ្នកកាសែត​៣​នាក់​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នេះ​។

ចាប់តាំងពី​ថ្ងៃ​ទី​៩​តុលា​មក យុទ្ធ​ជន​ឃើ​ត​១០៤​នាក់​និង​ជន​ស៊ី​វិល​ជាង​៦០​នាក់​បាន​ត្រូវ​ស្លាប់​។ ចំណែក​តួ​ក​គី​ប្រកាស​ពី​ការ​ស្លាប់​ទាហាន​ខ្លួន​៤​នាក់​នៅ​ស៊ី​រី ហើយ​ជន​ស៊ី​វិល​តួ​ក​គី​១៨​នាក់​ស្លាប់​ដោយសារ​គ្រាប់​រ៉ុក្កែត​ពួក​ឃើ​ត ធ្លាក់់់​ក្នុង​ទីក្រុង​ទាំងឡាយ​របស់​តួ​ក​គី​នៅ​ព្រំដែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ