ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ច្រើន​ដង​មិន​លើក លុះ​បើកទ្វារ​​… ក៏​​ឃើញ​ដេក​អាក្រាត​កាយ​ក្នុង​បន្ទប់​ទឹក​​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកលក់​អចលនទ្រព្យ​ម្នាក់​មាន​ជំងឺលើសឈាម ហើយ​ត្រូវ​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំង​អាក្រាត​កាយ​ក្នុង​បន្ទប់ទឹក ខណៈ​តេ​ច្រើន​ដង​ពុំ​លើក លុះ​បើកទ្វារ​ចូល​ទៅ​មើល​ក៏​ប្រទះ​ឃើញ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​កាលពី​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកលក់​អចលនទ្រព្យ​ម្នាក់​មាន​ជំងឺលើសឈាម ហើយ​ត្រូវ​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំង​អាក្រាត​កាយ​ក្នុង​បន្ទប់ទឹក ខណៈ​តេ​ច្រើន​ដង​ពុំ​លើក លុះ​បើកទ្វារ​ចូល​ទៅ​មើល​ក៏​ប្រទះ​ឃើញ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​កាលពី​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះល្វែង​លេខ​35A ផ្លូវ​១០០៧ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ជិន ចាន់​ថន អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់​អចលនទ្រព្យ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​សាកសួរ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​គឺ​មាន​ជំងឺលើសឈាម​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​មក​ហើយ ដោយ​កន្លង​មក​បុរស​រង​គ្រោះ​តែងតែ​មក​សំរាក​យូរ​ៗ​ម្តង​នៅ​ក្នុងផ្ទះ​កើតហេតុ​ដែល​ជា​ការិយាល័យ​លក់​អចលនទ្រព្យ​។ លុះ​កាលពី​ថ្ងៃ​ទី​១៣ តុលា មុន​កើតហេតុ បុរស​រង​គ្រោះ​ក៏​ទៅ​សំរាក​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​ដូច​សព្វដង ដោយ​នៅផ្ទះ​កើតហេតុ​ក៏​មាន​បុរស​ម្នាក់​ទៀត​ដែល​ធ្វើការ​ជាមួយ និង​ជា​អ្នក​ដេក​យាម​នៅផ្ទះ​កើតហេតុ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​បុរស​រង​គ្រោះ​ក៏​ចូល​ទៅ​សំរាក​ក្នុង​បន្ទប់​ជាន់​ឡៅតឿ​តែ​ម្នាក់ឯង ចំណែកឯ​បុរស​ម្នាក់​ទៀត​ក៏​ចូល​ទៅ​សំរាក​ក្នុង​បន្ទប់​ផ្សេង​ទៀត​ដែល​នៅ​ក្នុងផ្ទះ​កើត​ហេតុ​ជា​ធម្មតា​ដូច​សព្វដង​។ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ បុរស​ដែល​ជា​អ្នក​ដេក​យាម​នៅផ្ទះ​ក៏​ទូរស័ព្ទ​ទៅ​បុរស​រង​គ្រោះ តែ​ពុំ​មានការ​ឆ្លង​តប​នោះ​ទេ​។ ខណៈនោះ​បុរស​ខាងលើ​ក៏​មិន​បាន​ចាប់អារម្មណ៍​អ្វី​នោះ​ទេ ព្រោះ​គិត​ថា​បុរស​រង​គ្រោះ​អស់កម្លាំង និង​អត់ងងុយ​ជាមួយនឹង​ការងា​ច្រើន ទើប​បានជា​គេង​យូរ​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ក្រោយមក ដោយ​មិនឃើញ​បុរស​រង​គ្រោះ​ចេញពី​ក្នុង​បន្ទប់​ទាល់តែ​សោះ ធ្វើ​ឲ្យ​បុរស​ដែល​ជា​អ្នក​ដេក​យាម​នៅ​ក្នុងផ្ទះ​ចាប់ផ្តើម​មាន​ការ​សង្ស័យ ក៏​ព្យាយាម​ទូរស័ព្ទ​ទៅ​បុរស​រង​គ្រោះជា​បន្ត​ទៀត ប៉ុន្តែ​ទោះជា​ខំព្យាយាម​ទាក់ទង​យ៉ាងណា ក៏​នៅ​តែ​មិន​មានការ​ឆ្លើយ​តប​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ បុរស​រូប​នោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នកធ្វើការ​ជាមួយ​ផ្សេង​ទៀត និង​ឡើង​ទៅ​មើល​បន្ទប់​ជាន់​ឡៅតឿ​ដែល​ជា​បន្ទប់​បុរស​រង​គ្រោះ​សំរាក ពេល​ដែល​បើកទ្វារ​បន្ទប់​ចូល​ទៅ​ក៏​ស្រាប់តែ​ឃើញ​បុរស​រង​គ្រោះ​ដេក​ផ្កាប់មុខ​នៅ​មាត់ទ្វារ​បន្ទប់ទឹក​បែក​ក្បាល និង​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​ទៅ​លើ​សព​បុរស​រង​គ្រោះ​ឃើញ​ថា បុរស​រង​គ្រោះ​ពិតជា​បាន​ដួល​បោក​ក្បាល​ស្លាប់ ដោយសារ​ជំងឺលើសឈាម​ពិតប្រាកដ​មែន​។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថ​កិច្ច​ក៏​ប្រគល់​សព​ជន​ង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពត​។ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ