ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ប្រាក់ខែ​មន្ត្រីរាជការ​ឡើង​ដល់​កម្រិត​ណា​ក៏​មិន​យកពន្ធ​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​ប្រាក់ខែ​មន្ត្រីរាជការ​ឡើង​ដល់​កម្រិត​ណា​ក៏​រាជរដ្ឋាភិបាល​មិន​យកពន្ធ​ដែរ បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​ប្រាក់ខែ​មន្ត្រីរាជការ​ឡើង​ដល់​កម្រិត​ណា​ក៏​រាជរដ្ឋាភិបាល​មិន​យកពន្ធ​ដែរ បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​កូនក្មួយ​និស្សិត​ខ្មែរ​នៅ ប្រទេស​ហុង​គ្រី នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ។

យោង​តាម​បណ្តាញ​សង្គម​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​កូនក្មួយ​ក៏​ដូច​ជា មន្ត្រីរាជការ​ឲ្យ​បាន​ជ្រាប​ថា ចំពោះ​ប្រាក់បៀវត្សរ៍​អប្ប​រិ​មា​ទោះបី​ឡើង​ដល់​ណា​ក៏​រដ្ឋាភិបាល​អត់​យកពន្ធ​ដែរ​ដូច​ជា ប្រាក់ខែ​គ្រូបង្រៀន​ដែល​ឡើង​ពី​១​លាន​២​សែន ទៅ​១​លាន​៣​សែន គឺ​អត់​យកពន្ធ​ទេ ។ ក្រសួង​សេដ្ឋកិច្ច​នឹង​ប្រកាស​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ជា​ផ្លូវការ ។

សម្តេច​តេ​ជោ​បាន​លើក​បញ្ជាក់​សារ​ជា​ថ្មី ជម្រាប​ដល់​កូនក្មួយ​ក៏​ដូច​ជា ពលរដ្ឋ ជា​ពិសេស​កសិករ​ឲ្យ​បាន​ជ្រាប​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ឆ្នោត ហើយ​សម្តេច​តេ​ជោ នៅ​តែ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ គឺ​១-​រាជរដ្ឋាភិបាល​មិន​យកពន្ធ​លើ​ដីស្រែ​ចម្ការ​របស់​បងប្អូន​ប្រជា​កសិករ​ឡើយ ។ ២- បៀវត្សរ៍​អប្ប​រិ​មា ទោះបី​ឡើង​ដល់​ណា​ក៏​អត់​ជាប់ពន្ធ​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្មួយ​ៗ​ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ដែល​មានការ​រីក​ចម្រើន​ដូច​ជា ប្រទេស​ហុង​គ្រី​នេះ​ជាដើម ។

តាម​ការ​សាកសួរ​ពី​សម្តេច​តេ​ជោ គឺ​មាន​និស្សិត​យើង​មក​ពី​ខេត្ត​មួយ​ចំនួន​ដូច​ជា ស្វាយ​រៀង បាត់ដំបង កណ្តាល រតនគិរី បន្ទាយ​មាន​ជ័យ ភ្នំពេញ និង​តាកែវ ។ និស្សិត​មួយ​ចំនួន​ក្រោយ​ពី​ចប់​ការ​សិក្សា​ហើយ​ក៏​មានការ​ងារ​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​នៅ​ទី​នេះ​តែ​ម្តង ។ ភាគច្រើន​និស្សិត​ដែល​មក​រៀន​នៅ​ទី​នេះ គឺ​មាន​កម្រិត​បរិញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ។

សម្តេច​តេ​ជោ បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​និស្សិត​ខ្មែរ​ឲ្យ​ខិតខំ​រៀនសូត្រ​គោរព​ច្បាប់​ប្រទេស​គេ ហើយ​បន្ត​សិក្សា​ឲ្យ​បាន​ជ្រៅជ្រះ ប្រសិនបើ​ជួប​ការ​លំបាក​លើ​បញ្ហា​អ្វីមួយ​ក្នុង​ពេល​សិក្សា គឺ​រាជរដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​កូនក្មួយ​និស្សិត​គ្រប់​ៗ​គ្នា​ដូច​ជា ចំណុច​មួយ​ដែល​និស្សិត​ស្រី​ម្នាក់​បាន​លើក​ឡើង គឺ​ប្រសិនបើ​សិក្សា​នៅ​ក្រៅប្រទេស​ហើយ​អស់​បូក ហើយ ហើយ​ក្នុង​កិច្ចសន្យា បើ​រៀន​ចប់​ហើយ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ។

ករណី​សម្តេច​តេ​ជោ​នឹង​ដោះស្រាយ​ជូន​មិន​ឲ្យ​កូនក្មួយ​និស្សិត​ពិបាក​ទេ​ក្នុង​ការ​សិក្សា បើ​កូនក្មួយ​ត្រូវ​បន្ត​ការ​សិក្សា​យក​ថ្នាក់ខ្ពស់​ថែម​ទៀត គឺ​មិន​ចាំបាច់​វិល​ទៅ​ប្រទេស​វិញ​ឡើយ គឺ​អាច​នៅ​បន្ត​ការ​សិក្សា​បាន បើ​មាន​អាហារូបករណ៍​សិក្សា​បន្ត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជម្រាប​កូនក្មួយ​អំពី​ស្ថិរភាព​នយោបាយ សង្គម សេដ្ឋកិច្ច​ដែល​កំពុង​ជំរុញ​ដល់​ការ​រីក​លូតលាស់​នៃ​ប្រទេស​ជាតិ ។ ទន្ទឹម​នឹង​នេះ​ចំណូល​ពន្ធ​ក៏​មានការ​កើនឡើង​គួរ​ជាទី​មោ​ទ​នៈ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ