ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាប់ដៃ​ដែក​បំបែក​បាន​ក្រុម​សង្គម​ងងឹត​​ចិន​…​ស្តែង​៤​ករណី​ផ្សេង​ៗ​គ្នា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណៈ​ស្នងការ និង​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណៈ​ស្នងការ
និង​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ចំនួន​៤​ករណី​ផ្សេង​ៗ​ពី​គ្នា ដែល​ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ ក្នុង​ការ​បាញ់​សម្លាប់​ប្លន់​យក​ប្រាក់ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ជន​ជា​ឃាតករ​និង​បក្សពួក​បានជា​បន្តបន្ទាប់ ។

លោក​ឧត្តមសេនីយ៍ត្រី បាន​ថ្លែង​បែប​នេះ​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មុន​ពេល​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សំណុំរឿង​ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បំបែក​បាន​ទាំង​៤​ករណី​គឺ​៖

សំណុំរឿង​ទី​១-​ការ​ស្រាវជ្រាវ​និង​បង្ក្រាប​ឃាតកម្ម​គិត​ទុកជា​មុន គឺ​ករណី​បាញ់​សម្លាប់​ទម្លាក់​ពីលើ​រថយន្ត​រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៩​កន្លង​មក នៅ​តាម​ផ្លូវ​មុខ​កាស៊ីណូ​វិមាន​ខ្សាច់​ស ស្ថិត​ក្នុង​ក្រុម​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ករណី​ខាងលើ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​ជនជាតិ​ចិន ។ មុន​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ឡើង​ជិះ​រថយន្ត​របស់​ពួក​គេ​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2k3970 ។

លុះ​ពេល​ជន​រង​គ្រោះ​ចូល​ក្នុង​រថយន្ត​ហើយ ជន​ជា​ឃាតករ​បាន​បាញ់ប្រហារ​ជន​រង​គ្រោះ​តែ​ម្តង គឺ​ឈ្មោះ sun penglong(​ស៊ុន​ផឹង​ឡុ​ង​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​E31​654838 មុខរបរ​អ្នក​នាំ​ភ្ញៀវ​លេងល្បែង​ក្នុង​កាស៊ីណូ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​បាញ់​ចំ​ក្បាល​១​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់ ។ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ដេញចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ភ្លាម​ៗ​គឺ​ម្នាក់​ឈ្មោះ Yang kun​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2883612 មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ម្នាក់​ទៀត​ឈ្មោះ Zhuwenfan ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​គ្មាន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សី​ហនុ ។

ដោយឡែក​ បក្សពួក​ម្នាក់​ទៀត​ជា​ឃាតករ​ដៃដល់​ឈ្មោះ zhang hua​ហៅ​អា​ឈាន់ អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ Ec5107563 កំពុង​យក​អាវុធ​ដែល​បាញ់​សម្លាប់​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ដែល​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច នគរបាល​កំពុង​តែ​បន្ត​ស្វែងរក​ចាប់ខ្លួន ។

ករណី​ទី​២-​ជា​ឃាតកម្ម​គិត​ទុកជា​មុន បាញ់​សម្លាប់​ប្លន់​យក​ប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លារ​រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន នៅ​វេលា​ម៉ោង​១៣​និង​២០​នាទី កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ ២០១៩​កន្លង​មក នៅ​ចំណុច​ផ្ទះសំណាក់​ហ្គូ​ត​ថា​ម​រី​សត​បន្ទប់​លេខ​A121 ស្ថិត​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ករណី​ខាងលើ​ជន​ជា​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​បន្ត​រុករក​រហូត​កំណត់​បាន​សាវតា​ជន​ជា​ឃាតករ​មានឈ្មោះ​zhang​huayu (​ចាង​ហួយ​អុ​ី ហៅ​អា​ឈាន់ អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​Ec5107563 ដោយ​មាន​កិច្ចសហការ​ល្អ​ជាមួយ​កម្លាំង​នគរបាល​ប្រទេស​ចិន​បាន​ចាប់ខ្លួន​ជន​ជា​ឃាតករ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ដោយសារ​តែ​ជន​នេះ​បាន​សម្លាប់​មនុស្ស​នៅ​កម្ពុជា ។ជន​ដៃដល់​នេះ​ក៏​ជា​ជន​ដែល​បាន​បាញ់​សម្លាប់​២​ករណី​ខាងលើ​ផង​ដែរ ។

ករណី​ទី​៣ ការ​បង្ក្រាប​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដែល​សម្លាប់​រួច​កាត់​សាកសព​ជា​៣​កំណាត់​ប្លន់​យក​លុយ​ចំនួន​៧​ម៉ឺន​ដុល្លារ​វាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​កន្លង​មក នៅ​ចំណុច​ហាង​ប្តូរ​ប្រាក់​យីហោ​(​ជាំ​ង​ស៊ូ​) ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បង្ក​ឡើង​ដោយ​ជន​ជា​ឃាតករ​ឈ្មោះ zhouyayun( ចូ​វ​យ៉ា​អុ​ី​ន​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាត​ចិន មុខរបរ​ប្តូរ​ប្រាក់ កាន់​លិខិតឆ្លងដែន​លេខ E05801588 ស្នាក់​នៅ​បណ្តោះអាសន្ន​ហាង​ប្តូរ​ប្រាក់​យីហោ​ខាងលើ ។

ដោយឡែក​ ជន​រង​គ្រោះ​ឈ្មោះ​wu cheng hui (​អ៊ូ​ឈឹង​ហួយ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ប្តូរ​ប្រាក់ កាន់​លិខិតឆ្លងដែន​លេខ Ed7591553 ។ ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ជា​ឃាតករ​កាត់​ជា​៣​កំណាត់ ដែល​កំណាត់​ទី​១​ពី​ក្បាល​ដល់​ចង្កេះ កំណាត់​ទី​២​ពី​ចង្កេះ​ដល់​ជង្គង់ និង​កំណាត់​ទី​៣​ត្រឹម​ជង្គង់​ដល់​បាតជើង​រុំ​ភួយ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិ​ករួច​ដឹក​តាម​រថយន្ត​ទៅ​ប្លុង​ចោល​នៅ​កន្លែង​ផ្សេង​ៗ​ដាច់​ឆ្ងាយ​ពី​គ្នា ។ ក្រោយ​កើតហេតុ​និង​ទទួល​បាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​២៤​ម៉ោង ក៏​បាន​បំបែកសំណុំរឿង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ជា​ឃាតករ ព្រមទាំង​ដកហូត​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ ។

ករណី​ទី​៤ ការ​បង្ក្រាប​ករណី​ឃាតកម្ម​ក្នុង​ការ​បាញ់​សម្លាប់​រួច​រុញ​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​រថយន្ត រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​សេ​តេ ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​ជនជាតិ​ចិន ភេទ​ប្រុស​ចំនួន​៣​នាក់ និង​អ្នកសមគំនិត​ម្នាក់​ទៀត​ភេទ​ស្រី ជា​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​រៀបចំ​គម្រោង​បើករថយន្ត​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A.8653 ទៅ​ហៅ​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី​នៅ​ក្លិប KTV យីហោ​យ៉ា​ហ្សូ​៊​អុ​ី​ហាវ ។

លុះ​ផឹកស៊ី​រួច​ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅ​ក្នុង​គោលបំណង​ចាប់ជំរិត ពេល​ចូល​ដល់​ក្នុង​រថយន្ត​ជន​ជា​ឃាតករ​បាន​ចាប់​ក្រៀក​ជន​រង​គ្រោះ និង​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​មិន​ឲ្យ​ជន​រង​គ្រោះ​ស្រែក តែ​ជន​រង​គ្រោះ​បាន​រើបម្រះ​ខ្លាំង​ទើប​ជន​ជា​ឃាតករ បាន​បាញ់​មួយ​គ្រប់​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ​ទៅ​ម្ខាង ។ ពេល​នោះ​ជន​រង​គ្រោះ​កាន់តែ​រើបម្រះ​ខ្លាំង​បន្ថែម​ទៀត ទើប​ជន​ជា​ឃាតករ​បាន​បាញ់​១​គ្រប់​ទៀត​ត្រង់​ចំណុច​លើ​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​ធ្លាយ​ស្លាប់​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ក៏​រុញ​ទម្លាក់​សាកសព​ចោល​តាម​បណ្តោយ​ផ្លូវ​ខាងលើ​រួច​ក៏​បើករថយន្ត​រត់គេច​ខ្លួន​មក​ដល់​ចំណុច​ខាង​មុខ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ក៏​ប្លុង​រថយន្ត​ចោល​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​រៀង​ៗ​ខ្លួន ។

បន្ទាប់​ពី​ភ្ញាក់ផ្អើល ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​គ្នា​ដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១-​ឈ្មោះ Duoiang (​ឌូ សៀង​) ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​គ្មាន​ស្នាក់​នៅ​មិន​ពិតប្រាកដ (​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា​ជន​រូប​នេះ​ចូល​ស្រុក​ខ្មែរ​តាម​ច្រក​ណា​ទេ ) ។ ២-​ឈ្មោះ Chenmiang( ឈី​ន​ម៉ី​សាំង​) ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​នៅ​ក្នុង​ហាង​KTV លិខិតឆ្លងដែន​គ្មាន ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​១ សង្កាត់​៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក​បក្សពួក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ដែល​បាន​យក​អាវុធ​ខ្លី រត់គេច​ខ្លួន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​បើក​ការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ ពេល​ដែល​សមត្ថកិច្ច​ដឹង​ថា ជនសង្ស័យ​កំពុង​តែ​លាក់ខ្លួន​នៅ​សណ្ឋាគារ​ហ៊ូ​តូ​វ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ពេល​នោះ​ក៏​បាន​ឆែកឆេរ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​គឺ១-​ឈ្មោះ​yixin( អុ​ិ ស៊ី​ន​) ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ EE2334552 ស្នាក់​នៅ​មិន​ពិតប្រាកដ ។ និង​២-​ឈ្មោះ​Chen hao( ឈិ​ន ហាវ​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​គ្មាន ទីលំនៅ​មិន​ពិតប្រាកដ ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​អាវុធ​ខ្លី​១​ដើម​គ្រាប់​ពេញ​បង់ ដែល​ជន​ជា​ឃាតករ​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ ។ បច្ចុប្បន្ន​ជន​ជា​ឃាតករ​ដែល​បាន​ធ្វើ​សកម្ម​ទាំង​៤​ករណី​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ជោគជ័យ​ក្នុង​ការ​បំបែក​សំណុំរឿង​ធំ​ៗ​ទាំង​៤​ខាងលើ​នេះ ដោយសារ​មានការ​សម្របសម្រួល​ផ្នែក​នីតិវិធី​ច្បាប់​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​មានការ​ចង្អុលបង្ហាញ​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​មាន​កិច្ចសហការ​ល្អ​ពី​កម្លាំង​នគរបាល​ជំនាញ​របស់​ស្នងការ​ដ្ឋាន​​​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​យ៉ាងណា​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ដល់​អ្នក​វិនិយោគិន និង​សុវត្ថិ​ភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ៕​

អត្ថបទសរសេរ ដោយ