បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គិតត្រឹមវេលាព្រឹកថ្ងៃទី១៥ ខែតុលានេះ អគ្គិភ័យបានរលត់ទៅវិញនៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៥ ប៉ុន្តែគេមិនទាន់ដឹងពីទំហំខូចខាតទាំងស្រុងនៅឡើយទេ និងបានស្លាប់មនុស្សម្នាក់ក្នុងភ្នក់ភ្លើងផងដែរ ។
ចំណែកលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ផ្ទះពលរដ្ឋដែលរងការខូចសរុប១២ខ្នង ១១ខ្នងខូចខាតទាំងស្រុង ១ខ្នងខូចខាត និងប្រហែល៥០ភាគរយ ។ លោកអភិបាលបន្តថា ករណីអគ្គិភ័យនេះបង្កឡើងដោយរថយន្តកាមរី១គ្រឿងបុករ៉ឺម៉កម៉ូតូកង់បីលក់មីឆា រួចរ៉េចង្កូតទៅបុកទីតាំងបញ្ចូលហ្គាសទើបបង្កជាអគ្គិភ័យកើតឡើង ។
ចំពោះសាកសពដែលឆេះនោះ គេប្រទះឃើញក្នុងភ្នក់ភ្លើងមកទល់ពេលនេះលោកថា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាចសង្ស័យជាស្រី ។ លោកបញ្ជាក់ថា មកទល់ពេលនេះមិនទាន់ដឹងពីទំហំខូចខាតទាំងស្រុងនៅឡើយទេ ព្រោះមន្ត្រី និងសមត្ថកិច្ចកំពុងចុះពិនិត្យ និងសាកសួរលម្អិត ។
បញ្ជាក់ ៖ លំនៅដ្ឋានពលរដ្ឋជាច្រើនខ្នងរងការឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះផង់ នៅជិតពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១៤ តុលានេះ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់ពីរថយន្តមួយគ្រឿងពន្លះគ្នាជាមួយរ៉ឺម៉កម៉ូតូកង់បីលក់មីឆា និងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ទៀត ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តកាមរី១គ្រឿង ដែលបោះពួយមកពីទិសខាងលិចបុករ៉ឺម៉កម៉ូតូកង់បីលក់មីឆា ហើយជ្រុលចង្កូតចូលទៅបុកធុងហ្គាសនៅទីតាំងបញ្ចូលហ្គាសទើបបង្កទៅជាអគ្គិភ័យឆាបឆេះរាលដាលដល់លំនៅដ្ឋានជាច្រើនផ្សេងទៀត ។ ដំបូងមានសំឡេងផ្ទុះធុងហ្គាសគួរឲ្យខ្លាច ហើយធុងហ្គាសជាច្រើនបានឆាបឆេះ ។
រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងនគរបាលស្រុកអូរជ្រៅ និងក្រុមហ៊ុនកាស៊ីណូជាច្រើនគ្រឿងជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើននាក់ដឹកនាំផ្ទាល់ដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានអន្តរាគមន៍ជួយពន្លត់ និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ។
ចំណែករថយន្តកាមរីដែលបង្កហេតុ១គ្រឿងបានឆាបឆេះសល់តែគ្រោងឆ្អឹងរថយន្តម៉ាកធុនត្រា របស់គ្រួសារមួយទើបទិញតម្លៃជាង៣ម៉ឺនដុល្លារ ក្លាយជាផេះផង់ និងម៉ូតូសម្ភារអ្នកស្រុករាប់ម៉ឺនដុល្លារក៏ឆាបឆេះខ្ទេចខ្ទី រ៉ឺម៉កម៉ូតូកង់បី១គ្រឿង ដែលពាក់ព័ន្ធក៏ឆាបឆេះខូចខាតអស់ ហើយមានមនុស្សម្នាក់ត្រូវរកឃើញក្នុងភ្នក់ភ្លើងរួញមើលលែងស្គាល់ ។ ម្យ៉ាងផ្ទះដែលឆេះសុទ្ធតែជាតូបលក់ និងនៅលើផ្លូវរទេសភ្លើង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ