រាជធានីភ្នំពេញ ៖ កម្ពុជាបានខាតបង់ថវិកាប្រហែល៣៥០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ខណៈមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៥នាក់និង របួស១៥នាក់ក្នុងមួយថ្ងៃៗ ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងជញ្ជូន ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Pernod Ricard Cambodge និងអង្គការ APIWSA ស្ដីពីគម្រោងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការចុះហត្ថលេខានេះដើម្បី
យកថវិកានេះទៅបណ្តុះបណ្តាលដល់ខេត្តចំនួន៣គឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងសាលាចំនួន៨ ក្នុងគោលបំណងផ្សព្វផ្សាយដល់សិស្ស និស្សិត ឲ្យយល់ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ សព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ជាមធ្យម៥នាក់ក្នុងមួយថ្ងៃ និងរបួស១៥នាក់ក្នុងមួយថ្ងៃ ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ៖ «គ្រោះថ្នាក់ចរាចរណ៍នេះដែរ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី យើងខាតបង់ថវិកាជាតិនិងឯកជនប្រហែល៣៥០លានដុល្លារអាមេរិកក្នុងមួយ ឆ្នាំ ។ ដូច្នេះ ថ្ងៃនេះខ្ញុំអរគុណដល់អង្គការ ក៏ដូចជាក្រុមហ៊ុន ដែលនេះជាលើកទី៣ហើយ ដែលអង្គការនិងក្រុមហ៊ុនបានជួយកម្ពុជាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង»។
លោកទេសរដ្ឋមន្ត្រីថ្លែងថា«ក្រុមហ៊ុនគាត់ លក់ស្រា ប៉ុន្តែមិនហាមទទួលទានស្រាទេ តែត្រូវដឹងថាយើងទទួលទានលើសពីនេះមិនអាចបើកបរបានទេ ។ យើងឲ្យទទួលទានបាន តែបើស្រវឹងសូមកុំបើកបរ ត្រូវដឹងខ្លួនយើង» ។ លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា អង្គការ និងក្រុមហ៊ុន កន្លងមកក៏បានជួយដល់ក្រសួងដូចជា ផលិតស្ប៉ត់ពាណិជ្ជកម្មពីគ្រោះថ្នាក់ចរាចណ៍ ខ្លឹមសារស្ប៉ត់គ្រោះថ្នាក់ចរាចរណ៍ ឪពុកស្លាប់បន្សល់កូនកំព្រា ស្ត្រីមេម៉ាយ។ល។
លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា ការចុះហត្ថលេខាថ្ងៃនេះមានទំហំទឹកប្រាក់៣ម៉ឺនដុល្លារដើម្បីយកទៅធ្វើការផ្សព្វផ្សាយដល់ខេត្តទាំង៣ខាងលើ និងសាលាចំនួន៨ ។ បើសរុបថវិកាអង្គការនិងក្រុមហ៊ុនបានជួយមកក្រសួងមានចំនួន១០ម៉ឺន៣ពាន់ដុល្លារ ក្នុងនោះ៣ពាន់ដុល្លារផ្តល់ទៅក្រសួងអប់រំ ដើម្បីយកទៅធ្វើការផ្សព្វផ្សាយផ្សេងៗ ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឲ្យដឹងដែរថា សម្រាប់ការផ្សព្វផ្សាយឆ្នាំនេះ ក្រសួងនឹងពិនិត្យមើលពីគុណភាពថា តើបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឬអត់ ឬឆ្នាំក្រោយធ្វើស្ប៉ត់ឬយ៉ាងណា ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋត្រូវគោរពច្បាប់ទាំងអស់គ្នា បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា កុំបើកយានយន្តល្មើសច្បាប់ ដោយសារសព្វថ្ងៃនេះជាង៣០% បើកបរមិនគោរពច្បាប់ បើកជែងមិនមើលឲ្យបានត្រឹមត្រូវ មិនគោរពសិទ្ធិគ្នា ប្រើគ្រឿងស្រវឹង ហើយភាគច្រើនអ្នកដែលស្លាប់ជាង៧០%គឺមិនពាក់
មួកសុវត្ថិភាព ។ អីុចឹង សូមពាក់មួកសុវត្ថិភាពហើយបងប្អូនត្រូវគោរពច្បាប់ជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ។លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែឧបសគ្គនោះគឺគ្រោះថ្នាក់ចរា
ចរណ៍បន្សល់ទុកកុមារកំព្រា ស្ត្រីមេម៉ាយ ។ល។
យានយន្តត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ(ឆៀក) ដោយកុំធ្វេសប្រហែស ដូចជាកង់ឡានអត់ក្រឡា ភ្លើងមិនភ្លឺ ហ្វ្រាំងជាន់មិនស៊ីជាដើម ។ទោះជាយ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រីបានអះអាងថា ក្រសូងធ្វើការផ្សព្វផ្សាយតែខេត្ត៣ខាងលើនេះ ព្រោះមានគ្រោះថ្នាក់ចរាចណ៍ច្រើន ។ដូច្នេះបណ្តាខេត្តផ្សេងទៀតមិនទាន់មានការផ្សព្វផ្សាយនោះទេ តែនឹងធ្វើការផ្សព្វផ្សាយនៅពេលក្រោយ បើមានថវិកា ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ