លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ជាបុគ្គលដ៏ល្បីក្នុងវិស័យអចលនទ្រព្យដែលត្រូវបានប្រជាជនអាមេរិកជ្រើសរើសឲ្យធ្វើជាប្រធានាធិបតីទី ៤៥ ។ លោកបានអួតអាងពីទ្រព្យសម្បត្តិ១០ប៊ីលានដុល្លាររបស់លោកម្តងហើយម្តងទៀត ប៉ុន្តែ Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោកមានតែ ៣.១ប៊ីលានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៨ ។ យ៉ាងណាក្តី លោកនៅតែជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដដែល ។
ឪពុករបស់លោកគឺលោក ហ្វ្រេឌ្រីក ក្រីសត៍ ត្រាំ (Fredrerick Christ Trump) បានកសាងទ្រព្យសម្បត្តិពីការសាងសង់ និងលក់ផ្ទះសម្រាប់កងយោធាអាមេរិក និងក្រុមគ្រួសាររបស់ពួកគេកាលពីសង្គ្រាមលោកលើកទីពីរ ។ បន្ទាប់ពីលោកទទួលមរណភាពក្នុងឆ្នាំ១៩៩៩ ហើយលោក ត្រាំ ទទួលបានកេរ្តិ៍តំណែលជាថវិកាប្រមាណ២០លានដុល្លារ មុននឹងលោក និងបងប្អូនលក់អចលនទ្រព្យរបស់ឪពុកបានប្រមាណ៥០០លានដុល្លារទៀតក្នុងឆ្នាំ២០០៣ ។ ប៉ុន្តែឪពុករបស់លោកប្រធានាធិបតី ត្រាំ ដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់កូនលោកដោយផ្តល់ជាប្រាក់កម្ចី និងណែនាំអ្នកនយោបាយឲ្យលោកប្រធានាធិបតី ត្រាំ ជាដើម ។
លោកប្រធានាធិបតី ត្រាំ បានចេញមុខលើទូរទស្សន៍ដំបូងជាតួអង្គកីឡាកាសមួយលើកម្មវិធី Wrestlemania កាលពីទសវត្សរ៍ឆ្នាំ១៩៨០ មុននឹងចាប់ផ្តើមកម្មវិធីទូរទស្សន៍មួយទៀតដែលមានឈ្មោះថា The Apprentice ក្នុងឆ្នាំ ២០០៤ ដែលជួយឲ្យមនុស្សជាច្រើនទទួលស្គាល់លោក ។
យោងតាមឯកសារដែលត្រូវបានចេញដោយក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោកបានឲ្យដឹងថា កម្មវិធីដែលបន្តអស់១០ឆ្នាំនេះរកថវិកាឲ្យលោក ត្រាំ ដល់ទៅ២១៤លានដុល្លារ ។ ក្រៅពីកម្មវិធីទូរទស្សន៍ហើយ មនុស្សដទៃចាប់ផ្តើមស្គាល់លោកច្រើនតាមរយៈសៀវភៅ The Art of the Deal ដែលបានចេញលក់កាលពីខែវិច្ឆិកាឆ្នាំ ១៩៨៧ ។ លោកក៏បានចេញសៀវភៅមួយទៀតដែលមានចំណងជើងថា Cripple America: How to Make America Great Again នៅខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលជួយឲ្យលោករកបានចំណូលរវាង១លានទៅ៥លានដុល្លារ ។
ពេលដែលឈ្មោះរបស់លោកត្រូវបានមនុស្សទទួលស្គាល់ហើយ លោកបានចាប់ផ្តើមលក់ឈ្មោះខ្លួនសម្រាប់ប្រេនធំៗដូចជា Coca-Cola និង Nike ជាដើម ។ យោងទៅតាម Forbes បានឲ្យដឹងថា កាលពីឆ្នាំ ២០១៤ លោកបានរកប្រាក់ចំណូលពីការលក់ឈ្មោះឲ្យទៅប្រេនធំៗនេះដល់ទៅ៣.២៥លានដុល្លារ ។
ក្រៅពីនេះហើយ លោកក៏ចាប់ផ្តើមយកថវិកាពីការឡើងនិយាយតាមសិក្ខាសាលា និងកម្មវិធីដទៃដែរ ។ រវាងខែឧសភា ឆ្នាំ២០១៤ ដល់ខែមីនា ឆ្នាំ២០១៥ លោកបានដើរធ្វើបទបង្ហាញសម្រាប់កម្មវិធីជាច្រើន និងយកកម្រៃប្រមាណ ៤៥០,០០០ដុល្លារក្នុងការធ្វើបទបង្ហាញមួយ ធ្វើឲ្យលោករកថវិកាសរុបបាន ១.៧៥លានដុល្លារក្នុងកំឡុងពេលនោះ ។
សម្រាប់អាជីវកម្មអចលនទ្រព្យវិញលោកប្រធានាធិបតី ត្រាំ មានអចលនទ្រព្យគ្រប់ទ្រង់ទ្រាយ និងក្នុងវិស័យជាច្រើន ។ ឧទាហរណ៍ដូចជា The Trump Organization មានផ្ទះ និងការិយាល័យរាប់រយយូនីតដែលទទួលបានប្រាក់ចំណូលពីការជួលជាប្រចាំ ។ យោងតាម Forbes បានឲ្យដឹងទៀតថា The Trump Hotel Collection រកប្រាក់ចំណូលបាន ១២៨លានដុល្លារក្នុងឆ្នាំ ២០១៤ ៕
ប្រភព ៖ investopedia , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ