កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប លើក​​ទី​១៣ នៅ​ទីក្រុង​ហា​ឡុ​ង


គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (13th ASEM Customs Directors-General/Commissioners Meeting) ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហា​ឡុ​ង ប្រទេស​វៀតណាម​។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក NGUYEN VAN CAN អគ្គនាយក​នៃ​រដ្ឋបាល​គយ​វៀតណាម ដែល​មានការ​ចូលរួម​របស់​អគ្គនាយក និង​គណៈប្រតិភូ​រដ្ឋបាល​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ី​-​អឺរ៉ុប​សរុប​ប្រមាណ ១១៥​រូប មក​ពី​៤១​ប្រទេស ក្រោម​អ​ធីប​តី​ភាព លោក Do Hoang Anh Tuan អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​, លោក Kunio Mikuriya អគ្គលេខាធិការ​អង្គការ​គយ​ពិភពលោក (WCO) និង​មន្ត្រីជាន់ខ្ពស់​របស់​លេខាធិការដ្ឋាន​សហគមន៍​អឺរ៉ុប (European Commission) ។

លោក​អគ្គលេខាធិការ​អង្គការ​គយ​ពិភពលោក បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ នៅ​ក្នុង​បរិបទ​នៃ​ការ​ថមថយ​សាកល​ភាវូបនីយកម្ម និង​កា​រវិ​វ​ឌ្ឍ​នៃ​តំបន់​អាស៊ី និង​អឺរ៉ុប និង​ប្រធាន​បទ​ថ្មី​មួយ​ចំនួន​ដូច​ជា ៖ ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ឆ្លងកាត់​ព្រំដែន​, ប្រព័ន្ធ​បញ្ជរ​តែ​មួយ​, សហ​ប្រតិបត្តិការ​គយ​-​វិស័យ​ឯកជន​, សន្តិសុខ និង​សុវត្ថិភាព​, និង​ការ​ការពារ​បរិស្ថាន ។​ល​។ អង្គប្រជុំ​បាន​ពិភាក្សា និង​អនុម័ត​លើ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន ៖

១- វឌ្ឍនភាព នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨-២០១៩ ដែល​បាន​អនុម័ត​កាលពី​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ កាលពី​ឆ្នាំ ២០១៧ មាន​ដូច​ជា ៖
i) កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ
ii) ការ​ជម្រុញ​ប្រតិបត្តិការ​គយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម
iii) ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ឆ្លងកាត់​ព្រំដែន
iv) កា​រត​ភ្ជាប់ និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់

v) បញ្ជរ​តែ​មួយ​សម្រាប់​ការ​បញ្ចេញ​ទំនិញ​បាន​រហ័ស​, ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង គ្រប់គ្រង​ហានិភ័យ
vi) ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ត្រួតពិនិត្យ ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្លែងក្លាយ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន មាន​ដូច​ជា​៖ ផលិតផល​គ្រឿងសម្អាង ផលិតផល​អនាម័យ ចំណីអាហារ និង ភេសជ្ជៈ​ជាដើម

vii) ការ​ពង្រឹង​អនុលោម​ភាព​លើ​កញ្ចប់​ប្រៃសណីយ៍ និង
viii) ការ​ជំរុញ​យន្តការ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​សហ​ប្រ​តិ​បត្ត​ការ​គយ​ក្រោម​ក្រប​ខណ្ឌ អាស៊ី​-​អឺរ៉ុប​។

២- កិច្ចប្រជុំ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព ២០១៨-២០១៩ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការងារ​មួយ​ចំនួន​ត្រូវ​បន្ត​អនុវត្ត​ថែម​ទៀត ។ ក្នុង​ន័យ​នេះ កិច្ចប្រជុំ​បាន​ឯកភាព​ដាក់​បញ្ចូល​ការងារ​ទាំងនោះ ក្នុង​ផែនការ​សកម្មភាព​ថ្មី សម្រាប់​ឆ្នាំ​២០២០-២០២១ ដែល មាន​៧​ការដ្ឋាន​ការងារ​គឺ ៖

i) កា​រត​ភ្ជាប់ និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់
ii) ការ​គ្រប់គ្រង តាមដាន និង​អន្តរាគមន៍​គយ​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​និង​ផ្ទេរ​ទំនិញ
iii) ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​តាម​ព្រំដែន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ
iv) បញ្ជរ​តែ​មួយ​សម្រាប់​ការ​បញ្ចេញ​ទំនិញ​បាន​រហ័ស ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង គ្រប់គ្រង​ហានិភ័យ

v) ប្រតិបត្តិការ​គយ​រួម​គ្នា​លើ​ការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ខុសច្បាប់​នូវ​សារធាតុ​គ្រោះថ្នាក់ និង កាក​សំណល់
vi) ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ឆ្លងកាត់​ព្រំដែន
vii) ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​កិច្ចប្រជុំ យន្តការ​ទំនាក់ទំនង​នៃ​សហប្រតិបត្តិការ​គយ ។

អង្គប្រជុំ​ក៏​បាន​ឯកភាព​កំណត់​ប្រទេស​សម្របសម្រួល​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ទាំងនេះ ដែល​ក្នុង​នោះ រដ្ឋបាល​គយ​កម្ពុជា​ទទួល​សម្របសម្រួល​ផែនការ​សកម្មភាព​ទី ៥ ស្ដី​ពី «​ប្រតិបត្តិ​ការ​គយ​រួម​គ្នា​ក្នុង​ការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ខុសច្បាប់​នូវ​សារធាតុ​គ្រោះថ្នាក់ និង​កាក​សំណល់»។

៣- អង្គប្រជុំ​បាន​បញ្ចប់​ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល និង​បាន វាយតម្លៃ​ខ្ពស់​លើ​លទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​កន្លង​មក រវាង​រដ្ឋបាល​គយ​អាស៊ី​-​អឺ​រុ​ប និង​បាន ចេញ​សេចក្តី​ប្រកា​ស​ហា​ឡុ​ង (Ha Long Declaration) ដែល​ឆ្លុះ​បញ្ចាំង​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ព្រមទាំង​ផែនការ​សកម្មភាព​ឆ្នាំ ២០២០-២០២១ ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ